ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន មានប្រវត្តិជាយូលង់ណាស់មកហើយ ដែលជាប្រទេសមានអារិយធម៌ខ្ពង់ខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងអំណាចទឹកដីដ៏ធំល្វឹងល្វើយ នាសម័យកាលប្រវត្តិសាស្ត្រ ដែលយើងអាចដឹងខ្លះៗតាមរយៈខ្សែភាពយន្ត ឯកសារបុរាណ សៀវភៅ កំណត់ត្រាជាដើម។ ជាក់ស្ដែងនាសប្ដាហ៍ក្រោយនេះ រដ្ឋាភិបាលចិន នឹងចាប់ផ្ដើមប្រារព្ធពិធីតាំងពិពណ៌ធំមួយរបស់ខ្លួន ដែលបង្ហាញឲ្យឃើញអំពីស្នាដៃ និងឯកសារបុរាណសំខាន់ៗ ដែលក្នុងអំឡុងពេល ៧០ កន្លងមកនេះ ដែលខ្លួនធ្វើបាន។
ព្រឹត្តិការណ៍ តាំងពិពណ៌អំពីឯកសារបុរាណជាច្រើន និងធំជាងគេមួយនេះ នឹងត្រូវធ្វើឡើងនៅក្នុងវិមាន Millenium Monument នៃទីក្រុងប៉េកាំងប្រទេសចិន ដែលផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូរ និងសមិទ្ធិផលរបស់ប្រទេស ដែលទទួលបាន ក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍សំខាន់មួយនេះ នឹងបើកចំហរ ឲ្យឃើញនូវការទទួលបានជោគជ័យជាច្រើន ក៏ដូចជាការវិវឌ្ឍន៍ខ្លួនរបស់ប្រទេសចិន ដោយកែប្រែពីប្រទេសយក្ស ហើយបានក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅលោកខាងកើត។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងសម្រាប់រយៈពេល ១ សប្ដាហ៍ គិតចាប់ពីថ្ងៃទី ២៣ ខែសីហា ខាងមុខ រហូតដល់ថ្ងៃទី២៩ ខែសីហា ជាមួយនឹងផ្នែកសំខាន់ចំនួន ២ គឺសកម្មភាព ក្រៅប្រព័ន្ធ ដែលនឹងបង្កើនចំណាប់អារម្មណ៍របស់សាធារណៈជន តាមរយៈភាពយន្តជាឯកសារ និងមួយទៀត គឺការចេញផ្សាយនូវស្នាដៃ ដែលត្រូវបានមហាជនទទួលស្គាល់ និងសាទរ ទៅលើសមត្ថភាព ដែលកម្ររកបាន។
លោក Zhang Su អនុប្រធានការិយាល័យ វិទ្យុ និងទូរទស្សន៍ក្រុងប៉េកាំងបានឲ្យដឹងថា “អ្នករៀបចំកម្មវិធីទទួលបានឯកសារចំនួន ១៥៧ និងវីដេអូខ្លីៗគិតចាប់តាំងពីខែឧសភា មកម្លេះ ហើយយើងនឹងធ្វើសេចក្ដីប្រកាសអ្នកឈ្នះក្នុងពិធីនៅថ្ងៃទី២៣ សីហា នេះតែម្ដង ដោយអ្នកឈ្នះនឹងត្រូវបានចុះផ្សារតាមសារព័ត៌មានក្នុងស្រុក រួមទាំងក្នុងប្រព័ន្ធអ៊ិនធឺណិតផងដែរ”។ សម្រាប់រយៈពេល ១ សប្ដាហ៍នេះ អ្នករៀបចំកម្មវិធីរំពឹងទុកថា យ៉ាងហោចណាស់នឹងមានភ្ញៀវចូលរួមព្រឹត្តិការណ៍នេះចំនួន ៣ ម៉ឺននាក់ចូលរួម នៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៥ និងច្រើនជាងនេះ បើគិតសម្រាប់រយៈពេល ៧ ថ្ងៃពេញ។ ព្រឹត្តិការណ៍នេះបើកដោយសេរី ក្នុងការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមានគោលបំណងចង់ស្វែងយល់បន្ថែមអំពី ភាពជោគជ័យរបស់ចិនក្នុងរយៈពេលជាង ៧ ទសវត្ស៍កន្លងមកនេះ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ តាំងពិពណ៌អំពីឯកសារបុរាណ ដែលនឹងមកដល់នាសប្ដាហ៍ក្រោយនេះ គឺជាការប្រព្រឹត្តទៅជាលើកទី៣ ហើយ ដែលលើកទី១ និងលើកទី២ គឺមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជន ព្រោះវាគឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រាប់ទៅដល់យុវជនជំនាន់ថ្មីឲ្យបានដឹងអំពីប្រវត្តិសាស្ត្រ ផលវិជ្ជមាន នៃការទទួលបានជោគជ័យ និងភាពច្នៃប្រឌិតជាអាទិ៍។