ពហុកីឡដ្ឋានជាតិ មរតកតេជោ ជាពហុកីឡដ្ឋានជាតិថ្មីស្ដង់ដារអន្តរជាតិ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីជាង ៨៥ ហិចតា ស្ថិតនៅតំបន់ទីក្រុងរណប បណ្ដោយផ្លូវលីយ៉ុងផាត់ (បច្ចុប្បន្នជាវិថីឈ្នះឈ្នះ) ទល់មុខនឹងវិមានឈ្នះឈ្នះតែម្ដង ដើម្បីត្រៀមសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA Games នៅឆ្នាំ២០២៣ខាងមុខលើទឹកដីកម្ពុជា។
តាមការចុះផ្សាយលើទំព័រហ្វេសប៊ុក Morodok Techo National Stadium បានបង្ហាញថា គិតមកទល់នឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើការបញ្ចប់បង្គុំសំណង់ ១០០% ហើយនិងកំពុងត្រៀមតម្លើងដំបូលខាងលើដូចនេះគម្រោងទាំងមូលនឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០ខាងមុខនេះតែម្ដង។
គម្រោងពហុកីឡាដ្ឋានមរតកតេជោគឺត្រូវបានអនុម័តជាផ្លូវការតាំងពីឆ្នាំ២០១២មកហើយការសាងសង់គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ២០០លានដុល្លារនិងចាប់ផ្ដើមសាងសង់ពីឆ្នាំ២០១៣មក។
គិតមកទល់នឹងពេលនេះ សំណង់នេះសម្រេចបាន ៦០% ហើយ ជាមួយការសាងសង់បែងចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ បានបញ្ចប់នៅក្នុងឆ្នាំ ២០១៧ ជាមួយការសម្ពោធអាងហែលទឹកខាងក្នុង និងមជ្ឈមណ្ឌលជលវប្បកម្ម។ ចំណែកដំណាក់កាលទី ២ នេះគឺសាងសង់ស្តាតធំនេះតែម្ដង ជាមួយកៅអីអង្គុយអាចផ្ទុកអ្នកទស្សនាបានដល់ ៦០,០០០ នាក់ ដែលមានទំហំ ៩ ហិចតា បែងចែកជា ៦ តំបន់។ ចំពោះដំណាក់កាលទី ៣ វិញ ពហុកីឡដ្ឋានចម្រុះទំហំ ៣.៦ ហិចតា និងត្រូវបែងចែកជាកីឡាហែលទឹក កីឡាវាយកូនបាល់ កីឡាវាយសី កីឡាកាយសម្ព័ន្ធ កីឡាបាល់ទះ បាល់បោះ -ល-។
ប្រភព៖ ហ្វេសប៊ុក ពហុកីឡដ្ឋានជាតិ មរតកតេជោ