វឌ្ឍនភាពគម្រោងស្ដារលើក កម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែង ៥៣,៥៣ គ.ម បច្ចុប្បន្នសម្រេចបាន ៩៦,១០% ហើយ ដោយគ្រោងបញ្ចប់ មុនកិច្ចសន្យាមួយឆ្នាំ!


កំពត៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពីបែកគូស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៦,១០% ហើយ គិតត្រឹមដើម ខែសីហា ឆ្នាំ២០២៤នេះ។

ក្រសួងបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងអាចសម្រេចការសាងសង់រួចរាល់ មុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាព តាមស្តង់ដារបច្ចេកទេសខ្ពស់ ផងដែរ។

ជាក់ស្តែង នៅថ្ងៃ ៨ សីហានេះ ក្រុមការងារត្រួតពិនិត្យដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី PMU/PIU ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនត្រួតពិនិត្យបចេ្ចកទេស WACC ប្រធានមន្ទីសាធារណការ តាកែវ និងកំពត អាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការចូលរួម លើការពិនិត្យពិភាក្សាលើ ដំណើរការសាងសង់ ស្ថានីយជញ្ជីងថ្មីជាមួយក្រុមការងារត្រួតពិនិត្យ ការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ផងដែរ។

ដោយឡែក ការងារអ៊ុតកៅស៊ូACទាំង២ស្រទាប់ បានបញ្ចប់ ១០០% ហើយ។ ចំពោះការងារបំពាក់សម្ភារៈ សុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់បំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះផងដែរ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាព របស់គម្រោង។

របាយការណ៍ក៏បានបន្ថែមផងដែរថា ទន្ទឹមនឹងការចុះពិនិត្យជាប្រចាំ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ តែងបានធ្វើឡើងជាប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុន សម្តៅឱ្យការសាងសង់ប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន