កម្ពុជា នឹងព្យាយាមជម្រុញ កំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងអត្រា ៦,៦% នៅឆ្នាំ ២០២៤ ជាមួយនឹងកម្រិតអតិផរណាអាចគ្រប់គ្រងបាន


រាជធានីភ្នំពេញ៖ បើតាមការអះអាងឱ្យដឹងពី អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៥ កក្កដា កន្លងទៅបានឲ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងឆ្នាំ២០២៤ ខាងមុខនេះ នឹងបន្តប្រកាន់ខ្ជាប់នូវ ការអនុវត្តគោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី សម្តៅលើកកម្ពស់ ការបន្តអភិវឌ្ឍន៍ជាតិ ប្រកបដោយបរិយាបន្ន, ជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

អ្នកឧកញ៉ា លឹម ហេង បន្ដថា ក្នុងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចពីទស្សនវិស័យ សេដ្ឋកិច្ចសកល សម្រាប់ឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនល្អ ជាមួយនឹងការថមថយអត្រាអតិផរណា ខណៈឆ្នាំ២០២៣ ជាចំណុចរបត់មួយ ដែលកំណើនសេដ្ឋកិច្ចសកល ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងស្ថានភាពក្រោយវិបត្តិជំងឺកូវីដ-១៩។

ដោយឈរលើមូលដ្ឋាននេះ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ រំពឹងថានឹងសម្រេចបាន ក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិត អាចគ្រប់គ្រងបាន ក្នុងអត្រា ២,៥% និងការរក្សាបាននូវ ស្ថេរភាពអត្រាប្តូរប្រាក់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក។ តាមរបាយការណ៍ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ជុំវិញកំណើនខ្ពស់ និងរឹងមាំនេះ គាំទ្រដោយលទ្ធភាព ក្នុងការសម្របខ្លួន បានទៅនឹង និន្នាការសកល និងតំបន់ដែលបាន នឹងកំពុងលេចឡើង, ការត្រៀមខ្លួន ដោះស្រាយបញ្ហាប្រឈម និងហានិភ័យធំៗ, ការទាក់ទាញ វិនិយោគដែលមាន តម្លៃបន្ថែមខ្ពស់, ភាពអំណោយផលនៃ ទីតាំងភូមិសាស្ត្រ និងភាគលាភប្រជាសាស្ត្រកម្ពុជា, ការទាញប្រយោជន៍ពី ការរីកចម្រើនយ៉ាងរហ័ស នៃឌីជីថលូបនីយកម្ម, ព្រមទាំងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនានា។

បន្ថែមពីនេះអ្នកឧកញ៉ា បានបន្តទៀតថា ជុំវិញការវិនិយោគនេះដែរ ដោយមើលឃើញថា ក្រោយពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កម្ពុជានឹងអាចស្រូបយក ឱកាសវិនិយោគកាន់តែច្រើន ខណៈការបោះឆ្នោតនេះ បានបង្ហាញឱ្យពិភពលោក ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្តកាន់ខ្លាំង ក្នុងការមកបណ្តាក់ ទុនរកស៊ីទទួលទាននៅកម្ពុជា។

ដោយឡែក លោកស្រី កែវ មុំ ប្រធានសមាគម សហគ្រិនស្រ្តីកម្ពុជា បានលើកឡើងដែរថា ចំពោះវិស័យបច្ចេកវិទ្យា ឌីជីថលរូបនីយកម្ម វិស័យបច្ចេកវិទ្យាបាន កំពុងជំរុញផ្លាស់ប្តូរយ៉ាងលឿន ក្នុងនោះសហគ្រិនជាស្រ្តី បាននឹងកំពុងចាប់យក វិស័យនេះផងដែរ សម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្ម ក្នុងការធ្វើពាណិជ្ជកម្មផ្សេងៗ នៅកម្ពុជា។