ហេតុផល ៥ យ៉ាងដែលធម្មជាតិមានសារៈសំខាន់ខ្លាំងសម្រាប់ប្រឆាំងជំងឺផ្សេងៗ

នៅក្នុងខួបទី ៥០ ឆ្នាំនៃទិវា Earth Day គឺជាឆ្នាំដែលពិភពលោកទទួលរងការរាតត្បាតយ៉ាងខ្លាំងពីជំងឺឆ្លងកូវីដ-១៩ ហើយក៏ជាសេណារីយ៉ូដ៏អាក្រក់បង្ហាញពីវិបត្តិថ្មីមួយដែលជះឥទ្ធិពលស្ទើរតែគ្រប់វិស័យ ក្នុងប្រវត្តិសាស្ត្រពិភពលោក។ យ៉ាងណាមិញ ធម្មជាតិមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិ ហើយខាងក្រោមនេះគឺជាហេតុផល ៥ យ៉ាងដែលធម្មជាតិជួយដល់ការប្រឆាំងជំងឺផ្សេងៗ និងជំនួយដល់សុខភាពមនុស្ស។ 

១. រុក្ខជាតិ មានសារៈសំខាន់សម្រាប់ការផលិតឱសថ

រុក្ខជាតិដើរតួនាទីយ៉ាងសំខាន់នៃដំណើរការផលិតឱសថព្យាបាលជំងឺ ជាក់ស្ដែងវាគឺជាគ្រឿងផ្សំវត្ថុធាតុដើមនៃការផលិតថ្នាំព្យាបាល ដែលមនុស្សបានប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយ។ វត្ថុធាតុដើមផលិតឱសថប្រើប្រាស់បច្ចុប្បន្ននេះចំនួន ២៥% បានមកពីព្រៃលិចទឹកតំបន់ត្រូពិច ចំណែក ៧០% នៃថ្នាំព្យាបាលមហារីក គឺផលិតឬសំយោគចេញពីធម្មជាតិទាំងអស់។ អ្វីដែលពិសេសគឺមនុស្សរាប់ពាន់លាននាក់ សព្វថ្ងៃកំពុងពឹងផ្អែកលើការព្យាបាលជំងឺពីថ្នាំផ្សំពីរុក្ខជាតិ ១០០% ឬហៅថាថ្នាំបុរាណ បើយោងតាមអង្គការសុខភាពពិភពលោក។

២. ធម្មជាតិ ជួយយើងក្នុងការបញ្ចៀសពីជំងឺ

ប្រភពចេញពី Nature បង្ហាញថា ប្រទេសដែលមានជីវៈចម្រុះច្រើន គឺជាប្រទេសដែលប្រឈមមានជំងឺកាន់តែតិចតួច។ ការសិក្សានោះរកឃើញថា ធម្មជាតិដែលសម្បូរទៅទិដ្ឋភាពបៃតង នឹងជួយដល់មនុស្សជៀសផុតពីជំងឺមួយចំនួនដូចជា Lyme និង Malaria disease (ជំងឺឡែម និងជំងឺគ្រុន)។ ដោយឡែកសម្រាប់ប្រទេសដែលកំពុងបំផ្លាញនូវប្រព័ន្ធអេកូឡូស៊ីធម្មជាតិ មានន័យថាសត្វនឹងបាត់បង់ទីជម្រក ហើយពួកវាមករស់នៅកាន់តែកៀកជាមួយមនុស្ស ដែលអាចចម្លងជំងឺផ្សេងៗមកកាន់មនុស្ស ជាក់ស្ដែងជំងឺអេដស៍, មេរោគ H1N1, មេរោគកូរ៉ូណាថ្មីៗនេះ ដែលកំពុងសម្លាប់មនុស្សជាច្រើន គឺសុទ្ធសឹងតែឆ្លងមកពីសត្វ។

