កំណាត់ផ្លូវពីរខ្សៃលេខ១៤៦B និងលេខ១៤៨ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ

កំណាត់ផ្លូវពីរខ្សែនៅក្រុងព្រះសីហនុ បានចាប់ផ្ដើមបើកការដ្ឋានជួសជុលឡើងវិញជាផ្លូវការហើយ ស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ អភិបាលខេត្តក្រុងព្រះសីហនុ និងមានការចូលរួមពីណាក់ឯកឧត្ដម លោកជំទាវគណៈប្រតិភូក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋច្រើននាក់។

កំណាត់ផ្លូវដែលបានបើកការដ្ឋានជួសជុលឡើងវិញថ្មីនោះគឺជាផ្លូវលេខ ១៤៦B ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស ដែលមានប្រវែងសរុប ២៤,៥០ គីឡូម៉ែត្រ គិតចាប់ពីថ្នល់បំបែកផ្លូវជាតិលេ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការជួសជុលផ្លូវមួយនេះចែកចេញជា ១០កំណាត់ ដែលមានប្រវែងសរុប ៣,៥៨០ ម៉ែត្រ មានទទឹង ៧ម៉ែត្រ ដោយក្រាលកៅស៊ូបាចថ្មពីរជាន់ ជាប្រភេទ (DBST) ទទួលបន្ទុកអនុវត្តគម្រោងដោយ វិស្វកម្មក្រសួងការពារជាតិ និងចំណាយថវិកាជាតិសរុបប្រមាណ ២.៤៦៧លានរៀល។

ចំណែកឯកំណាត់ផ្លូវលេខ១៤៨ ឬហៅកាត់ថា វិធីសម្ដេតេជោ ហ៊ុន សែន មានប្រវែងសរុប ២៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បំបែក ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥០០ (មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដល់ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏បានចាប់ផ្ដើមជួសជុលឡើងវិញផងដែរ។ កំណាត់ផ្លូវនេះ នឹងជួសជុលដោយចាក់បេតុងសរសៃដែក កម្រាស់ ២៣សង់ទីម៉ែត្រ ទទួលបន្ទុកអនុវត្តដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ដោយចំណាយថវិកាជាតិអស់ប្រមាណ ២,៨៨៨លានរៀល ជាថវិការបស់ជាតិ។ ការជួសជុលកំណាត់ផ្លូវទាំងពិរនេះ គឺជាការជួសជុលបណ្ដោះអាសន្នប៉ុណ្ណោះ ដោយក្រាលកៅស៊ូបាចពីរជាន់ និងជួសជុលត្រង់ចំណុច ដែលមានការខូចខាតខ្លាំងតែប៉ុណ្ណោះ ព្រោះផ្លូវនេះ ក្រសួងបានកំពុងសិក្សាដើម្បីពង្រីក និងលើកកម្ពស់គុណភាពផ្លូវ ពីការក្រាលកៅស៊ូបាចពីរជាន់ (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ឬបេតុងសរសៃដែកវិញ។

ស្ថិតក្នុងពិធីបើកការដ្ឋានជួសជុលថ្មីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “កំណាត់ផ្លូវទាំងពីរខ្សែនេះដើរតួយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន មានលក្ខណៈងាយស្រួល លឿន និងចំណាយតិច ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ ៤ ជាពិសេសការកកស្ទះរថយន្តដឹកជញ្ជូនធុនធ្ងន់”។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ថែមអំពីគម្រោងថ្មីៗទៀតថា “នឹងបន្តការពង្រីក និងលើកម្ពស់គុណភាពផ្លូវជាតិលេខ៣ លេខ៣១ លេខ៣៣ លេខ៤១ លេខ១០ លេខ៤ ស្ពាននានា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម ជាពិសេសគម្រោងអភិវឌ្ឍបន្ថែមផ្លូវនៅក្នុងខេត្តព្រះសីហនុ តួយ៉ាងផ្លូវលេខ១៤៩បេ បំបែកចេញពីផ្លូវជាតិលេខ៤ ត្រង់សាលាឃុំបិត្រាង ឆ្ពោះទៅកាន់រង្វង់មូលតោពីរ និងផ្លូវពីព្រលានយន្តហោះ ឆ្ពោះទៅកាន់រង្វង់មូលតោពីរជាដើម”។ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តឆាប់ៗខាងមុខ ដែលនឹងចំនាយថវិការរាប់លានដុល្លារ ដើម្បីស្ដាមុខមាត់មាត់ក្រុងព្រះសីហនុជាប់តំបន់ឆ្នេឲ្យមានភាពស្រស់បំព្រងឡើងវិញ។

សម្រាប់ការជួសជុលផ្លូវ ២ កំណាត់នេះ នឹងជួយសម្រួលទៅដល់ការដឹកជញ្ជូនជាច្រើនរបស់រថយន្តធនធំ ព្រោះវាគឺជាច្រកសំខាន់មួយក្នុងការដឹកទំនេញចេញពីកំពង់ផែទឹកជ្រៅកំពង់សោម និងកំពង់ផែស្ទុកសាំងផងដែរ។

ប្រភពមកពីក្រសួងសាធារណការ និងដឹកជញ្ជូន