រដ្ឋាភិបាលថៃ ជម្រុញឱ្យទិញឧស្ម័នធម្មជាតិបន្ថែមទៀត ខណៈពេលតម្លៃចុះថោកនៅពេលនេះ

បាងកក៖ដោយសារតែការធ្វើដំណើរជាសកល បានធ្លាក់ចុះយ៉ាងគំហុងជាង ២ ខែកន្លងទៅនេះ បានធ្វើឲ្យទីផ្សារប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ថែមទាំងមានការព្រួយបារម្មណ៍ថាគ្មានឃ្លាំងស្តុកប្រេងទៀតផង។ មិនតែតម្លៃប្រេងធ្លាក់ចុះប៉ុណ្ណោះទេ ក្នុងនោះតម្លៃទីផ្សារ នៃឧស្ម័នធម្មជាតិ បានកំពុងដាំក្បាលចុះផងដែរ ហើយថៃកំពុងមើលឃើញអត្ថប្រយោជន៍នេះ ដោយកំពុងរៀបចំគម្រោង ដើម្បីទាញយកអត្ថប្រយោជន៍ ស្របពេលតម្លៃឧស្ម័នកំពុងស្ថិតក្នុងតម្លៃធូថ្លៃមិនធ្លាប់មាន ក្នុងន័យជួបទប់ការចំនាយរបស់ជាតិ។

រដ្ឋាភិបាលថៃ ដឹកនាំដោយក្រសួង ថាមពល បានកំពុងសម្ដែងនូវការគាំទ្រទៅដល់គម្រោង នាំចូលនូវឧស្ម័នធម្មជាតិ (Natural Gas) LNG ពីទីផ្សារចូលទៅក្នុងស្រុក ស្របពេលដែលតម្លៃឧស្ម័នធម្មជាតិ កំពុងធ្លាក់ចុះ ដែលអាចយកមកសម្រួលទៅដល់ការចំនាយរបស់ជាតិ។ ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ បានឱ្យដឹងថា ការគាំទ្រឱ្យមានការនាំចូលនូវឧស្ម័នធម្មជាតិឱ្យកាន់តែច្រើនបន្ថែមទៀតនេះ គឺក្នុងរូបភាពជួយទៅដល់អាជីវកម្ម ក៏ដូចជាប្រជាជនគ្រប់រូបនៅក្នុងប្រទេស ដែលកំពុងរងគ្រោះដោយសារតែការរីករាលដាល នៃវីរុសកូវីដ ១៩ តម្រូវឱ្យពួកគេនៅផ្ទះច្រើនជាងការដើហើរ​ ជាមូលហេតុនៃការប្រើប្រាស់ថាមពល ពិសេសអគ្គិសនីកើនឡើងខ្ពស់ ដោយតាមការសន្និដ្ឋានគឺ រដ្ឋាភិបាលថៃ អាចនឹងចំនាយ ៧០ ពាន់លានបាត ដើម្បីដោះស្រាយ និងសង្គ្រោះបញ្ហាមួយនេះ។

ជុំវិញគម្រោងទិញឧស្ម័នធម្មជាតិបន្ថែមនេះ ក្រុមហ៊ុនប្រេងឥន្ធៈថៃ PTT និងអាជ្ញាធរអគ្គិសនីថៃ ហៅកាត់ថា (Egat) បានកំពុងបញ្ជាទិញនូវឧស្ម័នធម្មជាតិ LNG ពីទីផ្សារអន្តរជាតិ ក្នុងចំនួនសរុប ៦ ដែលមានបរិមាណសរុបទាំងអស់ ៣៧០,០០០ តោន ដែលនឹងមកដល់នៅឆ្នាំនេះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Sontirat Sontijirawong បានឱ្យដឹងដូច្នេះថា “ពីមុនឧស្ម័នធម្មជាតិ មានតម្រូវការខ្ពស់សម្រាប់ការផលិតថាមពលនៅព្រះរាជាណាចក្រថៃដល់ទៅអត្រា ៦០% ដោយក្នុងនោះ ការប្រើប្រាស់ធ្យូងថ្មមានត្រឹមតែ ២០% ប៉ុណ្ណោះ ដូច្នេះយើងកំពុងមើល និងធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំនាយ ចេញពីការផលិតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារជូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសនានា ព្រោះថាការចំនាយគឺក្នុងរង្វង់ទឹកប្រាក់ធំធេង”។​ 

បច្ចុប្បន្នថៃ មានទីផ្សារក្នុងស្រុកផ្ទាល់ខ្លួន សម្រាប់ការនាំចូលនូវឧស្ម័នធម្មជាតិពីឈូងសមុទ្រប្រទេសថៃ ខ្លួនឯងផ្ទាល់ តាមរយៈបំពង់បញ្ជូនឧស្ម័នពីប្រទេសមីយ៉ាន់ម៉ា ដែលអាចទាញយកបាន ៤,៥ ពាន់លានម៉ែត្រគីបក្នុងមួយថ្ងៃ។ ជាមូលហេតុ នៃតម្រូវការប្រើប្រាស់ឧស្ម័នធម្មជាតិរបស់ថៃ មានកម្រិតខ្ពស់ ដោយភាគច្រើនគឺប្រើប្រាស់សម្រាប់ម៉ាស៊ីនផលិតថាមពលអគ្គិសនី និងមួយភាគផ្សេងទៀតសម្រាប់ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងដឹកជញ្ជូនជាដើម ដែលមានការប្រើប្រាស់ហ្គាស។ នេះគឺជាមូលហេតុ ដែលរដ្ឋាភិបាលថៃ មើលឃើញ និងអាចទាញយកផលប្រយោជន៍អំពីការធ្លាក់ថ្លៃនៃឧស្ម័នធម្មជាតិ ពីទីផ្សារអន្តរជាតិ ដោយក្នុងណោះ គណៈកម្មការបទប្បញ្ញត្តិថាមពលថៃ បានបញ្ជាក់ថា ថៃអាចនាំចូលឧស្ម័នធម្មជាតិ LNG ចំនួន ៦៦០,០០០ តោនបន្ថែមទៀត ដែលមានកន្លែងស្តុកទុកចំនួន ១១ ថែមទាំងមិនប៉ះពាល់ទៅដល់គុណភាព នៃការទិញឧស្ម័នជាប្រចាំថ្ងៃនោះទេ។

រដ្ឋាភិបាលថៃ រំពឹងទុកថា ការទិញយកឧស្ម័នធម្មជាតិពីទីផ្សារអន្តរជាតិក្នុងតម្លៃធូថ្លៃ ពោលគឺធូថ្លៃជាងតម្លៃឧស្ម័នដែលថៃទិញជារៀងរាល់ថ្ងៃនោះ នឹងជួយកាត់បន្ថយលើការចំនាយ នៃថាមពលអគ្គិសនី របស់រដ្ឋាភិបាលប្រមាណជា ៤ ពាន់លានបាត ឬប្រហាក់ប្រហែលនឹង USD ១២៣,០០០ ដុល្លារអាមេរិក។