ទីក្រុងឌូបៃ រំពឹងនឹងបើកដំណើរការ លើផ្នែកប្រព័ន្ធទេសចរណ៍ជាថ្មី នៅដើមខែកក្កដាខាងមុខ!



ឌូបៃសង្ឃឹមថា នឹងអាចបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរនៅដើមខែកក្កដា បន្ទាប់ពីបញ្ឈប់ការមកដល់របស់ភ្ញៀវភាគច្រើនបំផុត កាលពីខែមុនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម COVID-19។



លោក Helal Al Marri អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍ និងទីផ្សារពាណិជ្ជកម្មនៃទីក្រុងឌូបៃ បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ Bloomberg TV កាលពីថ្ងៃអង្គារថា ដំណើរការនេះកំពុងតែមានលក្ខណៈគ្រាន់បើជាបណ្តើរៗហើយ ប្រសិនបើស្ថានភាពនឹងចាប់ផ្តើមប្រសើរឡើងវិញ យើងអាចនឹងបើកដំណើរការទីក្រុងសម្រាប់ទេសចរណ៍នៅខែកក្កដា ឬអាចនឹងត្រូវពន្យារពេល រហូតដល់ខែកញ្ញា អាស្រ័យលើនិន្នាការពិភពលោក។




លោក Al Marri បាននិយាយថា “ប្រទេសជាច្រើននៅតែបិទទ្វារទេសចរណ៍ ហើយវាផ្តោតលើការពិភាក្សាទ្វេភាគី។ លោកបានបន្តថា “វានឹងគួរតែជាខែកក្កដា ដែលអ្វីៗចាប់ផ្តើមដំណើរការឡើងវិញបន្តិចម្តងៗ? តើសង្វាក់នៃប្រព័ន្ធទេសចរណ៍របស់យើង អាចនឹងពន្យារដល់ខែកញ្ញាទេ? យើងគ្រាន់តែត្រូវប្រាកដថា យើងបានត្រៀមរួចរាល់ ប្រសិនបើមានអ្វីដែលកើតឡើងលឿន ជាងការរំពឹងទុក។

ទីក្រុងឌូបៃដែលចំណាយពេលច្រើនឆ្នាំ ដើម្បីប្រែក្លាយខ្លួន ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងទេសចរណ៍ដ៏សំខាន់ នៅមជ្ឈឹមបូព៌ា ទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ដោយមានទីតាំងទាក់ទាញជាច្រើនមានទាំងឆ្នេរសមុទ្រ សណ្ឋាគារប្រណីត និងផ្សារទំនើបខ្ពស់ៗ។




កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយការបិទទ្វារយ៉ាងតឹងរឹង (strict lockdown) និងអនុញ្ញាតឱ្យសកម្មភាពពាណិជ្ជកម្ម និងដឹកជញ្ជូនមួយចំនួន ចាប់ផ្តើមដំណើរការឡើងវិញ។ ប្រទេសអារ៉ាប់រួម (UAE)  ដែលមានឌូបៃជាសមាជិក បានរាយការណ៍អំពីករណីឆ្លងវីរុស COVID-19  ចំនួនប្រមាណ 10,800 ករណីនៅក្នុងតំបន់របស់ខ្លួន។


តាមការប៉ាន់ស្មានជាផ្លូវការ ទីក្រុងឌូបៃទទួលបានភ្ញៀវទេសចរ 16,7 លាននាក់កាលពីឆ្នាំមុន។ Saudi Arabia និងចក្រភពអង់គ្លេស គឺជាទីផ្សារសំខាន់បំផុតរបស់ Emirate អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទោះបីជាចំនួនភ្ញៀវទេសចរចិន កំពុងកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ។

លោក Al Marri បានថ្លែងថា ខណៈពេលដែលជំងឺរាតត្បាតបានជំរុញដល់ការមកដល់របស់ភ្ញៀវទេសចរធ្លាក់ “ដល់កម្រិតសូន្យ” ឧស្សាហកម្មនឹងឆ្លើយតបវិញ ហើយធ្វើការវិវត្ត និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ “សុខភាព និងអនាម័យ ជាកត្តាចំបងទីមួយ”។


លោកបានបន្តថា នេះប្រហែលជាមានន័យថា ថ្លៃសណ្ឋាគារកាន់តែខ្ពស់។ រដ្ឋាភិបាលកំពុងផ្តល់ការគាំទ្រ និងជំនួយ ដល់វិស័យដែលមានបញ្ហានេះ ដោយកាត់បន្ថយថ្លៃដើមមួយចំនួន រួមទាំងការកាត់បន្ថយចំនួន 50% នៃការចំណាយរបស់ទីក្រុង។

Al Marri បាននិយាយថា វាមិនអាស្រ័យលើរដ្ឋាភិបាល ក្នុងការដាក់កម្រិតលើការសាងសង់សណ្ឋាគារនោះទេ វាអាស្រ័យលើ ការយោគយល់ ការទំនុកបំរុង និងការប្រុងប្រយ័ត្នប៉ុណ្ណោះ។




លោកបានបន្តថា “នៅឌូបៃ ផ្នែកដែលមានអន្តរកម្មជាមួយវិស័យទេសចរណ៍នេះ ពួកគេមិនចាប់អារម្មណ៍នឹងរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការផ្គត់ផ្គង់ ឬតម្លៃបន្ទប់សណ្ឋាគារទេ។ អ្នកវិនិយោគទៅលើផ្នែកសណ្ឋាគារនៅក្នុងទីក្រុងនេះ ភាគច្រើន មានជំនាញ និងបទពិសោធន៍ ក្នុងការធ្វើការសម្រេចចិត្តដោយខ្លួនឯង និងមានសមត្ថភាពទប់ទល់រាល់បញ្ហាដែលពួកគេបានជួប។” ជាចំណែកនៅក្នុងជំនួយឧបត្ថម្ភ រដ្ឋាភិបាលគ្រាន់តែកាត់បន្ថយភាគរយ ទៅលើការចំណាយមួយចំនួនប៉ុណ្ណោះ។