កញ្ចប់ថវិកាជំនួយថ្មីប្រមាណ ៣០ ម៉ឺនដុល្លារ របស់ជប៉ុន នឹងផ្តល់ជូនកម្ពុជា ក្នុងកិច្ចការងារអភិរក្ស តំបន់រមណីយដ្ឋានសំបូរព្រៃគុក!


ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានពី ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ធ្នូ កន្លងទៅនេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញ នូវតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។

ជាក់ស្តែង គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដែលនឹងផ្តោតលើ ការពង្រឹងសមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាល លើមុខជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ដើម្បីអាចអនុវត្តគម្រោងនេះ បានប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុល តំបន់រមណីយដ្ឋានមួយនេះ។

គូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននឹងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុល អភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុកនេះផងដែរ។

កន្លងមក រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានា ជាច្រើនក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារ ដែលក្នុងនោះបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើ ការងារជួសជុលឡើងវិញដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។

គួររម្លឹកដែរថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិត នៅក្នុងភូមិសំបូរ ឃុំសម្បូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាម បណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រ ពីរាជធានីអង្គរនៃ ខេត្តសៀមរាប មានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ប្រាសាទេនេះសង់លើដី រាបស្មើមានទំហំ ៣ ០០០ ហិកតា ។ រមណីយដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថាឥសានបុរៈពីសម័យនោះជា មជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។