កិច្ចការងារជួលជុល និងតភ្ជាប់ថ្ម ដែលបែកបាក់ គឺជាផ្នែកស្នូលសំខាន់មួយ ក្នុងការជួសជុល ប្រាសាទបុរាណខ្មែរ!


(អជ្ញាធរជាតិអប្សរា)៖ នៅគ្រប់ការដ្ឋានជួសជុល ប្រាសាទបុរាណដែលធ្វើពីថ្មភក់ នៅក្នុងបរិវេណរមណីយដ្ឋានអង្គរ គេតែងឃើញក្រុមអ្នកជំនាញការងារ ជាច្រើនផ្នែកបំពេញការងាររៀងៗខ្លួន យ៉ាងយកចិត្តទុកដាក់។ ក្នុងចំណោមអ្នកជំនាញការងារទាំងនោះ ជំនាញផ្នែកតថ្មប្រាសាទ ដែលបាក់បែក គឺជាផ្នែកសំខាន់មួយ ក្នុងការចូលរួមជួសជុល ប្រាសាទបុរាណដែរ។ ជាក់ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម ក្រុមការងារទទួលបន្ទុក ការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាម កន្លែងដើមរបស់វា។

ក្រុមការងារ អ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងហ្មត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់លម្អ ដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យ ស៊ីគ្នាជាមួយនឹងថ្មចាស់។

បើយោងតាម លោក ភាវ មាច រស់នៅភូមិគោកបេង ជាប្រធានក្រុមជួសជុល និងតថ្មនៅខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គាត់បានបម្រើការងារ ជាអ្នកជួសជុលថ្មប្រាសាទបុរាណនេះ អស់រយៈពេលជាង ១០ឆ្នាំ មកហើយ។ គាត់ពន្យល់ថា នៅតាមការដ្ឋានជួសជុល ប្រាសាទបុរាណតែងមានថ្មបាក់បែកខ្លះ ជាពីរកំណាត់ និងខ្លះទៀតបែកបាក់ ជាច្រើនបំណែក ដូច្នេះ ដើម្បីជួសជុល និងតថ្មដែលបែកបាក់បាន លុះត្រាតែអាចស្វែងរកបំណែកថ្ម ដែលបាក់បែកទាំងនោះឃើញ ទើបយកមកផ្គុំឡើងវិញបាន។

លោក ភាវ មាច ឱ្យដឹងទៀតថា វាជាការពិបាកមួយ ក្នុងការស្វែងរកថ្មប្រាសាទ ដែលបាក់បែកមកជួសជុល ពេលខ្លះអាចរកឃើញតែមួយកំណាត់ ដែលតម្រូវឱ្យតភ្ជាប់ជាមួយថ្មថ្មី។ ការងារតភ្ជាប់ថ្មប្រាសាទ ដែលបាក់បែកនេះទៀតសោត ត្រូវទទួលខុសត្រូវជាច្រើន ដូចជា មុននឹងតថ្ម គឺត្រូវសម្អាតថ្មទាំងនោះជាមុនសិន ពិសេស គឺនៅត្រង់មុខតំណរ ដែលត្រូវភ្ជាប់គ្នា។ បើក្រុមការងារតថ្មមិនបានត្រឹមត្រូវ ក៏ពិបាកពេលយកទៅ ជួសជុលប្រាសាទដែរ។

ដោយឡែក លោក ស៊ី ឌឿន អ្នកភូមិនគរក្រៅ គឺជាអ្នកជួសជុលថ្មម្នាក់ទៀត ឱ្យដឹងថា ការងារតភ្ជាប់ថ្មឡើងវិញ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះរាល់ការជួសជុល ប្រាសាទបុរាណ គឺទាមទារឱ្យមានការយកថ្មចាស់ៗ របស់ប្រាសាទបុរាណ ដែលបាក់បែកទាំងនោះ ទៅដាក់នៅកន្លែងដើមវិញ ដើម្បីរក្សាតម្លៃ និងភាពដើមនៃ សម្បត្តិបេតិកភណ្ឌ។

លោកបន្តថា ការជួសជុលថ្មមួយដុំៗ ដែលបាក់ជាពីរកំណាត់ យ៉ាងណោចណាស់ក៏ត្រូវ ចំណាយពេល២ថ្ងៃដែរ ហើយចំពោះថ្មដែលមាន តែមួយកំណាត់ គឺត្រូវចំណាយពេលពី ៣ទៅ៤ថ្ងៃ ពីព្រោះត្រូវការដាប់មុខថ្មថ្មីផង និងរងចាំឱ្យកាវ និងកំបោរបាយអស្ងួតល្អផង។ លោក ស៊ី ឌឿន បញ្ជាក់ថា បច្ចេកទេសនៃការជួសជុលថ្មនេះ គឺត្រូវតែធ្វើឱ្យថ្មមានភាពរឹងមាំឡើងវិញ មិនងាយស្រួលទេ ដោយក្រុមការងារជួសជុលថ្ម ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង។

បើទោះបីជាការជួសជុលថ្មមានការលំបាកខ្លាំង និងចំណាយពេលវេលាច្រើន ព្រមទាំងត្រូវការប្រើកម្លាំង លើកឡើងចុះដាក់ផ្គុំសាកល្បង ច្រើនលើកច្រើនសារក៏ដោយ ក៏ក្រុមការងារទាំងអស់ មិនដែលត្អូញត្អែរទេ មានតែបង្ហាញការសប្បាយចិត្ត ពីព្រោះថា ក្រៅពីធ្វើការងារបានថវិកា ដើម្បីយកទៅផ្គត់ផ្គង់គ្រួសារ ពួកគាត់ក៏មានមោទនភាព ក្នុងការរួមចំណែក អភិរក្សប្រាសាទបុរាណ ដែលជាកេរមរតកពីដូនតា ក្នុងតំបន់អង្គរនេះ ឱ្យគង់វង្សយូរអង្វែងតទៅមុខទៀត សម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ៕