នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ២៦ និងគម្រោងពង្រីកផលិតកម្មចំនួន ២ គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ ៤៤៣ លានដុល្លារ និងអាចបង្កើតការងារ បានជិត ២ ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងដែលមានទីតាំងស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦ គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២២ គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមាន ភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះ រួមមាន៖
១. គម្រោងពង្រីកផលិតកម្មរបស់ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម ១២,៥ លានដុល្លារ និងអាចបង្កើតការងារបាន ២ ៥០៥ កន្លែង។
២. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ មានទីតាំងនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង ៧០ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧០៨ កន្លែង។
៣. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល ដែលមានទីតាំង ស្ថិតនៅភូមិត្រពាំងឆ្លូង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥៥ លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ២៥១ កន្លែង។
៤. គម្រោងវិនិយោគ បង្កើតរោងចក្រផលិតដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច ដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង ៣៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨ ៩១៨ កន្លែង។
៥. គម្រោងវិនិយោគ បង្កើតរោងចក្រកែច្នៃ ផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុល និងអាហារគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង ៣៧ លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ៥៨ កន្លែង
៦. គម្រោងវិនិយោគបង្កើត រោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើ ដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ២៥ លានដុល្លារ និងអាចបង្កើតការងារបាន ១ ១៨៨ កន្លែង។
៧. គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ក្នុងទុនវិនិយោគប្រមាណជាង ២០ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤ កន្លែង។
គួរបញ្ជាក់ផងដែរថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះការវិនិយោគមកពី ប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨% នៃទុនវិនិយោគសរុប ខណៈពេលដែល ការវិនិយោគក្នុងស្រុក គ្របដណ្ដប់ ៣២,៩% នៃទុនវិនិយោគសរុប ប្រទេសជប៉ុន មានចំនួន ៨,៧% ប្រទេសម៉ាឡេស៊ី មានចំនួន ៨,៤% ប្រទេសសិង្ហបុរី មានចំនួន ៧,៣%។
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា