ការចុះបញ្ជីអាជីវកម្មអនឡាញ នៅកម្ពុជា ក្នុងរយៈពេល៤ឆ្នាំ សម្រេចបានជាង ៣៦ពាន់គម្រោងហើយ មានតម្លៃខ្ទង់ ១១,១៣ ពាន់លានដុល្លារ!


ភ្នំពេញ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (OBR) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុម័ត ពាក្យសុំចុះបញ្ជីអាជីវកម្មចំនួន ៣៦.៥០៩ ដែលមានតម្លៃ ៤៦ ពាន់ពាន់លានរៀល (១១,១៣ ពាន់លានដុល្លារ) ក្នុងរយៈពេល ៤ឆ្នាំ ដែលក្នុងនោះ ៣៨% ជាអាជីវកម្មរបស់ស្ត្រី នេះបើយោងតាម របាយការណ៍ចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាក់ស្តែង ក្នុងឱកាសគម្រប់ខួប៤ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃប្រព័ន្ធ OBR កាលពីថ្ងៃ ១៦មិថុនាកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ធ្វើបច្ចុប្បន្នភាពនូវផលិតភាព និងសមត្ថភាពរបស់ប្រព័ន្ធ ដែលបានកំពុងពង្រីកដល់ ដំណាក់កាលទី៣ គឺចាប់តាំងពីត្រឹមការចុះបញ្ជីអាជីវកម្មជាកញ្ចប់ នៅដំណាក់កាលទី១ ឈានដល់ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលគ្របដណ្តប់បន្ថែមដល់ ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ជាដើម។

គូសបញ្ជាក់ដែរថា ប្រព័ន្ធ OBR ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួល និងពន្លឿននីតិវិធី នៃការចុះបញ្ជីអាជីវកម្មសំដៅចូលរួម លើកកម្ពស់បរិយាកាសធុរកិច្ច នៅក្នុងប្រទេសឱ្យប្រសើរឡើង។ លើសពីនេះទៀត ធុរជនក៏អាចស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) នៅលើវេទិកាអនឡាញផងដែរ ក្នុងរយៈពេលត្រឹម ៨ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើពាក្យស្នើសុំនោះ បំពេញបានត្រឹមត្រូវ និងពេញលេញ តាមនីតិវិធីដែលបានកំណត់។

គួររម្លឹកដែរថា ប្រព័ន្ធ OBR បានអនុម័តលើពាក្យស្នើសុំ ចុះបញ្ជីអាជីវកម្មសរុបចំនួន ៣៦.៥០៩ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤  ក្នុងនោះក្រុមហ៊ុនចំនួន ១៣.៧៤៨ មានម្ចាស់អាជីវកម្មជាស្ត្រី ដែលមានចំនួន ៣៧,៦% ដែលធ្វើឲ្យដើមទុន ចុះបញ្ជីសរុបឈានដល់ ៤៦ ទ្រីលានរៀល ឬប្រហែល ១១,១៣ ពាន់លានដុល្លារ។

អនុប្រធានសមាគមពាណិជ្ជកម្មចិនកម្ពុជា លោក ឡោ វិចិត្រ បាននិយាយថា “អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងអាចទទួលបានវិញ្ញាបនបត្រ QIP ដោយទទួលបាន ការលើកទឹកចិត្តពន្ធពិសេសពី ៣ ទៅ៩ ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលវិសាលភាព នៃការវិនិយោគ និងប្រតិបត្តិការគឺស្របតាម វិស័យអាទិភាពដែលកំណត់ ដោយរាជរដ្ឋាភិបាល»។

ក្នុងចំណោមអាជីវកម្មដែលបាន ចុះបញ្ជីតាមប្រព័ន្ធ OBR នោះ គឺថាដើមទុនសរុប បានមកពីការរួមបញ្ចូលគ្នានៃ ឧស្សាហកម្មអាជីវកម្មចំនួន៦ មានដូចជា៖ ]

- ១០,៦១% សម្រាប់វិស័យសំណង់

- ១០,១២% សម្រាប់អចលនទ្រព្យ

- ៩,២០% សម្រាប់សេវាកម្មស្នាក់នៅ

- ៥,៥៥% សម្រាប់ពិគ្រោះយោបល់ផ្នែកគ្រប់គ្រង

- ៥,៣៨% វិនិយោគក្នុងឧស្សាហកម្មកាត់ដេរ

- និង ៥៩,១៤% សម្រាប់សកម្មភាពផ្សេងៗទៀត។