បាងកក៖ បើយោងតាមសារពត៌មាន The Nation បានចុះផ្សាយនាពេលថ្មីនេះថា ភ្ញៀវទេសចរបរទេសមកពី បណ្តាប្រទេស និងដែនដីជាង ៦០ អាចចូលទៅកាន់ប្រទេសថៃ ដោយពុំចាំបាច់មានទិដ្ឋាការ និងអាចស្នាក់នៅ ក្នុងប្រទេសនេះ បានរហូតដល់ ៣០ថ្ងៃ។
ជាមួយគ្នានេះដែរ បើយោងតាមនាយកដ្ឋាន កិច្ចការកុងស៊ុល របស់ក្រសួងការបរទេសថៃ បានឱ្យដឹងថា ប្រទេស និងដែនដីជាង ៦០នោះ រួមមាន ប្រទេសអង់ដូរ៉ា អូស្ត្រាលី អូទ្រីស បែលហ្សិក បារ៉ែន ប្រេស៊ីល ប្រ៊ុយណេ កាណាដា ចិន សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ ឥណ្ឌា ឥណ្ឌូនេស៊ី អៀរឡង់ អ៊ីស្រាអែល អ៊ីតាលី ជប៉ុន កាហ្សាក់ស្ថាន និងប្រទេសជាច្រើនទៀត។
ដោយឡែក បើតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី អ្នកកាន់លិខិតឆ្លងដែនកម្ពុជា និងមីយ៉ាន់ម៉ា អាចចូលស្នាក់នៅប្រទេសថៃ ដោយគ្មានទិដ្ឋាការរយៈពេល ១៤ថ្ងៃ។ យ៉ាងណាចំណាត់ការនេះអនុវត្ត ចំពោះពលរដ្ឋ ដែលចូលទៅកាន់ប្រទេសថៃ តាមរយៈអាកាសយានដ្ឋានអន្តរជាតិ តែប៉ុណ្ណោះ។
ខណៈដែល ជនបរទេស ដែលកាន់លិខិតឆ្លងដែនហុងកុង ឡាវ ម៉ាកាវ ម៉ុងហ្គោលី រុស្សី និងវៀតណាម អាចស្នាក់នៅក្នុងប្រទេសថៃ បានរហូតដល់ ៣០ថ្ងៃ ខណៈជនជាតិអាហ្សង់ទីន ប្រេស៊ីល ឈីលី កូរ៉េខាងត្បូង និងប៉េរូ អាចស្នាក់នៅក្នុងប្រទេសថៃ ដោយគ្មានទិដ្ឋាការរហូតដល់ ៩០ថ្ងៃ។
គួររម្លឹកផងដែរថា រាជធានីបាងកកបានក្លាយជាទីក្រុង ដែលមានអ្នកទស្សនាច្រើនជាងគេបំផុត នៅលើពិភពលោកកាលពីឆ្នាំមុន ដោយមានភ្ញៀវអន្តរជាតិចំនួន ២២,៧៨លាននាក់ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនសាជីវកម្មទូទាត់ប្រាក់ Mastercard ។
បន្ថែមពីនេះ យោងតាមនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នា ដោយអនុញ្ញាតឱ្យ ពលរដ្ឋនៃប្រទេសទាំង២ អាចចូលទៅកាន់ទឹកដីរបស់ពួកគេ ទៅវិញទៅមក ដោយពុំបាច់មាន ទិដ្ឋាការជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ ខែមីនាខាងមុខ ផងដែរ។