ក្រុមហ៊ុន Volocopter ធ្វើការបង្ហាញពីគម្រូចំណតតាក់ស៊ីហោះរបស់ខ្លួន នៅប្រទេសសិង្ហបុរី!

មានតែក្រុមហ៊ុនធំៗតែពីរ ឬបីប៉ុណ្ណោះដែលហ៊ានលេង នៅក្នុងវិស័យហ្គេមបែបអេឡិចត្រូនិក VTOL ប៉ុន្តែក្នុងនោះ មានក្រុមហ៊ុនខ្លះកំពុងតែស្ថិតនៅក្នុងស្ថានភាពមមាញឹកខ្លាំង ទៅលើការបង្កើត និងតេស្តនូវសមិទ្ធផលថ្មីៗរបស់ខ្លួន ក្នុងការបង្ហាញឲ្យពិភពលោកបានឃើញ តួយ៉ាងដូចជាក្រុមហ៊ុនចំណូលថ្មីរបស់អាឡឺម៉ង់ដែលមានឈ្មោះថា Volocopter នេះឯង។ ថ្មីៗនេះក្រុមហ៊ុនបានបង្ហាញគម្រូតាក់ស៊ីហោះដំបូងរបស់ខ្លួនក្នុងទម្រង់ជា Full-scale Prototype ដែលបានឲ្យឈ្មោះថា Voloport ដែលវាក៏ជាស្ថានីយបម្រើសេវាកម្មតាក់ស៊ីហោះ សម្រាប់ទីក្រុងទំនើបនៅក្នុងពេលអនាគតទៀតផង។

ដូចទៅនឹងក្រុមហ៊ុនដទៃដែរ Volocopter មានគោលបំណងក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន និងពេលវេលានៃការធ្វើដំណើរនៅតាមទីក្រុងដោយប្រើតាក់ស៊ីហោះអគ្គិសនី ព្រមទាំងបានបង្កើតឡើងសម្រាប់ការហោះទៅតាមទីតាំងនៃមជ្ឈមណ្ឌលទីក្រុងដែលមមាញឹក ទៅតាមការកំណត់ណាមួយ។ តាកស៊ីហោះស៊េរីថ្មីរបស់ខ្លួនមានទំហំ 18-rotor អាចដឹកមនុស្សបានពីរនាក់ ក្នុងពេលតែមួយ បានក្នុងរយៈចម្ងាយ 35 គីឡូម៉ែត សម្រាប់ថាមពលអាគុយអគ្គិសនីមួយពេញរបស់វា ព្រមទាំងអាចបើកបរបានលឿនបំផុតដល់ទៅល្បឿន 100 គីឡូម៉ែត/ម៉ោង។

បន្ទាប់ពីមានជើងហោះហើរសាកល្បងជោគជ័យ ជាបន្តបន្ទាប់រួចមក ក្រុមហ៊ុន Volocopter បានពង្រីកទិសដៅរបស់ខ្លួន ទៅកាន់ប្រទេសសិង្ហបុរី ក្នុងឆ្នាំ 2018 ហើយបន្ទាប់មកបានប្រកាសផែនការ សាងសង់ស្ថានីយ៍តាក់ស៊ីហោះហើរដំបូងរបស់ខ្លួន នៅទីនោះនៅដើមឆ្នាំនេះ។ ជាផ្នែកមួយនៃ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅទីក្រុងទំនើប ពេលនេះក្រុមហ៊ុនកំពុងបង្ហាញគំរូដំបូង បែប Full-scale របស់ខ្លួន។

ស្ថានីយ៍ Volocopter គឺជាចំណុចកណ្តាលនៃគំរូ VoloPort ដែលក្រុមហ៊ុនពិពណ៌នាថាជា Modular និងអាចសាងសង់លើដំបូល ចំណតរថយន្ត និងស្ថានីយ៍រថភ្លើង។ វានៅមិនទាន់មានព័ត៌មានលម្អិតច្រើននៅឡើយទេ ដោយសារបច្ចេកវិទ្យានេះត្រូវការរយៈពេលរាប់ឆ្នាំទៀតទៅមុខនេះ ក្នុងការអភិវឌ្ឍ និងពង្រីកខ្លួនឲ្យបានកាន់តែធំទូលាយ ថ្វីត្បិតតែបច្ចុប្បន្ន គម្រោងនេះ នៅមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងក៏ដោយ។

ការបង្កើតស្ថានីយ៍ថ្មី នៅក្នុងទឹកដីប្រទេសសិង្ហបុរី គឺជាជំហ៊ានធំ ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត អំពីទិសដៅដែល Volocopter កំពុងធ្វើ។ 

ក្រុមហ៊ុនគ្រោងនឹងធ្វើការហោះហើរសាកល្បងបន្ថែមទៀត ដោយប្រើតាក់ស៊ីហោះដែលទើបនឹងធ្វើការអាប់ដេតរួច មុនពេលឆ្នាំ 2019 នេះត្រូវបានបញ្ចប់ ហើយគោលដៅសម្រាប់ការហោះហើរសាកល្បងនោះ នឹងធ្វើនៅអាកាសយានដ្ឋាន Helsinkiនិងនៅ Stuttgart ប្រទេសអាល្លឺម៉ង់។