សេដ្ឋកិច្ចរបស់ហុងកុង ធ្លាក់ចុះហួសពីការរំពឹងទុកនាត្រីមាសទី ២ នេះ ហើយអាចនឹងដាំក្បាលចុះបន្ថែម

ប៉ុន្មានខែចុងក្រោយនេះ ហុង កុង ជួបបញ្ហាជាច្រើន បន្ទាប់ពីមានវិបត្តិខាងនយោបាយរវាង ហុង កុង និងប្រទេសចិនដីគោករួចមក ហើយមកទល់នឹងពេលនេះ នៅមិនទាន់មានដំណោះស្រាយណាមួយល្អនៅឡើយទេ បើទោះបីជាមានការចេញមុខដោះស្រាយក៏ដោយ ព្រោះកម្លាំងបាតុកម្ម គឺមានការកើនឡើងធំធេង រហូតដល់មានការផ្ទុះហឹង្សា ការវាយប្រហារទៅលើទ្រព្យសម្បត្តិឯកជន សាធារណៈ និងប៉ះពាល់ទៅដល់មុខងារសំខាន់ៗជាច្រើនរបស់រដ្ឋ។ បញ្ហានេះ បានញាំងឲ្យសេដ្ឋកិច្ចរបស់ហុងកុង ដាំក្បាលចុះ នេះបើយោងតាមការចុះផ្សារជាអន្តរជាតិ។

រដ្ឋាភិបាលហុងកុង បាននិយាយកាលពីថ្ងៃសុក្រ ម្សិលមិញនេះថា សេដ្ឋកិច្ចរបស់ហុងកុង បានធ្លាក់ចុះរហូតដល់ទៅ ០,៤% ឯណោះ ក្នុងត្រីមាសទិ ២ ឆ្នាំនេះ ហើយបើប្រៀបធៀបទៅនឹងត្រីមាសមុន តួរលេខដែលបានពិនិត្យឡើងវិញ បានបង្ហាញនូវការធ្លាក់ចុះសេដ្ឋកិច្ច ក្នុងអាត្រាមួយ ដែលហួសពីការរំពឹងទុក។ សេដ្ឋកិច្ចវិទូ របស់រដ្ឋាភិបាល ហុងកុង លោក Andrew Au Sik-hung បាននិយាយដូច្នេះថា “ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរមួយ ដែលមិនធ្លាប់មានពីមុនមក គិតចាប់ពីឆ្នាំ ២០០៩ ដោយក្នុងនោះបាតុកម្ម កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់ផ្នែកទេសចរណ៍ និងសកម្មភាពទាក់ទងនឹងការប្រើប្រាស់ ដែលធ្វើឲ្យសេដ្ឋកិច្ចដាំក្បាលចុះ និងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ទីក្រុងទំនើបមួយនេះបាត់បង់”។ 

លោក Carrie Lam Cheng Yuet-ngor នាយកប្រតិបត្តិបាននិយាយកាលពីដើមខែសីហានេះថា “ភាពចលាចល បានដើរតួយ៉ាងសំខាន់ ក្នុងវបត្តិសេដ្ឋកិច្ចរបស់ទីក្រុង ពីរភាគបួន បន្តបន្ទាប់នៃកំណើនអវិជ្ជមាន ត្រូវបានចាត់ថ្នាក់ជាវិបត្តិសេដ្ឋកិច្ច ដោយបច្ចេកទេស”។ ដោយផ្អែកលើមូលដ្ឋាន ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលក្នុងស្រុកសរុប ត្រូវបានកែលម្អដល់ ០,៥% ពោលគឺទាបជាងការកើនឡើង ០,៦% ដែលខ្លួនបានប្រកាសកាលពីដើមខែនេះ ក្នុងនោះអង្គភាពជម្រុញ ផ្នែកពាណិជ្ជកម្មទីក្រុង រួមជាមួយនឹងក្រុមប្រឹក្សា អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីៗនេះ បានធ្វើការព្យាករណ៍ថា កំណើននៃការនាំចេញផលិតផលទៅក្រៅស្រុកមានចំនួន ៥% បានធ្លាក់មកដល់ត្រឹមតែ ២%។

ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលមិនធ្លាប់មានក្នុងកំឡុងពេល ១០ ឆ្នាំរបស់ហុងកុងនៅពេលនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើ រាល់អាជីវកម្មខ្នាតធំ ហើយក្នុងនោះអាជីវកម្មខ្នាតតូច ដែលភាគច្រើនពឹងផ្អែកទៅលើចំណូលអាជីវកម្មរបស់ពួកគេ នឹងពិបាកនឹងរកប្រាក់ចំណូលបន្ថែម។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់ហុងកុង បានកំពុងរកដំណោះស្រាយសមស្របមួយ ក្នុងការការពារផលប្រយោជន៍របស់ក្រុមហ៊ុនតូចធំជាច្រើន ដូចជាការមិនយកពន្ធទៅលើសហគ្រាសធំៗចំនួន ២៧ សម្រាប់រយៈពេល ១២ ខែ និងដាក់ចូលបន្ថែមនូវគោលនយោបាយថ្មីៗពាក់ព័ន្ធនឹងការខ្ចីប្រាក់ ដែលមានប្រព័ន្ធថ្មី ក្នុងការជួយកាត់បន្ថយបន្ទុករបស់ពលរដ្ឋ ចំនួន ៧ ប្រភេទរួមមានដូចជា កាត់បន្ថយពន្ធលើប្រាក់បៀវត្សបន្ថែមប្រាក់ឧបត្ថម្ភលើសេវាកម្មសង្គម ជួយទៅដល់មនុស្សចាស់ជរា ជនពិការ និងគ្រួសារ ក្រីក្រ ឬស្ថិតក្នុងបន្ទុកធ្វើការងារជាដើម។

សេដ្ឋកិច្ចរបស់ហុងកុងត្រូវបានអ្នកជំនាញធ្វើការសន្និដ្ឋានថា នឹងអាចប្រសើរឡើងវិញបាន បើស្ថានភាពនយោបាយ និងសង្គ្រាមសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចទាំងពីរមានភាពប្រសើរឡើង។

 

ប្រភពមកពីSCMP