ប្រាសាទឯកភ្នំ នៅខេត្តបាត់ដំបង កំពុងត្រូវបានរៀបចំកែលម្អឡើងវិញ ដើម្បីបង្កើនសោភណ៌ភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ!


បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ អាជ្ញាធរខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ឋ ចុះពិនិត្យមើលប្រាសាទឯកភ្នំ មុនឈានទៅកែលំអរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គូសសម្គាល់ផងដែរថា ខេត្តបាត់ដំបង ជាខេត្តមានសក្តានុពលទេសចរណ៍ ដ៏ធំមួយ នៅភូមិភាគពាយ័ព្យប្រទេស ដោយសារខេត្តនេះ មានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្ត និងសំណង់បន្សល់ទុកពី សម័យអាណានិគមនិយមបារាំងជាច្រើន។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ខេត្តបាត់ដំបង មានភាពអំណោយផលខ្ពស់ និងមានចំណុចទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរមកពីអឺរ៉ុប ដោយសារពួកគេមក សិក្សាពីសំណង់ប្រវត្តិសាស្រ្ត និងភាពទាក់ទាញរបស់ខេត្តនេះ បានធ្វើឲ្យពួកគេចូលចិត្ត និងបានចាប់ចិត្តមកទស្សនា។

លោកបន្តថា “ខេត្តបាត់ដំបងជា ប៉ូលទេសចរណ៍ដ៏ធំមួយ សម្រាប់តំបន់ភូមិភាគពាយ័ព្យប្រទេស បន្ទាប់ពីខេត្តសៀមរាប បាត់ដំបង ជាខេត្តមួយគួរឲ្យចាប់អារម្មណ៍ និងមានសក្តានុពល ដែលអាចទាក់ទាញ ភ្ញៀវទេសចរកាន់តែច្រើនទៀត នាពេលអនាគត”។

គួររម្លឹកដែរថា តារាហូលីវូដដ៏ល្បីល្បាញ អ្នកនាង អេនជេ លីណាជូលី ដែលទទួលបានសញ្ជាតិកម្ពុជា ផងដែរនោះ បានថតខ្សែភាពយន្ត ទាក់ទងនឹងរបបខ្មែរក្រហម “មុនដំបូងគេសម្លាប់ប៉ាខ្ញុំ” ដោយជ្រើសរើសខេត្តនេះ ជាទីតាំងស្នូលសម្រាប់ថតផងដែរ។

គួរឲ្យដឹងដែរថា ប្រាសាទឯកភ្នំ មានទីតាំងស្ថិតនៅក្នុងឃុំពាមឯក ចម្ងាយ ៧គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯក ខេត្តបាត់ដំបង និងមានចំងាយ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។

ប្រាសាទនេះស្ថាបនាឡើង នៅសតវត្សទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ - ១០៥០) ដើម្បីឧទិ្ទសថ្វាយចំពោះ អាទិទេពនៃព្រហ្មញ្ញសាសនា។

រូបភាពដោយ៖ រដ្ឋបាលខេត្តបាត់ដំបង