អារ៉ាប់ ចាប់ផ្ដើមផលិតម៉ាសជាលើកដំបូង ពេលតម្រូ​វការនៅតែបន្តមានការកើនឡើង!

អារ៉ាប់៖ អាប៊ូដាប៊ី ដែលជារដ្ឋធំមួយ នៃអារ៉ាប់រួម បានចាប់ផ្ដើមផលិតម៉ាស សម្រាប់ការពារសុខភាព ប្រជាពលរដ្ឋនៅលើផ្ទៃប្រទេស ជាផ្លូវការហើយ ដោយសារតែការរាតត្បាតនៃវីរុសកូវីដ ១៩ ដែលនៅតែបន្តវាយប្រហារពិភពលោក។ តម្រូវការម៉ាស សម្រាប់ការពារខ្លួននៅអារ៉ាប់ គឺស្ថិតក្នុងតម្រូវការខ្ពស់បន្ថែម បើទោះបីជាបច្ចុប្បន្នអារ៉ាប់ បានចំនាយប្រាក់យ៉ាងច្រើនទិញម៉ាសពីបរទេសក៏ដោយ តែការផ្គត់ផ្គង់នោះនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ជាប្រចាំនោះទេ។

ប្រភពព័ត៌មានក្នុងស្រុករបស់អារ៉ាប់ផ្ទាល់ បានចេញផ្សាយឱ្យដឹងថា រោងចក្រមួយចំនួន ដោយក្នុងនោះរួមមានដូចជា Mubadala, Strata Manufacturing និង Honeywell ជាអាទិ៍ ដែលជាទូទៅ ផ្តោតទៅលើការផលិតផ្នែកសំខាន់ៗរបស់យន្តហោះ បានចាប់ផ្ដើមផលិតនូវម៉ាសការពារសុខភាពជាលើកដំបូង។ ការចាប់ផ្ដើមនេះ ត្រូវបានធ្វើឡើងដើម្បីរួមចំណែកក្នុងការការពារ សុខភាព និងលើកស្ទួយវិស័យសុខាភិបាល ដែលកំពុងរងគ្រោះដោយសារតែវីរុសកូវីដ ១៩។ ជុំវិញការផលិតនេះ លោក Khaldoon Khalifa Al-Mubarak អគ្គនាយករោងចក្រ Mubadala បានលើកឡើងដូច្នេះថា “យើងនឹងមានលទ្ធភាពក្នុងការជួយទៅដល់ផ្នែករងគ្រោះសំខាន់ៗជាច្រើន ពិសេសអ្នកនៅជួរមុខ ដែលកំពុងទទួលការរងគ្រោះដូចជាកម្មករ អ្នកធ្វើការ និងនៅក្នុងសហគមន៍របស់យើង”។

បច្ចុប្បន្នតម្រូវការម៉ាសការពារ នៅអារ៉ាប់រួម គឺស្ថិតក្នុងអត្រាខ្ពស់ ដោយក្នុងនោះ ម៉ាសប្រភេទ N95 គឺមានកង្វៈខាតខ្លាំង ដោយភាគច្រើនការប្រើប្រាស់ម៉ាសប្រភេទនេះមានតម្រូវការខ្ពស់ខ្លាំងបំផុតនៅអារ៉ាប់ ខណៈម៉ាសការពារទូទៅ ដែលមាន ៣ ទៅ ៤ ស្រទាប់ ក៏នៅមានចង្វាក់ផលិតកម្មទាបនៅឡើយ។  ហេតុនេះការយករោងចក្រផលិតគ្រឿងយន្តហោះ មកផលិតម៉ាសប្រភេទនោះ គឺជាការចាំបាច់បំផុត បើទោះបីជាមានការខាតបង់ប្រាក់ចំណូល តែអាយុជីវិតប្រជាពលរដ្ឋគឺជារឿងសំខាន់ជាង។ ការផលិតម៉ាសរបស់អារ៉ាប់ គឺដើម្បីបំពេញទៅដល់សេចក្ដីត្រូវការក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះ ដោយតាមសេចក្ដីសន្និដ្ឋាន អាចនឹងមានលទ្ធភាពផលិតបានយ៉ាងហោចណាស់ ៣០ លានម៉ាស ក្នុងមួយឆ្នាំ។ 

គួរបញ្ជាក់ផងដែរថា ការផលិតម៉ាសរបស់អារ៉ាប់ជាលើកដំបូងនេះ គឺចោទឡើងដោយសារតែទីផ្សារបរទេស ដែលមានចង្វាក់ផលិតកម្មទាប និងមិនអាចផ្គត់ផ្គង់ទៅតាមសេចក្ដីត្រូវការរបស់អារ៉ាប់បាន ខណៈចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានរហូតដល់ទៅ ២៥,៩៣៦ នាក់ហើយ ដោយក្នុងនោះអ្នកជាសះស្បើយឡើងវិញមានចំនួន ១០,៧៩១ នាក់ និងស្លាប់កើនឡើងដល់ ២៣០ នាក់។ ដើម្បីកាត់បន្ថយការឆ្លងរាលដាលបន្ថែមទៀត អារ៉ាប់ត្រូវតែសម្រេចផលិតម៉ាសដោយខ្លួនឯង ដោយគ្រឿងបរិក្ខាផ្សេងៗត្រូវនាំចូលពីទីផ្សារបរទេស៕