តំបន់ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦អា ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ ដែលបានតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តសំខាន់ៗ បានក្លាយជាតារារះ ក្នុងក្រសែភ្នែករបស់វិនិយោគិនកម្ពុជា និងវិនិយោគិនអន្តរជាតិ។ តំបន់នេះកំពុងតែមមាញឹកខ្លាំង ក្នុងការអភិវឌ្ឍគម្រោងធំៗជាច្រើន ដែលបានប្រែក្លាយតំបន់ដ៏មានប្រជាប្រិយភាពមួយនេះពីតំបន់លំហែកាយ ទៅជាតំបន់ដ៏មានសក្តានុពលថ្មីមួយសម្រាប់ការអភិវឌ្ឍន៍ទីក្រុងរណប ក្នុងចំណោមតំបន់អភិវឌ្ឍនានាជុំវិញរាជធានីភ្នំពេញ។
មូលហេតុដែលជំរុញអោយវិនិយោគិនធំៗងាកមកអភិវឌ្ឍតំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះមានភាព រីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប ដែលមានសណ្ឋានដីធំទូលាយ អំណោយផលដ៏ល្អប្រសើរសម្រាប់វិនិយោគ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់មានលក្ខណៈធំទូលាយ ព្រមទាំងស្ថានភាពចរាចរមិនកកស្ទះមានភាពងាយស្រួល បង្ករអោយការធ្វើដំណើរល្អប្រសើរជាងតំបន់កណ្តាលទីក្រុង ថែមទាញតំបន់ជ្រោយជង្វារ កាន់តែមកជិតកណ្ដាលក្រុងថែមទៀត។
តំបន់ជ្រោយចង្វារ កំពុងតែអភិវឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលកំពុងតែរីកដុះដាលទៅដោយ អគារពាណិជ្ជកម្មខ្ពស់ៗ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន តំបន់កម្សាន្ដ ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងប្រជុំជន ជាតំបន់សេដ្ឋកិច្ច កាន់តែអំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ ជាពិសេសតំបន់ព្រែកលាបផ្ទាល់តែម្តង។
សូមបញ្ជក់ផងដែរថាបច្ចុប្បន្ននេះមានគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ជាច្រើន រួមគ្នាក្នុងនោះផងដែរ បុរី ប៉េង ហួត ដែលគេស្គាល់ថាជាក្រុមហ៊ុនលេចធ្លោឈានមុខគេមួយ ខាងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ក៏បានអភិវឌ្ឍគម្រោងរបស់ខ្លួន ចំនួនពីរផងដែរ គឺគម្រោង ដឹស្តា ជូមីរ៉ាហ៍ និង ដឹស្តា មុនីរ៉ាហ៍ ដែលនាំមកនូវគេហដ្ឋានរស់នៅក្នុងសហគមន៍ទំនើប ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វារ អោយក្លាយជាទីក្រុងរណបមួយនាពេលអនាគត។