សិង្ហបុរី ឈានមុខគេលើទីក្រុងវៃឆ្លាត នៅអាស៊ីអាគ្នេយ៍ និងលំដាប់ទី៥ លើសកលលោក


របាយការណ៍ចេញពីវិទ្យាស្ថាន Institute for Management Development បានស្រាវជ្រាវពីចំណាត់ថ្នាក់ ទីក្រុងវៃឆ្លាតទាំង ១៤២ ជុំវិញពិភពលោក បង្ហាញថា ប្រទេសស្វីស ស្ថិតនៅចំណាត់ថ្នាក់កំពូល លើតារាងទីក្រុងវៃឆ្លាត គឺទីក្រុង Zurich មានពិន្ទុខ្ពស់បំផុត ស្ថិតនៅចំណាត់ថ្នាក់ទី១ ខណៈនៅតំបន់អាស៊ីអាគ្នេយ៍យើង មានតែសិង្ហបុរីប៉ុណ្ណោះ ដែលស្ថិតនៅតារាងកំពូលនោះ គឺចំណាត់ថ្នាក់ទី៥។

តើទីក្រុងវៃឆ្លាត វាយតម្លៃទៅលើលក្ខខណ្ឌអ្វីខ្លះ?

ទីក្រុងវៃឆ្លាត សំដៅលើទីក្រុងដែលប្រើប្រាស់ព័ត៌មានវិទ្យា IoT (Internet of Things) និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) សម្រាប់អភិវឌ្ឍន៍ និងប្រើប្រាស់លើ សេវាកម្មសាធារណៈ រាប់ចាប់ពីអំពូលវៃឆ្លាត សម្រាប់បំភ្លឺផ្លូវ ទៅដល់មធ្យោបាយដឹកជញ្ជូនសាធារណៈ និងមុខងារជាច្រើនទៀត សម្រួលការរស់នៅក្នុងបរិបទ បដិវត្តន៍ឧស្សាហកម្ម៤.០។ ទីក្រុងវៃឆ្លាត ក៏សំដៅដល់បច្ចេកវិទ្យាសម្រាប់បច្ចុប្បន្ន និងអនាគត លើបណ្ដាញគ្រប់គ្រងទាំងអស់ នៃជីវិតរស់នៅប្រចាំថ្ងៃ ដូចជា ការអភិវឌ្ឍនគរូបនីយកម្ម ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងកាកសំណល់ ដំណោះស្រាយចរាចរណ៍ និងបច្ចេកវិទ្យាទំនើបប្រើប្រាស់ក្នុងទីក្រុងជាដើម។

ក្នុងចំណោមទីក្រុងទាំងអស់ លើពិភពលោក ទីក្រុង Zurich បានពិន្ទុខ្ពស់ជាងគេបំផុត ឈ្មោះជាទីក្រុងវៃឆ្លាត ដែលបានប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ដោះស្រាយ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ចំណែកនៅតំបន់អាស៊ីអាគ្នេយ៍យើងវិញ ទីក្រុងដែលស្ថិតនៅចំណាត់ថ្នាក់ ជាទីក្រុងវៃឆ្លាត មានដូចជា៖

•    ទីក្រុងសិង្ហបុរី ស្ថិតនៅចំណាត់ទី ៥
•    ទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី ៧៣
•    ទីក្រុងបាងកក ប្រទេសថៃ ស្ថិតនៅចំណាត់ថ្នាក់ទី ៨៤
•    ទីក្រុងហាណូយ ប្រទេសវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី ៩៧
•    ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី ១០៣
•    ទីក្រុងហូជីមិញ ប្រទេសវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី ១០៥
•    ទីក្រុងមេដាន ឥណ្ឌូនេស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី ១១២
•    ទីក្រុងម៉ាកាសា ឥណ្ឌូនេស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី ១១៥
•    ទីក្រុងម៉ានីល ហ្វីលីពីន ស្ថិតនៅចំណាត់ថ្នាក់ទី ១១៥

តើធ្វើយ៉ាងណា អាចវិវឌ្ឍខ្លួនទៅជាទីក្រុងវៃឆ្លាត?

ការវិវឌ្ឍន៍ទៅជាទីក្រុងវៃឆ្លាត អាចចាប់ផ្ដើមចេញពី ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ អោយបានទូលំទូលាយក្នុងទីក្រុង ដែលធានាដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយការបញ្ចេញឧស្ម័នពុល រៀបចំប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ឬកាកសំណល់សំរាម និងការធានាដល់បណ្ដាញអគ្គិសនី ប្រើប្រាស់មានតម្លៃទាប ប៉ុន្តែមិនប៉ះពាល់ដល់បរិស្ថាន ជាដើម។

ជំហានបន្ទាប់ ទីក្រុងវៃឆ្លាត ត្រូវមានលក្ខខន្ដិកៈមួយចំនួនដូចជា៖

•    មានហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល ដែលតភ្ជាប់មកកណ្ដាលទីក្រុង
•    ប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ធ្វើអោយប្រសើរឡើងទៅលើបរិស្ថាន និងនិរន្តរភាពទីក្រុង
•    គ្រប់គ្រងបានល្អផែនការ នគរូបនីយកម្មទីក្រុង ធនធានដែលទីក្រុងមាន និងការប្រើប្រាស់ថាមពល ប្រកបដោយប្រសិទ្ធភាព
•    សេវាកម្មដឹកជញ្ជូនសាធារណៈល្អ និងប្រព័ន្ធចរាចរណ៍ល្អ
•    លំហរបៃតង និងទីធ្លារសាធារណៈ បម្រើដល់គុណភាពនៃការរស់នៅ ប្រកបដោយផាសុកភាព។

 

ប្រភព៖ Seasia Stats + National Grid