អគារខ្ពស់មួយ ត្រូវបានសាងសង់ នៅភាគខាងកើតតំបន់ Black Forest ស្ថិតនៅក្នុងចំណោមអគារខ្ពស់បំផុត ក្នុងប្រទេសអាល្លឺម៉ង់ ដែលមានកម្ពស់ដល់ ២៤៥ ម៉ែត្រ ប៉ុន្តែមិនមែនសម្រាប់ មនុស្សរស់នៅទេ ព្រោះវាជាអគារសម្រាប់ ធ្វើតេស្ដបច្ចេកវិទ្យាជណ្ដើរយន្ដ សម្រាប់ប្រើប្រាស់ក្នុងអគារខ្ពស់ៗ របស់ក្រុមហ៊ុន TK Elevator ជាក្រុមហ៊ុនល្បីល្បាញ ដែលបានផលិតជណ្ដើរយន្ដ បំពាក់នៅអគារពាណិជ្ជកម្មពិភពលោក (One World Trade Center) នៅទីក្រុងញ៉ូយ៉ក និងអគារជាច្រើនទៀត ជុំវិញពិភពលោក។
ក្រុមហ៊ុនផលិតជណ្ដើរយោងធំៗ សុទ្ធសឹងតែមានអគារ ដើម្បីធ្វើតេស្ដផលិតផល ជណ្ដើរយន្ដរបស់ខ្លួន ជាក់ស្ដែង ក្រុមហ៊ុន TK Elevator មិនត្រឹមតែមានអគារធ្វើតេស្ដកម្ពស់ ២៤៥ ម៉ែត្រ នៅប្រទេសអាល្លឺម៉ង់នេះទេ ថែមទាំងមានអគារកម្ពស់ ១៣០ ម៉ែត្រ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិចដែរ។ ដោយឡែកក្រុមហ៊ុនជប៉ុន Hitachi មានអគារធ្វើតេស្ដជណ្ដើរយន្ដ ខ្ពស់បំផុតលើលោក ឈ្មោះថា H1 Tower ស្ថិតនៅទីក្រុងក្វាងចូវ ប្រទេសចិន មានកម្ពស់សរុប ២៧៣ ម៉ែត្រ, ចំណែកទី២ គឺក្រុមហ៊ុនចិន Otis មានអគារធ្វើតេស្ដជណ្ដើរយន្ដ កម្ពស់ ២៧០ ម៉ែត្រ ស្ថិតនៅក្រុងសៀងហៃ។ សូមបញ្ជាក់ថា សំណង់តេស្ដជណ្ដើរយន្ដ មិនមែនមានត្រឹមអគារខ្ពស់ឡើយ ជាក់ស្ដែងទីតាំងធ្វើតេស្ដជណ្ដើរយន្ដខ្ពស់បំផុត គឺជាការជីកទៅក្រោមដី ដែលមានជម្រៅ ៣៥០ ម៉ែត្រ ស្ថិតនៅទីក្រុង Tytyri ប្រទេសហ្វាំងឡង់។
សំណង់អគារកាន់តែឡើងខ្ពស់ ជណ្ដើរយន្ដនឹងអភិវឌ្ឍន៍ បច្ចេកទេសកាន់តែទំនើប ស្របទៅតាមសំណង់អគារដែរ ហើយមូលហេតុដែលក្រុមហ៊ុន ត្រូវការសាងសង់ អគារធ្វើតេស្ដជណ្ដើរយន្ដ ដោយសារក្រុមហ៊ុន ត្រូវប្រាកដពីគុណភាពផលិតផលខ្លួន យកទៅបំពាក់នៅ អគារខ្ពស់ជាក់ស្ដែង ព្រោះជណ្ដើរយន្ដជាសរសៃឈាម នៃសំណង់អគារខ្ពស់ យោងតាមសម្ដីរបស់លោក Tomio Pihkala ប្រធានផ្នែកបច្ចេកទេស ជណ្ដើរយន្ដរបស់ក្រុមហ៊ុន Kone ប្រទេសហ្វាំងឡង់ ហើយក្រុមហ៊ុននេះ ក៏ជាអ្នកផ្គត់ផ្គង់ជណ្ដើរយន្ដ នៅអគារ Jeddah Tower ជាអគារខ្ពស់បំផុតលើលោក កំពុងសាងសង់នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត កម្ពស់ ១ ០០០ ម៉ែត្រ និងអគារ Taipei 101 ដែលធ្លាប់ជាអគារខ្ពស់បំផុតលើលោក ចាប់ពីឆ្នាំ២០០៤ ដល់ ២០១០។
លោកបានបន្ថែមថា ការធ្វើតេស្ដជណ្ដើរយោង នៅក្នុងអគារផ្ទាល់ខ្លួន មិនត្រឹមតែបញ្ជាក់ពី គុណភាពប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនុកចិត្ត លើការធ្វើតេស្ដទម្ងន់ និងបច្ចេកទេសថ្មីៗសម្រាប់អភិវឌ្ឍជណ្ដើរយន្ដ ជាក់ស្ដែងបច្ចុប្បន្នជណ្ដើរយន្ដអាចមានល្បឿនលឿនដល់ ៩ ម៉ែត្រក្នុងមួយវិនាទី ឬល្បឿន ៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង ដូចនេះគេមិនត្រូវ ចន្លោះប្រហោងផ្នែកណាមួយឡើយ មិនថាប្រព័ន្ធហ្វ្រាំង ខ្សែកាប គ្រោងឆ្អឹងជណ្ដើរ។
ម្យ៉ាងទៀត អគារជណ្ដើរយន្ដ អាចប្រើប្រាស់សម្រាប់ ទាក់ទាញទេសចរមួយបែប ជាក់ស្ដែងអគារ TK Elevator តែងរៀបចំកម្មវិធី ប្រកួតប្រណាំងឡើងកាំជណ្ដើរ (stair run) ប្រចាំឆ្នាំ ដែលមានមនុស្សចូលរួមជាង ១ ពាន់នាក់ ហើយគេក៏អាចឡើងអគារ TK Elevator នោះមើលទេសភាព នៃតំបន់ Black Forest ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។
ប្រភព៖ CNN Style