ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រមូលផ្ដុំដោយកោះតូចធំជាច្រើន គឺជាប្រទេសដែលមានភាពមម៉ាញឹក ហើយក៏មានចំនួនប្រជាជនច្រើនមិនធម្មតាដែរ ហេតុនេះហើយ មធ្យោបាយធ្វើដំណើរដ៏ល្អមួយគឺធ្វើឡើងតាមរយេៈរថភ្លើង សម្រាប់ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ធ្វើដំណើរទៅកាន់សាលារៀន ស្ថាប័នការងារជាដើម។ ដោយហេតុថា មធ្យោបាយធ្វើដំណើរតាមរថភ្លើង គឺជាដំណោះស្រាយដ៏ប្រសើរមួយ ប្រជាជនឥណ្ឌូនេស៊ីជាទូទៅ តែងតែធ្វើដំណើរតាមរយៈរថភ្លើង ហើយនឹងបន្តដំណើរទៅកាន់គោលដៅ ជាបន្តបន្ទាប់ទៀត កត្តាទាំងនេះ បានធ្វើឲ្យក្រុមហ៊ុនផ្លូវដែក PT Kereta Api Indonesia ហៅកាត់ថា KAI ចាប់ផ្ដើមអនុម័តនូវយុទ្ធសាស្ត្រថ្មីមួយផ្សេងទៀត គឺការអនុញ្ញាតឲ្យអ្នកធ្វើដំណើរអាចដាក់កង់តាមខ្លួនបាន។
យោងតាមប្រភពព័ត៌មានអន្តរជាតិ ដែលចុះផ្សាយដោយការសែតឥណ្ឌូនេស៊ីផ្ទាល់បានឲ្យដឹងថា ក្រុមហ៊ុន KAI ដែលមានភាគហ៊ុនរួមគ្នា ជាមួយនឹងភាគហ៊ុនរបស់រដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ី បានប្រកាស និងអនុម័តនូវគោលនយោបាយថ្មីមួយ ដើម្បីសម្រួលទៅដល់ប្រជាជន ដែលនិយមធ្វើដំណើរតាមរថភ្លើង ដោយអនុញ្ញាឲ្យយកកង់ជិះតាមរថភ្លើងបាន។ ការបើកឲ្យយកកង់ជិះតាមសេវាកម្មរថភ្លើងនេះ នៅមិនទាន់បានទូលំទូលាយនោះទេ មានន័យថា ខ្សែរថភ្លើងគ្រប់តំបន់ នៅទូទាំងផ្ទៃប្រទេស ខ្លះ នៅមិនទាន់បានអនុវត្តគោលការណ៍ថ្មីនេះនៅឡើយទេ ម្យ៉ាងវិញទៀត សម្រាប់ការចាប់ផ្ដើមអនុវត្តនេះ គឺបើកសិទ្ធិឲ្យតែខ្សែរថភ្លើងរបស់ក្រុមហ៊ុននេះអនុវត្តប៉ុណ្ណោះ រួមមានគោលដៅនៅលើកោះ ចាវ៉ា (Java Island) តំបន់អាកាសយានដ្ឋាន នៅកោះ Sumatra ជាដើម។
រាល់អ្នកធ្វើដំណើរ ដែលមានគោលបំណងចង់យកកង់ចូលក្នុងរថភ្លើង គឺត្រូវគោរព តាមលក្ខខណ្ឌសុពលមួយចំនួនរួមមានដូចជា កង់ដែលដាក់ចូលរថភ្លើង មិនត្រូវមានទម្ងន់ធ្ងន់ជាង ២០ គីឡូក្រាម ខណៈរង្វង់កង់មានទំហំតូច ឬស្មើនឹង ២២ អ៊ីញ ជាទំហំកង់មួយតូច ពិសេសត្រូវជាកង់ ដែលអាចកាច់បត់បាន ដើម្បីធានាទៅដល់ភាពងាយស្រួលក្នុងការទុកដាក់ និងបង្ការពីការរំខាន ឬប៉ះពាល់ទៅដល់ទ្រព្យសម្បតិ្តរបស់អ្នកដ៏ទៃ។ ជុំវិញការចាប់ផ្ដើមអនុម័តលើយុទ្ធសាស្ត្រថ្មីនេះ លោក Edy Kuswoyo នាយករងនៃក្រុមហ៊ុនផ្លូវដែក KAI បានឲ្យដឹងដូច្នេះថា “អ្នកធ្វើដំណើរទាំងអស់ ត្រូវដឹងឲ្យច្បាស់ថា រាល់កង់ ដែលដាក់ចូលរថភ្លើង គឺមិនត្រូវបានអនុញ្ញាតឲ្យទុកដាក់នៅក្នុងទីតាំងដឹកអ្នកដំណើរឡើយ គឺត្រូវដាក់ក្នុងការបូប ឬនៅទូររថភ្លើង ដែលបង្កើតឡើងសម្រាប់ដាក់កង់សុតតែម្ដង ដើម្បីធានាបាននូវសុវត្ថិភាពអ្នកធ្វើដំណើរទាំងអស់គ្នា”។
ការអនុញ្ញាតឲ្យនាំកង់របស់អ្នកធ្វើដំណើរតាមរថភ្លើងនេះ គឺជារឿងថ្មីមួយផ្សេងទៀតរបស់ឥណ្ឌូនេស៊ី ហើយស្ថិតក្នុងការចាប់ផ្ដើមដំបូង រាល់ការដាក់កង់ធ្វើដំណើរពីស្ថានីយ៍មួយ ទៅកាន់ស្ថានីយ៍មួយផ្សេងទៀត គឺត្រូវគិតកម្រៃថវិការ អាស្រ័យទៅតាមរយៈចម្ងាយ។ គួរបញ្ជាក់ផងដែរថា ការដឹកកង់តាមរថភ្លើងនេះ នៅមិនទាន់ដាក់ឲ្យអនុវត្តនៅគ្រប់ផ្លូវដែកទូទាំងប្រទេសនៅឡើយទេ តែសេវាកម្មនេះអាចនឹងវិវឌ្ឍន៍ខ្លួនបន្ថែមទៀត បើប្រជាពលរដ្ឋឥណ្ឌូនេស៊ីពេញចិត្តនឹងសេវាកម្មថ្មីមួយនេះ។