អន្តរជាតិ៖ ដូចដែលយើងធ្លាប់បានដឹងរួចមកហើយថា ប្រាសាទអង្គរវត្ត របស់កម្ពុជា ទទួលបានការបោះឆ្នោត ជាប់ចូលទៅក្នុងតារាងចំណាត់ថ្នាក់ គោលដៅទស្សនាថ្ងៃរះ និងថ្ងៃលិច ល្អបំផុតរបស់ពិភពលោក និងទទួលបានការគាំទ្រច្រើន ពីសំណាក់ភ្ញៀវទេសចរបរទេស ក្នុងការមកកម្សាន្តនូវអច្ឆរិយៈវត្ថុ ដ៏ល្អគ្មានពីររបស់ដូនតាខ្មែរយើង។
ថ្មីៗនេះដែរ បើយោងតាម លទ្ធផលសិក្សាថ្មីពី TripAdvisor ដែលជាវេបសាយដ៏មាន ប្រជាប្រិយភាព របស់ពិភពលោក លើប្រព័ន្ធទេសចរណ៍អន្តរជាតិនោះ បានបង្ហាញឲ្យឃើញពី តារាងគោលដៅថ្មីចំនួន ២៥ ដែលមានភាពទាក់ទាញបំផុត ប្រចាំតំបន់អាស៊ីវិញម្តង។
ជាក់ស្តែង ក្នុងតារាងថ្មីទៀតនេះសោត ក៏មានវត្តមានគោលដៅរបស់កម្ពុជាយើង ចំនួន ៤ នៅក្នុងនោះផងដែរ ដោយប្រាសាទអង្គរវត្ត ឈរនៅចំណាត់ថ្នាក់លេខ ២, ប្រាសាទតាព្រហ្ម លំដាប់ទី ១៩ ប្រាសាទបាយ័ន លំដាប់ទី ២០ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២ ជាដើម។
សម្រាប់ចំណាត់ថ្នាក់លេខ១ វិញបានទៅលើ Garden By The Bay របស់សិង្ហបុរី, Taj Mahal របស់ឥណ្ឌាបានលេខ ៤ ហើយសម្រាប់ប្រទេសថៃវិញ ក៏មាន ៤ ទីតាំងក្នុងតារាងនេះដែរ គឺ Wat Phra Chetuphon បានលេខ៩, Wat Arun បានលេខ១១, Big Buddha Phuket បានលេខ១៣ និង The Grand Palace បានលេខ២៥។
គួររម្លឹកដែរថា ក្នុងឆ្នាំ ២០២៣ កម្ពុជា សម្រេចបានសន្ទុះវិស័យទេសចរណ៍ ខ្ពស់ជាងគេ មុនជម្ងឺរាតត្បាត នៅតំបន់អាស៊ីអាគ្នេយ៍ដល់ទៅ ៨២,៥% ខណៈម៉ាឡេស៊ីសម្រេចបាន ៧៧,២% ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខបី ជាមួយនឹងអត្រានៃការងើបឡើងវិញ ៧១,៧% បន្ទាប់មកគឺសិង្ហបុរី ៧១,៣% និងប្រទេសថៃ ៧០,៤% នេះបើយោងតាម របាយការណ៍របស់ ក្រុមហ៊ុនស្រាវជ្រាវទេសចរណ៍ Outbox Consulting។