ពិភពលោក កំពុងឈានទៅប្រឈម កាន់តែខ្លាំងឡើង នៃបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលត្រូវការសកម្មភាពយ៉ាងច្រើន ដើម្បីទប់ស្កាត់និងដំណោះស្រាយ ក្នុងនោះ ការរក្សាធនធានធម្មជាតិ ព្រៃឈើ និងតំបន់អភិរក្ស នឹងរួមចំណែកកាត់បន្ថយ បញ្ហាបម្រែបម្រួលអាកាសធាតុ បានដល់ ៣០% នៅឆ្នាំ២០៥០ បើយោងទៅតាម របាយការណ៍សិក្សា ពីអង្គការសហប្រជាជាតិ។
ចំពោះការថែរក្សា ធនធានធម្មជាតិនិងព្រៃឈើ ព្រៃកោងកាង គឺជារុក្ខជាតិដែលមាន អត្ថប្រយោជន៍ជាច្រើន ក្នុងប្រព័ន្ធអេកូឡូស៊ី មិនត្រឹមតែការផ្ដល់ ជម្រកសម្រាប់សត្វសមុទ្រនិងត្រី ប៉ុណ្ណោះទេ វាថែមទាំងដើរតួនាទី ជារបាំងនៃទឹកជំនន់ធម្មជាតិ សម្រាប់តំបន់ជាប់សមុទ្រ និងទប់ស្កាត់ការប្រែប្រួល អាកាសធាតុទៀតផង។ តាមការស្រាវជ្រាវរយៈពេល ៥០ ឆ្នាំនៃអ្នកវិទ្យាសាស្ត្រ នៅប្រទេសម៉ាឡេស៊ី បានបង្ហាញថា ព្រៃកោងកាង មានសមត្ថភាពស្រូបយក ឧស្ម័នកាបូន បានច្រើនជាងព្រៃឈើ និងព្រៃលិចទឹកធម្មតា ប៉ុន្តែព្រៃកោងកាង ក៏ផ្ទុកនូវឧស្ម័នកាបូនច្រើនផងដែរ ប្រសិនបើត្រូវដុតបំផ្លាញ ឬងាប់ដោយទឹកជំនន់។ ការស្រាវជ្រាវបង្ហាញថា ព្រៃកោងកាងពេញវ័យទំហំ ១ គីឡូម៉ែត្រការ៉េ អាចជួយស្រូប ឧស្ម័នកាបូនពីរថយន្ដចំនួន ៣៥ ០០០ គ្រឿងដែលបានបញ្ចេញ ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ការស្រាវជ្រាវដដែល បានបង្ហាញថា នៅចន្លោះពីឆ្នាំ ១៩៩៦ មកដល់ឆ្នាំ២០២៣ ព្រៃកោងកាងជិត ១០ ០០០ គីឡូម៉ែត្រការ៉េ ត្រូវបានបាត់បង់ នៅជុំវិញពិភពលោក។
ដោយឡែក នៅប្រទេសកម្ពុជា យើងមានព្រៃកោងកាងសរុបចំនួន ៥៨ ៨០០ ហិកតា ក្នុងនោះខេត្តកោះកុង មានច្រើនជាងគេដល់ជិត ៨០% នៃព្រៃកោងកាងសរុប។ របាយការណ៍ពីក្រសួងបរិស្ថាន បានបង្ហាញថា ព្រៃកោងកាង ៤៦ ៥២៩ ហិកតា ស្ថិតនៅក្នុងខេត្តកោះកុង, ៩ ៣៥២ ហិកតា ស្ថិតនៅក្នុងខេត្តព្រះសីហនុ, ១ ៩៦៦ ហិកតា ស្ថិតនៅក្នុងខេត្តកំពត, និង ១ ០០៥ ហិកតា ស្ថិតនៅក្នុងខេត្តកែប។
សម្រាប់ប្រទេសកម្ពុជា ព្រៃកោងកាង បានដើរតួនាទីសំខាន់ ក្នុងការរក្សាទឹកអោយមានសភាពថ្លា បន្សុទ្ធខ្យល់អាកាស ឱ្យមានគុណភាពល្អ ការពារការបាត់ស្រុតឆ្នេរ និងជំនន់ធម្មជាតិ បង្កើតជាសហគមន៍ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថែមទាំងជាជម្រក នៃសត្វសមុទ្រ ដូចជា ក្ដាម បង្កង ងាវ ដែលផ្ដល់នូវផលវារីប្បកម្ម ប្រមាណ ១៥ ០០០ តោន ក្នុងមួយឆ្នាំសម្រាប់ ផ្គត់ផ្គង់ស្បៀងអាហារ។