អ្នកនឹងទទួលអារម្មណ៍ថាដូចរស់នៅក្នុងពិភព Barbie អញ្ចឹង បើបានស្នាក់នៅផ្ទះ Malibu Dreamhouse មួយនេះ!

មនុស្សធំពេញវ័យមួយចំនួន អាចនឹងមិនមានសំណាងដូចកូនក្មេងក្នុងពេលបច្ចុប្បន្ននោះឡើយ ព្រោះកាលពីវ័យកុមារភាពប៉ុន្មានជាជាង 10 ឆ្នាំមុន ប្រាកដជាមានកុមារីរាប់លាននាក់ប្រាថ្នាចង់ឲ្យមានផ្ទះ Barbie កើតមាននៅពិតប្រាកដនៅលើពិភពលោកយើងនេះ។ ប៉ុន្តែពេលនេះ បច្ចុប្បន្ននេះ វាបានកើតមានឡើងពិតមែនហើយ ដែលប្រៀបបានដូចទៅនឹងឋានសួគ៌ពណ៌ផ្កាឈូក នៅលើភពផែនដីអញ្ចឹងដែរ។

ពិតជាអរគុណដល់ Airbnb ពិតមែន អ្នកគាំទ្រពីមុនដែលមានសំណាង និងជាហ្វេនផ្កាប់មុខរបស់តុក្កតា Barbie នេះ អាចនឹងមានឱកាសស្នាក់នៅក្នុងក្តីស្រម៉ៃរបស់នាង ដែលផ្ទះក្នុងសុបិន្តមួយនេះ មានទីតាំងនៅក្នុងតំបន់ Malibu នៃរដ្ឋកាលីហ្វរញ៉ា ហើយវាត្រូវបានបង្កើតឡើងជាការរំលឹកខួប 60 ឆ្នាំនៃប្រេនមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ បាននិយាយថា “ក្នុងនាមជាម្ចាស់គេហដ្ឋានដ៏ទំនើប និងជាសហគ្រិនមួយរូប, Barbie មានការរំភើបចិត្តយ៉ាងខ្លាំងក្នុងការបើកគេហដ្ឋានរបស់នាង ដោយចុះបញ្ជីវានៅលើ Airbnb ដើម្បីចែករំលែករឿងរ៉ាវរបស់នាង និងបន្តលើកទឹកចិត្តអ្នកគាំទ្រ នៅជុំវិញពិភពលោក។ ផ្ទះដ៏ស្រស់ស្អាតមួយនេះ មានសមត្ថភាពនឹងនាំមកនូវជីវិត និងការចងចាំក្នុងអតីតកាល ដែលជំរុញឱ្យ Barbie បង្ហាញពីគំរូ ដ៏មានឥទ្ធិពល និងជាការបង្កើតនូវអ្វី ដែលក្មេងស្រីនៅទូទាំងពិភពលោកចង់បាន និងជាអ្វីដែលពួកគេ តែងតែត្រូវការឲ្យមានពិត។”

គួរឱ្យស្តាយដែរ ដែលបច្ចុប្បន្នផ្ទះ SoCal នេះអាចបើកដំណើរការបាន សម្រាប់តែពេលវេលាកំណត់តែមួយប៉ុណ្ណោះ ពោលគឺស្នាក់នៅម្តងចំនួនពីរយប់ ចាប់ពីពីថ្ងៃទី 27 ដល់ 29 តុលានេះ ជាមួយនឹងការ Check-in ចូលចាប់ពីម៉ោង 11 ព្រឹក។ ការកក់បន្ទប់ស្នាក់នៅ នឹងចាប់ផ្តើមនៅថ្ងៃទី 23 តុលា វេលាម៉ោង 11 ព្រឹក PST (ម៉ោងក្នុងតំបន់)។

ថ្វីបើតែការធ្វើដំណើរកម្សាន្តទៅកាន់ផ្ទះនៃឋានសួគ៌ពណ៌ផ្កាឈូក Barbie Dreamhouse នេះ ជាការស្នាក់នៅក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែវានឹងផ្តល់នូវការចងចាំ និងភាពល្អឥតខ្ចោះសម្រាប់ភ្ញៀវដែលបានមកដល់ ជាពិសេសសម្រាប់ហ្វេនរបស់ Barbie ស្រាប់។

