កម្ពុជា កំពុងធ្វើកិច្ចសហប្រតិបត្តិការ ទាញយកការវិនិយោគធំៗជាច្រើន បន្ថែមទៀតជាមួយនឹងចិន

ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់តំណាងឲ្យកម្ពុជា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ បានធ្វើការអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិបន្ថែមទៀតពីខេត្តហូណាន ប្រទេស ចិន ដើម្បីចាប់យកឱកាសនៅក្នុងវិស័យសក្ដានុពលជាច្រើនក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបាន ១០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣ ដែលជាការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំង ២។ ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយការវិនិយោគ និងគ្រឿងម៉ាស៊ីន ស្ថិតនៅក្នុងខេត្តហូណាន នៃទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ កន្លងទៅ ដល់ពាណិជ្ជករ និងវិនិយោគិនរាប់ពាន់នាក់ មកពីខេត្តនេះ ដឹកនាំដោយលោក Du Jiahao លេខាធិការគណៈកម្មាធិការគណបក្សកុម្មុយនីស្ដនៃខេត្តហូណានរបស់ប្រទេសចិន។

ស្ថិតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងជាវេទិកាដ៏សំខាន់មួយ ដើម្បីផ្ដល់ការចូលរួមដោយផ្ទាល់រវាងពាណិជ្ជករ និងវិនិយោគិនចាប់ពីខេត្តហូណានដល់សហគមន៍ពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងស្វែងរកឱកាសអាជីវកម្ម និងការវិនិយោគសម្រាប់ការវិនិយោគរួម ឬដើម្បីវិនិយោគនៅទីនោះ។ ឯកឧត្ដមបានលើកឡើងថា “ចិនបានក្លាយជាដៃគូដ៏សំខាន់មួយលើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា ចំណែកឯពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនឡើងដល់ប្រហែល ៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ កើនឡើង ២៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស (FDI) ដែលបានអនុម័ត ការវិនិយោគមកពីចិនមានចំនួន ៧០ ភាគរយនៃ FID ហើយភ្ញៀវទេសចរចិនប្រហែល ២ លាននាក់បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុន។ ការកើនឡើងដោយវិជ្ជមាននេះ គឺជាសម្ទុះក្នុងការជំរុញការអនុវត្តគោលនយោបាយឧស្សាហកម្ម ២០១៥ ឆ្នាំ ២០២៥ របស់ប្រទេសកម្ពុជា និងជួយក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងអត្រា ៧% ក្នុងរយៈពេលវែងនៅពេលអនាគតដ៏ខ្លី”។

ឯកឧត្ដមបានបន្តទៀតថា “ការណ៍នេះនឹងបើកផ្លូវសម្រាប់ប្រទេសកម្ពុជា ដើម្បីសម្រេចបានការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមទាបត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ផងដែរ”។ ជុំវិញការលើកឡើងនោះ លោក Du Jiahao បានលើកឡើងផងដែរថា “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវកំពុងដើរតួនាទីដ៏សំខាន់ សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងមានការវិនិយោគជាច្រើន មកពីខេត្តហូណាន មកកាន់កម្ពុជាតាមគំនិតផ្តួចផ្តើមនេះ។ ជាក់ស្ដែង ត្រឹមខែកញ្ញាឆ្នាំនេះ យើងមានក្រុមហ៊ុនប្រហែល ៣៧ មកពីខេត្តហូណាន កំពុងវិនិយោគនៅកម្ពុជាដោយមានទុនវិនិយោគប្រហែល ៥០០ លានដុល្លារ និងប្រជាជនខេត្តហូណានជាង ៣០,០០០ នាក់ កំពុងធ្វើការងារនៅកម្ពុជានៅពេលនេះ។ លទ្ធផលនេះ គឺបានពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងមេដឹកនាំរបស់ប្រទេសទាំងពីរ”។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះប្រទេស ចិន បានផ្ដល់កម្ចីការប្រាក់ទាបដល់កម្ពុជាយើង មានចំនួនជាង ២,៨៩ ពាន់លានដុល្លារអាមេរិកហើយ សម្រាប់យកមកប្រើប្រាស់លើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ ស្ពាន និងកំពង់ផែនៅកម្ពុជា ដែលជាឆ្អឹងខ្នងដើម្បីគាំទ្រដល់សេដ្ឋកិច្ច។ 

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន