ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា - Air Cambodia ប្រកាសពីការប្រើប្រាស់និមិត្តសញ្ញាថ្មី "សត្វត្រយ៉ង" ចាប់ពីថ្ងៃទី ១៥មករាឆ្នាំ២០២៦ នេះ!


យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនផ្ទាល់៖ ការសម្រេចដាក់ស្លាកសញ្ញាថ្មី លើតួអាកាសយានថ្មីតាមរចនា «សត្វត្រយ៉ង» ជាស្នូល ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈគោលចំនួនបីគឺ "ការការពារ ភាពរឹងមាំ និងការទទួលខុសត្រូវ" ។ ចំណែកអត្តសញ្ញាណពណ៌ ត្រូវបានជ្រើសរើសមានបីពណ៌ ជាមូលដ្ឋានគឺ ពណ៌ខៀវ ក្រហម និងស ដែលតំណាងឱ្យទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះដែរ នៅពេលមានការធ្វើដំណើរហោះហើរ របស់សត្វត្រយ៉ង ស្លាបរបស់សត្វត្រយ៉ង ត្រូវបានរចនាចេញជា ម៉ាស៊ីនអាកាសយាន ដោយមានមុខរណារបឺតខ្យល់ចំនួន១៨ ដែលតំណាង ឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន។

ការទទួលបានការអនុញ្ញាតក្នុងការផ្លាស់ប្តូរ និមិត្តសញ្ញាថ្មី នៃក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ បានបញ្ជាក់ នូវតួនាទីកាន់តែសំខាន់ថែមទៀត លើការបង្ហាញ អត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទាំងមូល ក៏ដូចជាភាពរីកចម្រើននៃ វិស័យអាកាសចរណ៍ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម តាមរយៈ ការដឹកជញ្ជូនតាមផ្លូវអាកាស ផងដែរ។

គូសសម្គាល់ដែរថា ការផ្លាស់ប្តូររចនា លើតួយន្តហោះថ្មី ដែលមានរចនាសត្វត្រយ៉ង នឹងធ្វើឡើងជាមួយនឹង យន្តហោះប្រភេទ ATR72-600 ថ្មីស្រឡាង ដែលទើបនាំចូលយកមកប្រើប្រាស់ពីរោងចក្រផលិតយន្តហោះ នៅប្រទេសបារាំង។

 

ប្រភព៖ Air Cambodia