ផ្ទះនៅជាប់នឹងមាត់មហាសមុទ្រ ដែលមានកម្ពស់បីជាន់នេះ រួមបញ្ចូលទាំងលក្ខណៈពិសេសប្លែកៗ រួមទាំងការតុបតែង ម៉ាកដែលមានពណ៌ផ្កាឈូកជាពណ៌តំណាង ពណ៌ស និងគ្រឿងសង្ហារឹមជាពណ៌មាស។ វាក៏មានអាងហែលទឹក (Infinity pool), រោងកុនផ្ទាល់ខ្លួន កន្លែងធ្វើសមាធិ ផ្ទះបាយ និងទីធ្លាកម្សាន្ត Barbie-themed ជាកន្លែងចុងក្រោយ។ សម្រាប់ការស្នាក់នៅ ភ្ញៀវចំណាយត្រឹមតែ $60 ប៉ុណ្ណោះសម្រាប់ការស្នាក់នៅមួយយប់ ជាមួយនឹងផ្ទះដែលអាចគេងបានបួននាក់ មានបន្ទប់គេងពីរ និងបន្ទប់ទឹកពីរ។

បន្ថែមពីនេះ សម្រាប់ការកម្សាន្តនេះ នឹងត្រូវបានបំពេញជាមួយនឹងបទពិសោធន៍នៃ A-List ដែលមានការតុបតែងបានយ៉ាងស្រស់ស្អាត និងធ្វើឲ្យការស្នាក់នៅរបស់ភ្ញៀវទទួលបានការចងចាំដែលមិនបំភ្លេចបាន ថែមទៀតផង។

លើសពីនេះទៀត ភ្ញៀវនឹងត្រូវបានគេចាត់ចែង ឱ្យជួបនិងសួរសុខទុក្ខជាមួយអ្នកជំនាញ ខាងស្ទីលម៉ូដសក់ដ៏ល្បីល្បាញ Jen Atkin, រៀនធ្វើម្ហូបជាមួយ Gina Clarke-Helm នៃ Malibu Seaside Chef និងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌល Columbia Memorial Space Center ជាមួយវិស្វករអ្នកបើកយន្តហោះនិងអវកាសយានិក Jill Meyers។ កាន់តែអស្ចារ្យ ភ្ញៀវនឹងមានសិទ្ធិទទួលបាន ទូរព្យួរខោអាវដ៏ពិសេសរបស់ Barbie ផងដែរ។

ដោយឡែក ទៅលើសេចក្តីថ្លែងការណ៍នោះបានសរសេរថា “Barbie កំពុងលើកទឹកចិត្តភ្ញៀវ ឱ្យស្វែងយល់ពីដំណើរផ្សងព្រេង របស់នាងឆ្លងកាត់ផ្នែក Fashion ដ៏អស្ចារ្យ ក្នុងរយៈពេល 60 ឆ្នាំដែលមិនគួរឱ្យជឿ ព្រមទាំងឆ្លុះបញ្ចាំងពីអាជីពជោគជ័យជាច្រើនរបស់នាង” ។

ប្រាក់ចំណេញពីនេះ នឹងធ្វើការផ្គត់ផ្គង់ទៅលើគម្រោង “The Barbie Dream Gap” ដែលជាគំនិតផ្តួចផ្តើមភាពជាដៃគូជាមួយ GoFundMe ដែល“ ផ្តល់ឱ្យក្មេងស្រីតូចៗ នូវធនធាននិងការគាំទ្រ តាមអ្វីដែលពួកគេត្រូវការដើម្បី បន្តជឿជាក់លើខ្លួនឯង” ។

ស្របនឹងគំនិតផ្តួចផ្តើមនេះ Barbie ក៏បានបញ្ចេញនូវតុក្កតាអាជីពជាច្រើនដែលបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃ ជាច្រើន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជា Judge Barbie, President Barbie និង Doctor Barbie ជាដើម។

ចុះសម្រាប់ប្រិយមិត្តអ្នកអាន ជាសុភាពនារីរបស់យើងវិញ យល់យ៉ាងណាដែរទៅលើផ្ទះក្នុងសុបិន្ត The Barbie Malibu Dreamhouse មួយនេះ? អ្នកចង់មានឱកាសចង់ទៅស្នាក់នៅ ទីនោះទេ? អាចចូលរួមបញ្ចេញមតិនៅខាងក្រោមនេះបាន!