កំពង់ផែតារាសាគរ ត្រៀមបើកដំណើរការសាកល្បង នាពេលឆាប់ៗនេះ!


រដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំស្ដីពី ការបើកដំណើរការកំពង់ផែខ្នាតធំថ្មី នៅក្នុងតំបន់អភិវឌ្ឍន៍តារាសាគរ ខេត្តកោះកុង នាពេលឆាប់ៗខាងមុខនេះ ដើម្បីធានាថាកំពង់ផែតារាសាគរ នឹងបម្រើដល់ការចេញចូល នូវការដឹកជញ្ជូនទំនិញ ទាំងក្នុងប្រទេស និងអន្តរជាតិរាប់ម៉ឺនតោនបាន តាមច្រកសមុទ្រ នៃឈូងសមុទ្រថៃ។

លោកជំទាវ អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំកិច្ចប្រជុំខាងលើ បានបង្ហាញនូវការគាំទ្រដល់ កិច្ចដំណើរការបើកកំពង់ផែ តារាសាគរកម្ពុជា នឹងត្រៀមស្នើសូម គោលការណ៍ពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងសហការជាមួយ ក្រុមហ៊ុនសាងសង់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រួតពិនិត្យនិងវាយតម្លៃ ទីតាំងកំពង់ផែខាងលើ ដើម្បីរៀបចំសំណើរទៅ ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់បទដ្ឋានបច្ចេកទេស ត្រៀមបើកដំណើរការសាកល្បង កំពង់ផែតារាសាគរ ក្នុងពេលឆាប់នេះ។

សូមបញ្ជាក់ថា កំពង់ផែតារាសាគរ ស្ថិតនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ជាកំពង់ផែទឹកជ្រៅ លក្ខណៈអន្តរជាតិ ដែលអាចចេញចូលនូវ នាវាដឹកជញ្ជូនទំនិញរាប់ម៉ឺនតោន នឹងដើរតួនាទីជាកំពង់ផែ សម្រាប់ផ្ទេរ ទុកដាក់ទំនិញ កាន់តែងាយស្រួល និងមានប្រសិទ្ធភាព ជាមួយបណ្ដាខេត្តនៅជាប់ មាត់សមុទ្រប្រទេសកម្ពុជា និងជាមួយបណ្ដាប្រទេស ជិតខាងផងដែរ។

លើសពីនេះទៀត កំពង់ផែតារាសាគរ នឹងជំរុញដល់ការនាំចេញ បម្រើការដឹកជញ្ជូនទំនិញ ទាំងវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងបម្រើដល់ វិស័យទេសចរណ៍ បង្កើននូវសក្ដានុពលនៃខេត្តកោះកុង ស្របពេលដែលអាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ត្រៀមបើកដំណើរការសាកល្បង នៅពាក់កណ្ដាលឆ្នាំ ២០២៣ នេះហើយ។