ហាង Starbucks ដែលធំជាងគេបំផុតដល់ទៅ 5 ជាន់ទើបបើកថ្មីៗ

បន្ទាប់ពីសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ហាងលក់កាហ្វេ Starbucks ដែលធំជាងគេ ទើបបើកទ្វារស្វាគមន៍អតិថិជននៅទឹកដីសហរដ្ឋអាមេរិក ទីក្រុងឈីកាហ្គោ ដែលមានទីតាំងស្ថិតនៅក្នុងអតីតអគារ Crate និង Barrel ដ៏ធំ (វាមានទំហំ 35,000 ហ្វីតការ៉េ) ហាងកាហ្វេនេះ មានទីធ្លាសម្រាប់កុមារលេងទៀតផង។ 

ហាងនេះមានដល់ទៅ 5ជាន់ឯណោះ នឹងមានលក់ដូចជាកាហ្វេ នំភីហ្សា នំសាំងវិច ស្រាក្រឡុក និងទំនិញជាច្រើនផ្សេងទៀត។ បន្ទាប់មកទៀតយើងនឹងរៀបរាប់ពីជាន់នីមួយៗឲ្យអ្នកបានដឹង ដូច្នេះសូមតាមដានការអានបន្តទៀត។ 

ជាន់ទី 1 

ឡើងដល់ជាន់នេះភ្លាម អ្នកនឹងធុំក្លិនកាហ្វឈ្ងុយតែម្តង រួមជាមួយការទប់តែងបែបបុរាណលាយសម័យ អាចទាក់ភ្នែកមនុស្សគ្រប់វ័យឲ្យចង់ថតរូប និងភ្លក់រស់ជាតិដ៏ឈ្ងុយឆ្ងាញ់របស់ហាងដ៏ល្បីនេះ ក្រៅពីនេះទៅទៀត បើអ្នកបានញុំាជាមួយនំខេកប្រចាំត្រកូលរបស់ហាងនេះទៀត ប្រាកដជាកាន់តែពេញចិត្ត និងទទួលបានអារម្មណ៍រីករាយជាក់ជាមិនខាន។ 

ជាន់ទី 2

មកដល់ជាន់នេះលក់ម្ហូបសុទ្ធតែម្តង ដែលអាចអាចមកទទួលអាហារពេលព្រឹក និងថ្ងៃរសៀលបាន ជាមួយមុខម្ហូបដូចជា ភីហ្សា, នំខេក, សាឡាដ និងនំជាច្រើនរស់ជាតិទៀត ដែលធ្វើឡើងតម្រូវដល់មនុស្សគ្រប់ៗគ្នា។ 

ជាន់ទី 3 

ឡើងមកដល់ជាន់នេះ កាន់តែប្លែក ដោយបម្រើសេវាកម្មកាហ្វេបែបពពួក Nerd និយមរួមសម្រាប់អ្នកសិក្សា ដែលចូលចិត្តភាពស្ងប់ស្ងាត់ សូម្បីតែការឆុងកាហ្វេនោះ ក៏ប្លែកពីជនាន់ទី 1 ដែរ ព្រោះការឆុងមើលទៅដូចជាការពិសោធន៍គីមីសាស្រ្តអញ្ចឹង មើលទៅប្លែកអារម្មណ៍ណាស់។ 

ជាន់ទី 4 

ឡើងមកដល់ជាន់នេះ សម្រាប់អ្នកមានអាយុ 18 ឆ្នាំឡើងទៅ ទើបអាចចូលបាន ព្រោះជាន់នេះបម្រើសេវាកម្មសុរ៉ា ដោយមានវីស្គី, សាំប៉ាញ, ស្រាក្រឡុក និងស្រាបៀរជាច្រើនប្រភេទ ដែលផ្តល់អារម្មណ៍មួយបែបទៀតសម្រាប់អ្នកដែលបានអញ្ជើញមក ដើម្បីកាត់សាញ់ពេលអផ្សុក។ 

ជាន់ទី 5 

ជាន់នេះគេបើកតាមរដូវកាល ដូច្នេះទាល់តែដល់រដូវស្លឹកឈើជ្រុះ និងរដូវក្តៅទើបគេបើក ដើម្បីឲ្យអតិថិជនមកគយគន់ទេសភាពពីលើអាគារតែម្តង ដូច្នេះក្នុងរដូវរងារត្រូវបានគេបិទ មិនអនុញ្ញាតឲ្យចូលនោះទេ។ 

សម្រាប់មិត្តអ្នកអាន ដែលបានអញ្ជើញទៅកាន់សហរដ្ឋអាមេរិក គួរតែឆ្លៀតទៅកាន់ហាង Starbucks ដ៏ធំនេះបាន ដើម្បីគយគន់នូវភាពប្រណិតនៃការតុបតែងខាងក្នុងហាង ជាពិសេសបានភ្លក់រស់ជាតិកាហ្វេប្រ៊េនៗ ដែលអាចមានរស់ជាតិប្រសើរជាង Starbucks លក់នៅក្នុងស្រុកយើងក៏ថាបាន។ សូមអរគុណសម្រាប់ការអានរបស់អ្នកទាំងអស់គ្នា ជួបគ្នានៅអត្ថបទល្អៗក្រោយទៀត។