ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ជំនួយ និងសហការរៀបចំក្រុងអរិយក្សត្រ ឲ្យក្លាយទៅជាទីក្រុង គួរឲ្យចង់រស់នៅ នាពេលអនាគត!


រាជធានីភ្នំពេញ៖ បើយោងតាមប្រភពពី ADB បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងផ្តល់ជំនួយ និងរៀបចំក្រុងអរិយក្សត្រ ឲ្យក្លាយជាទីក្រុង គួរឲ្យចង់រស់នៅ នាពេលអនាគត។

សេចក្តីរាយការណ៍នេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិភាក្សា អំពីការត្រៀមរៀបចំ ឯកសារពាក់ព័ន្ធ សម្រាប់ទុកជាធាតុចូល ដើម្បីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បីរៀបចំផែនការ- គម្រោងសម្រាប់ អភិវឌ្ឍក្រុងអរិយក្សត្រ ឱ្យក្លាយទៅជាទីក្រុងគួរឱ្យចង់រស់នៅ។

កាលពីថ្ងៃទី១០ សីហា កន្លងទៅនេះ លោក ផុន គឹមឡុង អភិបាលរងក្រុងអរិយក្សត្រ បានដឹកនាំកិច្ចប្រជុំ នៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ដើម្បីពិភាក្សាអំពី ការត្រៀមរៀបចំឯកសារពាក់ព័ន្ធ នឹងកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ីADB ក្នុងគោលបំណងប្រមូលនូវ បញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដាសង្កាត់នីមួយៗ សម្រាប់ទុកជាធាតុចូល ដើម្បីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារ ADB ដើម្បីរៀបចំផែនការ-គម្រោង សម្រាប់អភិវឌ្ឍក្រុងអរិយក្សត្រ ឱ្យក្លាយទៅជាទីក្រុង គួរឱ្យចង់រស់នៅ ដោយមានការចូលរួមប្រជុំផ្ទាល់ ពីសំណាក់ លោក សម សិរីពុទ្ធិ នាយករងរដ្ឋបាលសាលាក្រុង លោកស្រី ហង្ស ដាឡែន ប្រធានការិយាល័យលទ្ធកម្ម, លោកស៊ុន ឡាយ ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ និងមន្រ្តីពាក់ព័ន្ឋ ជាច្រើនផងដែរ។

កិច្ចប្រជុំនេះ មានការចូលរួមប្រជុំតាមរយៈប្រព័ន្ធ ZOOM MEETING ពីសំណាក់លោកចៅសង្កាត់ និងលោក-លោកស្រីស្មៀនសង្កាត់ទាំង១១ នៃរដ្ឋបាលក្រុងអរិយក្សត្រ។

គួររម្លឹកដែរថា ក្រុងអរិយក្សត្រត្រូវបាន រាជរដ្ឋាភិបាលបង្កើតឡើង កាលពីពេលថ្មីៗនេះ ជាមួយនឹងទីក្រុងពីរទៀតគឺ ទីក្រុងសំពៅពូន និងទីក្រុងឧត្តមម៉ែជ័យ ស្ថិតក្នុងខេត្តកណ្តាល។

ក្នុងនោះដែរ តំបន់អរិយក្សត្រ បាននឹងកំពុងរីកចម្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកំណើនប្រជាសាស្រ្ត នគរូបនីយកម្ម និងសេដ្ឋកិច្ចនៅមូលដ្ឋាន។