ខឿនជណ្ដើរ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី របស់ប្រាសាទអង្គរវត្ត ដែលរងការខូចខាត ដោយកត្តាអាយុកាល និងធម្មជាតិ កំពុងត្រូវបានជួសជុលពង្រឹងឡើងវិញ!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចុះផ្សាយដោយអាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមអ្នកជំនាញរបស់ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគជាន់ផ្ទាល់ដី ផ្នែកខាងលិចនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ។

ជាក់ស្តែង ក្នុងនោះដែរ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ បានឱ្យដឹងថា បង្កាន់ដៃនាគ និងជើងទម្រធ្វើអំពី ថ្មភក់ប្រវែង២២ម៉ែត្រ នៅផ្នែកខាងលិច នៃជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាត ដោយសារកត្តាអាយុកាល ទឹកភ្លៀងហូរច្រោះ បណ្ដាលឱ្យថ្មខឿនញែកចេញពីគ្នា និងធ្វើឱ្យទ្រេតខ្លាំង ប្រឈមនឹងការដួលរលំ។

លោកបុរាណវិទូ បន្ថែមទៀតថា ដើម្បីជួសជុលបង្កាន់ដៃនាគ ជើងទម្រនាគ ឱ្យបានល្អរឹងមាំ និងមានសោភ័ណភាពឡើងវិញ ក្រុមការងារត្រូវលើកបង្កាន់ដៃ និងក្បាលនាគ រុះរើផ្ទាំងថ្ម ដែលជាខឿននៃបង្កាន់ដៃនាគចេញ រួចហើយសម្អាត កម្ទេចដីឱ្យស្អាត។ បន្ទាប់មក ក្រុមការងារត្រូវរៀបចំពង្រឹងគ្រឹះ ដោយបន្ថែមល្បាយដី រៀបថ្មឱ្យអិបចូលគ្នា ជួសជុលខ្លួននាគ ឬឆ្លាក់ថ្មថ្មីជំនួសវិញ ព្រមទាំងជួសជុលជើងទម្រនាគ ឱ្យមានភាពរឹងមាំសិន ទើបរៀបចំដាក់បញ្ចូល តាមកន្លែងដើមវិញ។

គួររម្លឹកដែរថា បង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី នាផ្នែកខាងកើត នៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ក៏ទើបតែត្រូវបាន អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល ជាស្ថាពរកាលពរចុងឆ្នាំ ២០២៣កន្លងមក ផងដែរ។

ប្រភពពី អាជ្ញាធរជាតិអប្សរា