សណ្ឋាគារអន្តរជាតិ នៅស្ថានអាវកាសដំបូងគេបំផុតរបស់ពិភពលោក នឹងបើកស្វាគមន៍ភ្ញៀវនៅឆ្នាំ ២០២៥ ខាងមុខ

ទេសចរណ៍ទៅកាន់ស្ថានអាវកាសជាលើកដំបូង នៃប្រវត្តិសាស្ត្រផែនដី ជិតដល់ពេលបើកទំព័រថ្មីហើយ ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សមួយចំនួន បានកំពុងរៀបចំគម្រោងនាំភ្ញៀវរបស់ខ្លួន ឡើងទៅស្ថានអវកាសភ្លក់រស់ជាតិនៃជីវិត ដែលមិនធ្លាប់មានពីមុនមក។ ស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមនេះ មិនត្រឹមតែក្រុមហ៊ុននាំភ្ញៀវទេសចរណ៍ទៅកាន់ស្ថានអាវកាសនោះទេ ដែលមានការធ្វើតេស្ដសាកល្បង និងរកវិធីសាស្ត្រទំនើបៗ ក្នុងការដោះស្រាយបញ្ហា ក្នុងករណីមានរឿងហេតុណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ និងពិសេសបំផុតផងដែរនោះគឺការស្នាក់នៅលើស្ថានអាវកាស ជាបញ្ហាចំបងត្រូវមានដំណើរស្រាយ និងផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

ជុំវិញការនាំយកភ្ញៀវទេសចរណ៍ទៅកាន់ស្ថានអាវកាសនេះ គឺត្រូវមានទីស្នាក់អាស្រ័យសម្រាប់រយៈពេលធ្វើដំណើរ បានជាដូច្នេះហើយទើបបានជា គម្រោងសាងសង់សណ្ឋាគារអាវកាសមួយ នឹងចាប់ផ្ដើមឡើង ស្ថិតក្រោមគម្រោងមូលនិធិ The Gateway Foundation ដែលបានប្រកាសអំពីគម្រោងយក្សរបស់ខ្លួន ក្នុងការស្ថាបនា សាងសង់នូវសណ្ឋាគារអាវកាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយរំពឹងទុកថានឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៥ ខាងមុខ។ គម្រោងនោះត្រូវបានឲ្យដឹងថា មានឈ្មោះ Von Braun Space Station ជាគំនិតផ្ដួចផ្ដើមរបស់អ្នកវិទ្យសាស្ត្ររបស់អង្គការណាសាលោក Wernher Von Braun ភ្ជាប់មកជាមួយនឹង ការប្រើប្រាស់បច្ចេកវិទ្យាដូចគ្នាទៅនឹងស្ថានីយ៍អាវកាសអន្តរជាតិ International Space Station (ISS) ផងដែរ ដែលធានាបាននូវសុវត្ថិភាពសម្រាប់ការស្នាក់នៅ។

គម្រោងសណ្ឋាគារប្រណិតដំបូងគេនៅស្ថានអាវកាសនេះ មិនត្រឹមតែដើរតួជាសណ្ឋាគារលំដាប់ថ្នាក់អន្តរជាតិប៉ុណ្ណោះទេ តែវារាប់បញ្ចូលផងដែរនូវ ភោជនីយដ្ឋាន បារ សាលប្រគុំតន្ត្រី រោងភាពយន្ត បន្ទប់សិក្ខាសាលាជាអាទិ៍ សម្រាប់តម្រូវការជាក់ស្ដែងរបស់អតិថិជន និងមហាសេដ្ឋី ដែលចង់ស្គាល់រស់ជាតិ និងរត់គេចចេញពីភពផែនដី។ សណ្ឋាគារនោះ នឹងសាងសង់ឡើងជារង្វង់ ជាមួយអង្កត់ផ្ចិត ១៩០ ម៉ែត្រ ដែលមានបន្ទប់សរុបទាំងអស់ ២៤ មានលទ្ធភាពទទួលភ្ញៀវចំនួន ១០០ នាក់ក្នុងមួយសប្ដាហ៍ ដែលរចនាបទឌីហ្សាញផ្នែកខាងក្រៅ និងខាងក្នុង គឺស្ថិតក្រោមស្នាដៃរបស់លោក Tim Alatorre ជាមួយនឹងការរំពឹងទុកថា វានឹងផ្ដល់បទពិសោធន៍មិនធ្លាប់មានពីមុនមកដល់មនុស្សជាតិ ពិសេសអ្នកដែលមកដល់ទីនេះជាលើកដំបូងបង្អស់។

យ៉ាងណាក៏ដោយ សម្រាប់កាលបរិច្ឆេទនៃការសាងសង់ ក៏ដូចជាការចំនាយថវិការប៉ុន្មាននោះ ពុំត្រូវបានលាទត្រដាងឲ្យបានដឹងនោះឡើយ គ្រាន់តែថា វានឹងបញ្ចប់ការសាងសង់ និងស្វាគមន៍ភ្ញៀវទេសចរណ៍នៅក្នុងឆ្នាំ ២០២៥ ខាងមុខ