ស្ពានកោះពេជ្រ-កោះនរា ត្រូវបានបើកការធ្វើដំណើរបណ្ដោះអាសន្ន ចាប់ពីថ្ងៃ ២០ តុលានេះ និងគ្រោងសម្ពោធជាផ្លូវការ នៅខែវិច្ឆិកាខាងមុខ!


ក្រុមហ៊ុន OCIC បានសម្រេចដាក់ប្រើប្រាស់ ជាបណ្ដោះអាសន្ន នូវស្ពានបេតុងខ្សែកាប ឆ្លងទន្លេបាសាក់ តភ្ជាប់តំបន់អភិវឌ្ឍន៍កោះពេជ្រ និងកោះនរា សម្រាប់សម្រួលដល់ ការធ្វើដំណើរប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើការក្នុងតំបន់ច្បារអំពៅ កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផលលំបាករាល់ ការធ្វើដំណើរតាមសាឡង់ផងដែរ។ គម្រោងស្ពានខ្សែកាបនេះ នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុនព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។

ក្រោយពីបានបើកការដ្ឋាន សាងសង់អស់រយៈពេល ៣ ឆ្នាំ សមិទ្ធផលស្ពានបេតុងខ្សែកាប កោះពេជ្រ-កោះនរា បានចាប់ផ្ដើមដាក់អោយ ប្រើប្រាស់ជាបណ្ដោះអាសន្នហើយ ក្រោយការតភ្ជាប់ តួស្ពានបានរួចរាល់ ១០០% ការអ៊ុតកៅស៊ូលើបេតុង និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវតភ្ជាប់ស្ពាន។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ក្រុមហ៊ុន OCIC បើកការធ្វើដំណើរបណ្ដោះអាសន្ន កាលពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ សម្រាប់សម្រួលការធ្វើដំណើរ ទៅកាន់ស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ ហើយមកទល់ពេលនេះ ក្រុមហ៊ុនទទួលបន្ទុកសាងសង់ បានពន្លឿនការងារសេសសល់ និងសម្រេចបើក ការធ្វើដំណើរបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះតទៅ។

សូមបញ្ជាក់ថា ស្ពានបេតុងខ្សែកាប កោះពេជ្រ-កោះនរា ត្រូវបានចំណាយថវិកា សាងសង់ប្រមាណ ៣៨ លានដុល្លារ បើកការដ្ឋានសាងសង់ ចាប់ពីខែតុលា ឆ្នាំ២០២០ ដែលស្ពាននេះមានប្រវែងសរុប ៨៤២ ម៉ែត្រ (បូករួមទាំងផ្លូវតភ្ជាប់តួស្ពាន) ទទឹងទំហំ ២៤,៥ ម៉ែត្រ អាចបើកបរបាន ៤ គន្លងរថយន្ដ (២ ទៅ ២ មក) និង ២ គន្លងម៉ូតូ ព្រមទាំងមានផ្លូវថ្មើជើង។ ស្ពានខ្សែកាបនេះ បានទាញតំបន់ច្បារអំពៅ និងតំបន់អភិវឌ្ឍន៍កោះនរា កាន់តែកៀកចូល កណ្ដាលរាជធានីភ្នំពេញ កាត់បន្ថយការធ្វើដំណើរ កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ប្រទាក់ក្រឡាការអភិវឌ្ឍន៍ ទាក់ការវិនិយោគ ជួយដល់សេដ្ឋកិច្ចជាតិផងដែរ។