សណ្ឋាគារខ្នាតអន្តរជាតិរបស់អាមេរិក បើការវិនិយោគនៅកោះបាលី ជាមួយកម្រិតស្ដង់ដារទំនើបទាន់សម័យ

សណ្ឋាគារ លំដាប់ថ្នាក់អន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាលស្ថិតនៅសហរដ្ឋអាមេរិក Marriott International បានសម្រេចចិត្ត បោះទុនវិនិយោគ ហើយបានចាប់ផ្ដើមបើកដំណើរការជាផ្លូវការ នូវសាខាសណ្ឋាគារថ្មីមួយទៀតរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅកោះបាលី ខណៈមើលឃើញនូវកំណើនភ្ញៀវទេសចរ និងចំនុចវិជ្ជមានជាច្រើន អាចស្វែងរកប្រាក់ចំនេញបានកាន់តែច្រើន ខណៈរដ្ឋាភិបាលស្វាគមន៍ ការវិនិយោគធំៗខ្នាតអន្តរជាតិបែបនេះ។

សណ្ឋាគារ ដែលទើបតែបើកសម្ភោធជាផ្លូវការនោះមានឈ្មោះហៅជាផ្លូវការ The Four Points by Sheraton Bali Ungasan ត្រូវបានសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងផ្នត់គំនិតច្នៃប្រឌិតខ្ពស់បែបទំនើប និងទាន់សម័យ មានទីតាំងស្ថិតនៅតំបន់ Jimbaran Hill ដែលស្វាគមន៍រាល់ភ្ញៀវទេសចរ ដែលមកកំសាន្ត នៅលើដែកកោះមួយនេះ។ The Four Points by Sheraton Bali Ungasan មានបន្ទប់សរុប ២៧០ បំពាក់មកជាមួយគ្រឿងបរិក្ខាដ៏សំបូរបែប ទំនើបទាន់សម័យ ដូចជាទូរទស្សន៍ ៤៩ អុីញ អុិនធឺណិតល្បឿនលឿន អាងហែលទឹករួម អាងហែលទឹកលក្ខណៈគ្រួសារ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន បាបារាំង វាលលេងបាល់ ដែលអាចផ្ដល់ទីតាំងដល់ភ្ញៀវទេសចរបាន ១,២០០ នាក់។

មិនតែប៉ុណ្ណោះ សណ្ឋាគារលំដាប់ថ្នាក់អន្តរជាតិមួយនេះ ក៏មានទីតាំងសម្រាប់រៀបចំការរៀបអាពាហ៍ពិពាហ៍ផងដែរ ហៅថា Rama Shinta សម្រាប់គូស្នេហ៍ដែលចង់ទទួលបាននូវបទពិសោធន៍ល្អឥតខ្ចោះ ជាមួយនឹងទេសភាពដ៏ត្រកាលនៃធម្មជាតិ ក្នុងមួយជីវិតពួកគេ។ លោក Akhmad Fadholi អ្នកគ្រប់គ្រងទូទៅបានឲ្យដឹងដូច្នេះថា យើងមានសេចក្ដីរីករាយ ក្នុងការបើកសម្ភោធន៍ជាផ្លូវការនូវសណ្ឋាគារ Four Points Bali Ungasan និងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវរបស់យើង ជាលក្ខណៈគ្រួសារ គូរសង្សារ និងអ្នកធ្វើដំណើរម្នាក់ឯង ដែលធ្វើដំណើរកំសាន្តនៅលើដែនកោះបាលីមួយនេះ រួមទាំងអ្នកដែលស្វែងរកផលិតភាពថ្មីៗ និងការបង្កើននូវអនុស្សាវរីយ៍ឲ្យមិនអាចបំភ្លិចបានជាដើម 

ជាមួយនឹងទីតាំងល្អ សណ្ឋាគារនេះផ្ដល់នូវបទពិសោធន៍ល្អ ងាយស្រួលធ្វើដំណើរទៅកាន់តំបន់ និងរមនីយដ្ឋានផ្សេងៗនៅក្បែនោះដូចជា Dreamland ឆ្នេរខ្សាច់ Pandawa និង Garuda Wisnu Kencana ផងដែរ។ រាល់ភ្ញៀវទេសចរណ៍ ដែលត្រៀមទៅលេងនៅបាលី អាចកក់បន្ទប់គេងជាមួយនឹងសណ្ឋាគារ The Four Points by Sheraton Bali Ungasan បានចាប់ពីថ្ងៃនេះតទៅ។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Four Points by Sheraton នេះមានសាខាចំនួន ២៥០ កន្លែង នៅ ៤០ ប្រទេសផ្សេងៗគ្នា ដោយនៅមិនទាន់រាប់បញ្ចូលអចលនទ្រព្យចំនួន ៧,០០០ កន្លែងផ្សេងទៀត។

 

ប្រភពមកពីThe Jakarta Post