រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកឱ្យជនបរទេសមកពីប្រទេសធំៗចំនួន ៦ ចូលមកកម្ពុជាឡើងវិញ

ភ្នំពេញ៖ ក្រោយពីស្ថានភាព នៃការឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩ នៅកម្ពុជា បានស្ងប់ស្ងាត់ទៅវិញ និងបានព្យាបាលអ្នកផ្ទុកវីរុសនេះបានជាសះស្បើយ ១០០% ហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមសំណើរបស់ក្រសួងសុខាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកដំណើរជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបើកច្រកហោះហើរតាមផ្លូវអាកាសឡើងវិញ ដោយទទួលបានចំណារឯកភាព និងសម្រេចឱ្យអនុវត្តគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ នេះតទៅ។

រាល់ភ្ញៀវទេសចរណ៍ ដែលត្រូវបានផ្អាកការធ្វើដំណើរចូលមកកម្ពុជា ស្របតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ ក្នុងគោលបំណងទប់ស្កាត់ និងការរីករាលដាលនៃវីរុសកូវីដ ១៩ ដោយក្នុងនោះរួមមានដូចជា ជនបរទេសមកពីប្រទេស អ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក នៅពេលនេះ ត្រូវបានបើកភ្លើងខៀវ ឱ្យចូលមកទឹកដីព្រះរាជាណាចក្រកម្ពុជា ឡើងវិញហើយ តាមរយៈគ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល ដោយក្នុងនោះរួមមានពលរដ្ឋខ្មែរ ដែលនៅបរទេសផងដែរ។ ការសម្រេចនេះបានធ្វើឡើងតាមរយៈសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល កាលពីម្សិលមិញនេះ បន្ទាប់ពីទទួលបានការឯកភាពពី នាយករដ្ឋមន្ត្រី តែស្ថិតក្នុងការត្រួតពិនិត្យ តាមដាន និងអនុវត្តតាមគោការណ៍ ដូចជាការរក្សាអនាម័យ ពិសេសត្រូវពិនិត្យ និងមានវិញ្ញាបនបត្របញ្ញាក់សុខភាព (Health Certificate) បញ្ជាក់ភាពអវិជ្ជមាន ពីអាជ្ញាធរសុខាភិបាល របស់ប្រទេសសម៉ី ក្នុងរយៈពេល ៧២ ម៉ោង។

ជាងនេះទៅទៀតជនបរទេស ត្រូវមានឯកសារធានារ៉ាប់រងសុខភាព និងត្រូវតម្កល់ទឹកប្រាក់មានចំនួនយ៉ាងតិច ៥ ម៉ឺនដុល្លារអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា​ និងគោរពតាមវិធានផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា​ លើកលែងតែមន្ត្រីស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ។ ដើម្បីធានាសុវត្ថិភាព​ និងការឆ្លងសម្រាប់រលកលើកទី ២ (Second Wave) រាល់ពលរដ្ឋខ្មែរ និងបរទេសមកពីប្រទេសទាំង ៦ ខាងលើ ត្រូវទៅធ្វើតេស្ដស្វែងរកមេរោគកូវីដ ១៩ បន្ថែមទៀតនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ ហើយបើមានករណីវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាលផ្ទាល់ ឬនៅផ្ទះ ប្រសិនបើអវិជ្ជមានទាំងអស់ត្រូវស្នាក់នៅផ្ទះរៀងខ្លួន តែត្រូវបន្តអនុវត្តវិធានការចត្តាឡីស័កផងដែរ។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនេះ គឺប្រកាសជាសាធារណៈ ទៅដល់មហាជនគ្រប់រូប ក៏ដូចជាមន្ត្រីទទួលបន្ទុក នៅតាមស្ថាប័ននានា ឱ្យចាប់ផ្ដើមអនុវត្តតាមសេចក្ដីសម្រេចនេះតទៅ៕

 

ប្រភព៖ ក្រសួងសុខាភិបាល