រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូសម្រាប់ "គម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនឯកជន តភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត" ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុន China Road and Bridge Corporation (CRBC) នៅចំពោះមុខមន្ត្រីរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាច្រើន។
ភាពជាដៃគូឯកជនសាធារណៈ (PPP – Public Private Partnership) ចែកចេញជាពីរផ្នែកធំៗ រួមមាន៖
១/ កិច្ចសន្យា PPP ដែលកំណត់គោលការណ៍សំខាន់ៗ សម្រាប់ការអនុវត្តការសាងសង់ និងដំណើរការផ្លូវល្បឿនលឿន។
២/ ឧបសម្ព័ន្ធពាក់ព័ន្ធ ដែលរៀបរាប់លម្អិតអំពី ការអនុវត្តគោលការណ៍ ដែលបានព្រមព្រៀងជាគោលការណ៍ក្នុងកិច្ចសន្យា។
ទន្ទឹមនឹងនេះ កិច្ចសន្យា PPP នេះក៏ត្រូវបានរៀបចំ និងអនុវត្តក្រោមក្របខណ្ឌនៃច្បាប់ PPP និងឯកសារច្បាប់ជាធរមាន និងផ្អែកលើគោលការណ៍ មិនធានា (non-guarantee) សម្រាប់គម្រោង និងរក្សា (maintain) “ខ” និងលក្ខខណ្ឌនៃកិច្ចសន្យាដូចជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ នេះបើតាមការសម្រេចចិត្ត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានឯកភាពជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខាក្នុងឱកាសនេះ មានប្រវែង ១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង។
គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងសាងសង់ដោយ ទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេល ៤ ឆ្នាំ នៃការសាងសង់ក្រោម ទម្រង់វិនិយោគ Build-Operate-Transfer (BOT) ដូចគ្នាទៅនឹងគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហើយក្រុមហ៊ុននឹង ដំណើរការជាង ៥០ ឆ្នាំមុនការផ្ទេរទៅរាជរដ្ឋាភិបាល។
ដោយឡែក ថវិកាសម្រាប់ការសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងបានមកពីថវិកាជាតិ ដោយកិច្ចសន្យាសាងសង់ ត្រូវបានប្រគល់ជូនក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ ស្ពាននេះដោយឥតគិតថ្លៃ។ ការសាងសង់ស្ពាននេះ ត្រូវបញ្ចប់មុន ឬដំណាលគ្នា នឹងការបើកឱ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្របតាមលក្ខខណ្ឌ “ខ” និងលក្ខខណ្ឌ ដូចមានចែងក្នុងកិច្ចសន្យារបស់ PPP។
ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវតភ្ជាប់ ជាមួយគម្រោងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងបញ្ចប់ ក្នុងពេលជាមួយគ្នា។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតទី២ នឹងបើកការដ្ឋានសាងសង់ ជាផ្លូវការនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក គម្រោងផ្លូវល្បឿនលឿនទី ៣ (Fast Line 3) ភ្នំពេញ-សៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាលទ្ធភាព នៅចុងខែឧសភា ហើយរំពឹងថានឹងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងពេលឆាប់ៗនេះ។