៣. ធម្មជាតិស្រស់ស្អាត សុខភាពសេដ្ឋកិច្ចល្អ

របាយការណ៍ចេញពីអង្គការសហប្រជាជាតិបញ្ជាក់ថា GDP ពិភពលោកជាងពាក់កណ្ដាល គឺទទួលបានមកពីធម្មជាតិ ដោយយើងចំណាយ ១ ដុល្លារលើធម្មជាតិអាចទទួលផលវិញ ៩ ដុល្លារពីធម្មជាតិ។ ជាក់ស្ដែង ឱសថដែលអាចលក់ចេញបានជាង ៧៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ សុទ្ធសឹងទទួលបានពីធម្មជាតិ, តំបន់ធម្មជាតិដូចជានៅសមុទ្រ សុទ្ធសឹងតែផ្ដល់ផលប្រយោជន៍ដល់ឧស្សាហកម្មចំណីអាហារ នេសាទ និងទេសចរណ៍, តំបន់ភ្នំនិងកោះ ផ្ដល់នូវជីវៈចម្រុះដែលមនុស្សរស់អាស្រ័យផល និងទប់ទល់ជាមួយគ្រោះធម្មជាតិព្យុះឬទឹកជំនន់, ហើយវិស័យកសិកម្មវិញ មនុស្សអាចចំណាយតិច និងទទួលបានផលជាច្រើនសម្រាប់ស្បៀងអាហារពិភពលោក ដូចពាក្យស្លោកខាងលើពី UN។

៤. ពិភពលោកធម្មជាតិចម្រុះ គឺល្អសម្រាប់សុខភាពមនុស្ស

អង្គការសុខភាពពិភពលោកឲ្យដឹងថា ដំណាំបន្លែធម្មជាតិចម្រុះគឺផ្ដល់ឲ្យមនុស្សនូវសុខភាពល្អ ព្រោះទទួលអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សារពាងកាយ។ ក្នុងនោះ មនុស្សក៏ព្យាយាមប្រើប្រាស់ធម្មជាតិក្នុងវិស័យកសិកម្មឲ្យអស់លទ្ធភាពផងដែរ ដូចជាកសិឧស្សាហកម្ម ការផលិតបន្លែផ្លែឈើសរីរាង្គ ឧស្សាហកម្មគីមីចំណីអាហារ ផលិតកម្មកែច្នៃចំណីអាហារ -ល- ដែលសុទ្ធសឹងជាស្បៀងអាហារដែលមនុស្សក្នុងពិភពលោកត្រូវការបរិភោគជារៀងរាលថ្ងៃ ធ្វើឲ្យមនុស្សហូបចុកគ្រប់គ្រាន់មានសុខភាពល្អ។

៥. ធម្មជាតិស្រស់ស្អាត អាចជួយដល់សុខភាពផ្លូវចិត្ត 

ធម្មជាតិមិនត្រឹមតែផ្ដល់លោកអ្នកនូវការហូបចុក ថ្នាំសម្រាប់ព្យាបាលសម្រាប់សុខភាពផ្លូវកាយនោះទេ ប៉ុន្តែវាក៏ជួយដល់សុខភាពផ្លូវចិត្តផងដែរ។ ការសិក្សារបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ការឧស្សាហ៍ទៅដើរលេងកម្សាន្ដតំបន់ធម្មជាតិ នឹងជួយដល់ការរំសាយអារម្មណ៍តានតឹងភាពនឿយហត់ និងជំងឺបាក់ទឹកចិត្ត -ល- ជាក់ស្ដែងនៅក្នុងសហគមន៍អឺរ៉ុប ក្រុមគ្រួសារ តែងតែនិយមមានសកម្មភាពឡើងភ្នំ ដើរព្រៃ ពិចនិក ដើរឲ្យចំណីតាមសួនសត្វ ជិះកង់តាមតំបន់ធម្មជាតិជាដើម ដោយសកម្មភាពទាំងអស់នោះ សុទ្ធសឹងតែផ្ដល់នូវអារម្មណ៍ល្អ និងបង្កើនសុខភាពផ្លូវចិត្តបានធូរស្បើយ។