អាផាតមិនលំដាប់ខ្ពស់នៅសិង្ហបុរី ត្រូវប៉ាន់សម្រាប់អ្នកវិនិយោគចិន និងហុងកុង!

នៅក្នុងរយៈពេល ៩ ដំបូងក្នុងឆ្នាំ ២០១៩ នេះ ទីផ្សារអាផាតមិននៅប្រទេសសិង្ហបុរី ដែលជាប្រទេសដែលមានអចលនទ្រព្យថ្លៃបំផុតប្រចាំតំបន់នោះ ត្រូវបានអ្នកវិនិយោគចិននិងហុងកុង ចាប់ចិត្តខ្លាំងជាងគេ ដែលបណ្ដាលឲ្យតម្លៃឡើងជាលំដាប់ផងដែរ យោងតាមការចុះផ្សាយរបស់ The Straits Times ដែលបានដកស្រង់ទិន្នន័យពីក្រុមហ៊ុនអចលនទ្រព្យ Colliers International Group។ លោក Tricia Song នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន Colliers ប្រចាំប្រទេសសិង្ហបុរី បានលើកឡើងថា ស្ថេរភាពផ្នែកសេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍន៍របស់សិង្ហបុរី គឺជាកត្តាដែលទាក់ទាញអ្នកវិនិយោគបរទេសច្រើន។ ចំណែកឯអ្នកវិនិយោគចិន ដែលមកទិញអាផាតមិននៅសិង្ហបុរី គឺមានកត្ដា ២ បន្ថែមទៀតជំរុញមក រួមមានការធ្លាក់ចុះនៃតម្លៃប្រាក់យ័ន និងគេត្រូវយកប្រាក់មកវិនិយោគក្រៅប្រទេស និងបញ្ហាវិវាទជាមួយហុងកុង។

សម្រាប់រយៈពេល ៩ ខែកន្លងទៅនេះ គេហដ្ឋានអាផាតមិនប្រណិតៗ នៅក្នុងតំបន់ Premier និងតំបន់កណ្ដាលនៃប្រទេសសិង្ហបុរី ត្រូវបានទិញដោយជនជាតិបរទេសចំនួន ៣១៥ យូនីតឯណោះ ដោយក្នុងនោះជនជាតិចិនមានចំនួន ៩៧ យូនីត ដែលជាការទិញច្រើនជាងគេ ប្រហែលនឹង ១/៣ នៃចំនួនជនបរទេសសរុបដែលបានទិញអាផាតមិនប្រណិតតំបន់នោះ ចំណែកឯអ្នកវិនិយោគហុងកុង មានត្រឹមតែ ៨ យូនីតប៉ុណ្ណោះ។ 

បើតាមរបាយការណ៍ហិរញ្ញវត្ថុ គេពុំសង្កេតឃើញការធ្លាក់ចុះនៃតម្លៃដុល្លារហុងកុងឡើយ ដោយវានៅរក្សាស្ថេរភាពល្អទន្ទឹមគ្នានឹងដុល្លារសិង្ហបុរីដែរ មានតែរូបិយប័ណ្ណយ័នរបស់ចិនដីគោកប៉ុណ្ណោះដែលធ្លាក់ចុះ។ ដូចនេះហើយទើបគេសង្កេតឃើញថាវិនិយោគិនចិន បានព្យាយាមវិនិយោគទៅក្រៅប្រទេសច្រើន ហើយភាគច្រើនគឺទិញអាផាតមិន ឬខុនដូដែលប្រណិតៗក្នុងតម្លៃខ្ពស់។ 

The Urban Redevelopment Authority ប្រចាំប្រទេសសិង្ហបុរីបង្ហាញថា តម្លៃលំនៅដ្ឋានក្នុងទីក្រុងពេលនេះ ចាប់ផ្ដើមកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសគឺអាផាតមិនប្រណិត ដែលបានកើនឡើង ២.៩% សម្រាប់រយៈពេល ៣ ខែក្នុងឆមាសទី ២ នេះ សម្រាប់តំបន់សំខាន់ៗ ដូចជា Premier និងតំបន់កណ្ដាលទីក្រុងជាដើម។ បើធៀបជាមួយឆ្នាំមុនវិញ គេឃើញកំណើនឡើងត្រឹមតែ ២.៣% ប៉ុណ្ណោះ ដូចនេះអត្រាកំណើនតម្លៃអាផាតមិនក្នុងឆ្នាំនេះគឺ ០.៩% បន្ថែមទៀត។