គម្រោងអភិវឌ្ឍទីក្រុងរណប “កោះនរា” ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខ ជាមួយនឹងការចំណាយប្រមាណ ៥៥០ លានដុល្លារ ខណៈគម្រោងទាំងមូល គ្រោងប្រើទុនវិនិយោគ ២,៥ ពាន់លានដុល្លារ


ភ្នំពេញ៖ បើយោងការលើកឡើងរបស់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ ស្ពានសំខាន់២ខ្សែ ភ្ជាប់ទៅក្រុងរណបកោះនរា ដែលមានតម្លៃជិត ៤០លានដុល្លារ កាលពីថ្ងៃទី១៥ វិចិ្ឆកាកន្លងទៅ បានឲ្យដឹងថា គម្រោងអភិវឌ្ឍ ទីក្រុងរណប «កោះនរា» លើទំហំផ្ទៃដី ១២៥ហិកតា ក្រោមទុនវិនិយោគជាង ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងបញ្ចប់ដំណាក់កាលដំបូង ដែលចំណាយប្រមាណ ៥៥០លានដុល្លារ នៅឆ្នាំ ២០២៥។

ជាក់ស្តែង អ្នកឧកញ៉ា បានមានប្រសាសន៍ឲ្យដឹងថា៖ “មកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង៣០០ លានដុល្លាររួចមកហើយ និងគ្រោងចំណាយខ្ទង់ រយលានដុល្លារបន្ថែមទៀត ដើម្បីអាចបញ្ចប់ការកសាង ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅឆ្នាំ ២០២៥ខាងមុខនេះ។”

គួររម្លឹកដែរថា គម្រោងអភិវឌ្ឍន៍កោះនរា ត្រូវបានចាប់ផ្តើមសាងសង់ ចាប់តាំងពីខែមករាឆ្នាំ ២០២០ មកម៉្លេះ ដោយអភិវឌ្ឍលើផ្ទៃដី ប្រមាណ ១២៥ ហិកតា។

បន្ថែមពីនេះ បើផ្អែកលើរបាយការណ៍ ដែលចេញផ្សាយពីក្រុមហ៊ុន OCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា គ្រោងចំណាយថវិកាសរុបប្រមាណ ២,៥ពាន់លានដុល្លារ សម្រាប់ទីក្រុងរណបថ្មីមួយនេះ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋ រស់នៅបានចំនួនប្រមាណ ៥ម៉ឺននាក់។ ចំណែកថវិកាវិនិយោគ ប្រមាណជាង ៥៥០លានដុល្លារ ត្រូវបានចំណាយសម្រាប់ ការវិនិយោគក្នុង ដំណាក់កាលដំបូង នៃគម្រោង។