ដំណឹងល្អ! ប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចជិះរថភ្លើង ទៅខេត្ត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

រថភ្លើង ក្រោយពីបានវិលត្រឡប់មកកាន់ផ្លូវដែក នៃព្រះរាជាណាចក្រកម្ពុជាវិញ មានជាង ៩ ឆ្នាំកន្លងមកនេះ ឃើញថា មានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ថែមទាំងមានការចូលរួមធ្វើដំណើរទៅតាមខេត្តនានា ពីសំណាក់ជនបរទេសផងដែរ ព្រោះវាផ្ដល់នូវបទពិសោធន៍ដ៏ល្អមួយ ដែលយុវវ័យសម័យថ្មី មិនធ្លាប់បានដឹង និងទទួលនូវរសជាតិ។ ជាក់ស្ដែង​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសជាសាធារណមួយ ក្នុងការប្រាប់ជាដំណឹងទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានគោលបំណងធ្វើដំណើរទៅកាន់ស្រុកកំណើត ឬធ្វើដំណើរកំសាន្តទៅកាន់បណ្ដាខេត្ត និងតំបន់មួយចំនួនឲ្យបានជ្រាបថា ការជិះរថភ្លើងគឺពុំមានគិតប្រាក់អ្វីទាំងអស់។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបានចេញផ្សាយឲ្យដឹងថា ប្រជាពលរដ្ឋគ្រប់រូប អាចធ្វើដំណើរតាមរថភ្លើងទៅកាន់គោលដៅសំខាន់ៗចំនួន ៣ ធំៗរួមមានដូចជា៖

  • ភ្នំពេញ ទៅ ពោធិសាត់​ / ពោធិសាត់ មក ភ្នំពេញ
  • ប៉ោយប៉ែត ទៅពោធិសាត់ / ពោធិសាត់ ទៅប៉ោយប៉ែត
  • ភ្នំពេញ ទៅព្រះសីហនុ / ព្រះសីហនុ មក ភ្នំពេញ

ផ្លូវដែកទៅកាន់ទិសដៅទាំង ៣ ខាងលើ មានការកំណត់ពេលវេលាច្បាស់លាស់ គឺម៉ោងចាកចេញធ្វើឡើងនៅម៉ោង ៧:០០ ព្រឹក ដោយឆ្លងកាត់តំបន់សំខាន់ៗដូចបញ្ជាក់ក្នុងរូបភាពខាងក្រោម៖

ការជិះរថភ្លើង Free Free នេះធ្វើឡើងតែរយៈពេល ០៦ ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ខាងមុខ។ ហេតុដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានទិសដៅ ទៅកាន់ខេត្ត ដូចបានបញ្ជាក់ខាងលើ អាចមកជិះរថភ្លើងនៅស្ថានីយ៍ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ ៩៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៧៨ ៨៨៨ ៥៨២ ឬ ០៧៨ ៨៨៨ ៥៨៣។

 

 

 

ប្រភពមកពីក្រសួងសាធារណការ និងដឹកជញ្ជូន