កម្ពុជា មានតំបន់ប្រាសាទចំនួន ៤ បានចូលបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក និងតំបន់ប្រវត្តិសាស្ត្រចំនួន ៧ ទៀតស្ថិតក្នុងបញ្ជីបណ្ដោះអាសន្ន


បញ្ជីតំបន់សម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវបានបង្កើតឡើងដោយ អង្គការ UNESCO កាលពីឆ្នាំ១៩៧២ ត្រូវបានប្រមូលផ្ដុំ នូវតំបន់វប្បធម៌ និងតំបន់ធម្មជាតិ ដែលត្រូវបានចាត់ទុកជា សម្បត្តិបេតិកភណ្ឌពិភពលោក ដ៏មានតម្លៃ សម្រាប់មនុស្សជាតិទាំងមូល។ ប្រទេសកម្ពុជា ត្រូវបានទទួលសច្ចាប័ន លើអនុសញ្ញា UNESCO World Heritage Convention នេះកាលពីឆ្នាំ ១៩៩១ ដែលគិតមកដល់ឆ្នាំ ២០២៣ យើងបានចុះបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក (World Heritage Site) ចំនួន ៤ តំបន់មកហើយ និងមានតំបន់ប្រវត្តិសាស្ត្រចំនួន ៧ ផ្សេងទៀត ដែលស្ថិតក្នុងបញ្ជី បណ្ដោះអាសន្ននៃអង្គការ UNESCO។

១. តំបន់អង្គរ

តំបន់អង្គរ គឺជាឧទ្យានបុរាណ ធំជាងគេបង្អស់នៅលើពិភពលោក ដែលប្រមូលផ្ដុំដោយ សំណង់ប្រាសាទបុរាណជាច្រើន ក្នុងរាជធានី នៃអាណាចក្រខ្មែរ ចន្លោះពីសតវត្សទី៩ ដល់ទី ១៥ គ្របដណ្ដប់លើផ្ទៃដីជាង ៤០០ គីឡូម៉ែត្រការ៉េ។ ឧទ្យានអង្គរ មិនមែនមានតែ ប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងក្រុម ប្រាសាទដែលស្ថិតនៅ ក្រុងអង្គរធំ ប្រាសាទបាយ័ន ក្រុមប្រាសាទនៅតំបន់បន្ទាយស្រី និងតំបន់រលួស ផងដែរ។ តំបន់អង្គរ ត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ ១៩៩២។

២. ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ ស្ថិតក្នុងចំណោមប្រាសាទភ្នំដ៏ល្អឯក តំណាងកំពូលភ្នំព្រះសុមេរុ សំណង់ប្រាសាទ លាតសន្ធឹងប្រវែង ៨០០ ម៉ែត្រលើជួរភ្នំដងរែក មានកម្ពស់ ៥២៥ ម៉ែត្រពីផ្ទៃដី និងជាតំបន់ដាច់ស្រយាលមួយ ពីរាជធានីអង្គរ មានទេសភាព និងបរិយាកាសប្លែកពី ប្រាសាទដទៃទៀត និងបង្ហាញស្ថាបត្យកម្ម អមដោយចម្លាក់ខ្មែរ យ៉ាងល្អប្រណិត។ ប្រាសាទព្រះវិហារត្រូវបាន កសាងឡើងអំឡុងសតវត្សទី១១ និងទី១២ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ និងសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះសិវ។ តំបន់ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុង សម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០០៨។

៣. តំបន់ប្រាសាទសំបូរព្រៃគុក

តំបន់ប្រាសាទសំបូរព្រៃគុក ជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ចន្លោះពីចុងសតវត្សទី៦ និងដើមសតវត្សទី៧។ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក មានក្រុមប្រាសាទ និងតំបន់បុរាណដ្ឋានសរុបចំនួន ១៨៦ ភាគច្រើនជាប្រាសាទកសាងឡើង ជាពីថ្មឥដ្ឋ ក្នុងរចនាប័ទ្មសំបូរព្រៃគុក សម្រាប់ឧទ្ទិសថ្វាយដល់ ព្រហ្មញ្ញសាសនា។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ជូលក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១៧។

៤. តំបន់ឧទ្យានបុរាណកោះកេរ

កោះកេរ ជាអតីតរាជធានីលិង្គបុរី ឬឆោកគគ៌្យរ ដែលលាតសន្ធឹងលើផ្ទៃដីជាង ៨ ពាន់ហិកតា មានសំណង់ប្រាសាទ និងទីទួលបុរាណចំនួន ៧០ ប្រាសាទ ដែលត្រូវបានកសាងឡើង ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ និងព្រះបាទហាសវរ្ម័នទី២ ចន្លោះពីឆ្នាំ ៩២៨ ដល់ឆ្នាំ ៩៤៤ មានទាំងប្រាសាទកសាងពីថ្មឥដ្ឋ ប្រាសាទកសាងពីថ្មភក់ និងថ្មបាយក្រៀម។ តំបន់ឧទ្យានកោះកេរ មានប្រាសាទមួយដ៏លេចធ្លោ គឺប្រាសាទកោះកេរ ដែលមានរាងសាជី ឬពីរ៉ាមីត ខុសប្លែកពីសំណង់ ប្រាសាទខ្មែរដទៃទៀត មានកម្ពស់ ៣៥ ម៉ែត្រ ចំនួន ៧ ថ្នាក់ (១ ថ្នាក់ ៥ ម៉ែត្រ) បែរទៅទិសខាងលិច និងមានតម្កល់ លិង្គព្រះឥសូរនៅខាងលើ ហើយប្រាសាទនេះ មានឈ្មោះដើមថា លិង្គបុរៈ។ តំបន់ឧទ្យានបុរាណកោះកេរ ត្រូវបានចុះចូលក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា កម្ពុជា មានតំបន់ប្រវត្តិសាស្ត្រចំនួន ៧ ផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជីបណ្ដោះអាសន្ន នៃអង្គការ UNESCO មានដូចជា៖

•    អតីតរាជធានីឧត្តុង្គ
•    ប្រាសាទបឹងមាលា
•    សារមន្ទីរគុកទួលស្លែង និងវាលពិឃាតជើងឯក
•    តំបន់ធម្មជាតិនិងវប្បធម៌ ភ្នំគូលែន
•    ប្រាសាទព្រះខ័នកំពង់ស្វាយ
•    ប្រាសាទបន្ទាយឆ្មារ
•    ប្រាសាទភ្នំដា អតីតក្រុងអង្គរបុរី