កម្ពុជា រំពឹងមានកំណើនសេដ្ឋកិច្ច ៥,៣% ក្នុងឆ្នាំ២០២៣


ការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ ហៅកាត់ថា (AMRO) បានពិនិត្យឡើងវិញពី ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា នៅត្រីមាសទី៣ ឆ្នាំ២០២៣ ឃើញថាសេដ្ឋកិច្ចកម្ពុជា អាចនឹងមាន កំណើនមធ្យមត្រឹម ៥,៣% ពេញមួយឆ្នាំ២០២៣ ដែលបានទម្លាក់ ការព្យាករណ៍ទាបជាងមុន ប៉ុន្តែជាសន្ទុះឡើងខ្ពស់មួយ បើធៀបជាមួយនឹងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ ត្រូវបានមើលឃើញពី ការងើបឡើងវិញនៃ វិស័យទេសចរណ៍ ឧស្សាហកម្មមិនមែន សម្លៀកបំពាក់ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

១. កត្តាសំខាន់ដែលរំខាន កំណើនសេដ្ឋកិច្ចកម្ពុជា

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានទំលាក់ការព្យាករណ៍ ដែលធ្លាប់រំពឹងទុកខ្ពស់ដល់ជិត ៦% កាលពីដើមឆ្នាំ២០២៣ ប៉ុន្តែត្រូវបានទម្លាក់ មកត្រឹមកំណើន ៥,៣% វិញនៅត្រីមាសទី៣ នេះដោយសារតែការថយចុះ នៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ បូករួមការនៅនឹងទ្រឹង វិស័យសំណង់ និងអចលនទ្រព្យ។ លោកបណ្ឌិត Kouqing Li នាយកនៃការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO) ក្នុងជំនួបជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កម្ពុជាគួរតែផ្ដួចផ្ដើម រៀបចំកញ្ចប់ថវិកា ដើម្បីបង្កើនភាពធន់ ទៅនឹងហិរញ្ញវត្ថុសាធារណៈ ពង្រឹងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ ការប្រកួតប្រជែង។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអណត្តិនេះ បានផ្ដល់អាទិភាព ដល់ភាពធន់វិស័យសំខាន់ៗចំនួន ៥ នៅកម្ពុជា គឺស្ថាប័នសាធារណៈ សេដ្ឋកិច្ច សង្គម ប្រព័ន្ធហិរញ្ញវត្ថុ និងបរិស្ថាន។

២. សេដ្ឋកិច្ចកម្ពុជា នាពេលអនាគត

ទោះបីជារំពឹងកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះទាបជាងការរំពឹងទុក ប៉ុន្តែស្ថិតនៅក្នុង សន្ទុះមួយវិជ្ជមាន និងបង្ហាញពីភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា ដោយត្រូវការផ្លាស់ប្ដូរ របត់មួយចំនួន មិនពឹងផ្អែកលើឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ខ្លាំងដូចមុនទេ។ កំណើនសេដ្ឋកិច្ចឆ្នាំនេះ ត្រូវរំពឹងលើឧស្សាហកម្ម មិនមែនកាត់ដេរ វិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ហើយកម្ពុជា គួរតែពង្រឹងភាពធន់ លើវិស័យសំខាន់ៗដើម្បីភាពចម្រុះ ស្ថិរភាព និងកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន និងតទៅអនាគត ប្រកបដោយចីរភាព។