វិមានឯករាជ្យ និងសួនប្រវត្តិសាស្ត្រថ្មី អមដោយទេសភាពស្រស់ត្រកាល ដែលជាកន្លែងស្វែងយល់ ក៏ដូចជាកន្លែងលំហែ នៅខេត្តបាត់ដំបង ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ


បាត់ដំបង៖ កាលពីថ្ងៃទី ១៦ សីហាថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងឲ្យដឹងនាឱកាសនោះថា វិមានឯករាជ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ក្នុងនោះដែរ វិមានឯករាជ្យ បានសាងសង់លើផ្ទៃដីទំហំ ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត ៣៥ម៉ែត្រ កម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន ៣ថ្នាក់ ព្រមទាំងមាន ក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើម។ ដោយឡែក សួនច្បារសម្ដេចក្រឡាហោមវិញ បានសាងសង់លើទំហំដី ១៣ ៨៥០ម៉ែត្រការ៉េ និងចែកជា ៥តំបន់ផងដែរ។

ឯកឧត្តម សុខ លូ បានបន្តឲ្យដឹងបន្ថែមថា តំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ និងសុខសាន្ត, តំបន់រម្លឹកប្រវត្តិសាស្រ្ត, តំបន់នាគសន្តិភាព ឬតំបន់រម្លឹកគុណសន្តិភាព និងតំបន់រង់ចាំ។

លើសពីនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានចាក់ពង្រីកសួនខាងកើត មាត់ស្ទឹងសង្កែបន្ថែមទៀតដែរ។  ដោយឡែក ចំពោះគម្រោង ការកែលម្អសួនធ្នង់ ៥៣ វិញ មានដាំដើមធ្នង់ចំនួន ៥៣ដើម មានកន្លែងអង្គុយ ផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ហើយគម្រោងជួសជុល ចាក់កៅស៊ូជុំវិញវិមានឯករាជ្យ មានទំហំ ១១ ៥៤៣ ម៉ែត្រការ៉េ។

ជាចុងក្រោយ នៅក្នុងពិធីសម្ពោធជាផ្លូវការ នូវសមិទ្ធផលទាំងនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញជំនឿចិត្តថា វិមានឯករាជ្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរ ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូល ក្នុងខេត្តកាន់តែកើនឡើង ព្រមទាំងអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នា ដាំដើមឈើឱ្យបានច្រើន បន្ថែមទៀត។