ឧស្សាហកម្មទេសចរណ៍គឺជាវិស័យមួយ ដែលរងគ្រោះខ្លាំងជាងគេ ដោយសារវីរុសផ្លូវដង្ហើមថ្មី COVID-19 នេះ ដែលត្រូវបានបង្ខាំងការជួបជុំគ្នា ផ្អាកប្រព័ន្ធធ្វើដំណើរ និងតម្រូវឲ្យមនុស្សនៅមួយកន្លែង ជៀសវាងចេញទៅកាន់ទីប្រជុំជនជាដើម។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាច្រើន ក៏មានបំណងចង់ត្រឡប់មកកាន់ ដំណើរកម្សាន្តរបស់ពួកគេវិញឲ្យបានលឿនបំផុត នៅកន្លែងឈប់សម្រាកថ្មីៗ និងទិសដៅពេញនិយមជាច្រើន នៅជុំវិញពិភពលោក។
បើយោងតាមក្រុមហ៊ុនលក់សំបុត្រនៃដំណើរកម្សាន្តទៅកាន់ ទិសដៅទេសចរណ៍ដ៏ពេញនិយមជាច្រើន (Booking.com) បានធ្វើការកត់ត្រាបញ្ជីឈ្មោះនៃការកក់ទុកសំបុត្រជាមុន នៅលើកម្មវិធីទូរសព្ទមានចំនួនកើនឡើងយ៉ាងខ្លាំង ដែលភាគច្រើនត្រូវបានកក់ដោយ ប្រជាជនដែលសម្រាកនៅផ្ទះ (quarantine) នៅជុំវិញពិភពលោក កាលពីខែមីនា និងមេសាកន្លងទៅ។
នៅក្នុងបញ្ជីនោះ កោះបាលី ស្ថិតនៅលើចំណាត់ថ្នាក់ទី 2 ក្នុងចំណោមទិសដៅទេសចរណ៍ដែលគួរឲ្យចង់ទៅបំផុត។ កោះនេះត្រូវបានជាប់ឈ្មោះនៅក្នុងបញ្ជីកក់ទុកមុនរបស់ Booking.com ជាមួយនឹងទិសដៅទេសចរណ៍ លំដាប់អន្តរជាតិដទៃទៀតដែលមានដូចជា Andalusia និង Catalonia នៅប្រទេសអេស៉្បាញ ក៏ដូចជារដ្ឋ Florida របស់សហរដ្ឋអាមេរិក ដែលមាន Krasnodar Krai របស់ប្រទេសរុស្សី ជាប់ចំណាត់ថ្នាក់កំពូល។
នៅក្នុងសេចក្តីថ្លែងការណ៍ Booking.com បាននិយាយថា បញ្ជីនេះ គឺផ្អែកលើចំនួននៃការចូលចិត្ត សម្រាប់ទ្រព្យសម្បត្តិ ដែលបានចុះបញ្ជីនិងមានឈ្មោះ នៅលើកម្មវិធីទូរសព្ទរបស់ខ្លួន (Booking.com ‘s Mobile App)។ ទិន្នន័យនេះត្រូវបានចងក្រង និងប្រមូលមកពីក្នុងខែមីនានិងមេសា ហើយប្រៀបធៀបនឹងទិន្នន័យស្រដៀងគ្នា នៅក្នុងខែមីនានិងខែមេសា កាលពីឆ្នាំ 2019។
ក្រៅពីកោះបាលី នៅមានទិសដៅទេសចរណ៍ឥណ្ឌូនេស៊ីចំនួន 27 នៅក្នុងបញ្ជីផងដែរ ដូចជា West Nusa Tenggara, Jakarta, Yogyakarta និង West Java។ បញ្ជីនេះក៏បានបង្ហាញផងដែរថា អ្នកប្រើប្រាស់ជនជាតិឥណ្ឌូនេស៊ី នៅលើកម្មវិធី នៅមានភាពស្ទាក់ស្ទើរ ក្នុងការរៀបចំផែនការ ធ្វើដំណើរអន្តរជាតិបន្ទាប់ពីការឆ្លងរាតត្បាត ត្រូវបានបញ្ចប់។
ប្រហែល 76% នៃបញ្ជីឈ្មោះអ្នកប្រើប្រាស់មានសញ្ជាតិឥណ្ឌូណេស៊ី បានកក់សំបុត្រដំណើរកម្សាន្តនៃទិសដៅក្នុងស្រុកពេញនិយមរួមមាន ដំណើរកម្សាន្តពេលថ្ងៃ និងទីតាំងដែលមានឆ្នេរខ្សាច់ មានដូចជា Yogyakarta, Jakarta, Bandung នៅ West Java, Ubud និង Seminyak នៅកោះបាលី។ ទន្ទឹមនឹងនេះដែរ ទិសដៅទេសចរណ៍លំដាប់អន្តរជាតិ ដែលត្រូវបាន ជាប់ក្នុងបញ្ជី គឺពោពេញដោយទីតាំងភាគច្រើន ដែលមាននៅក្នុងបណ្តាប្រទេសអាស៊ាន ដែលមានដូចជា ទីក្រុងតូក្យូ កូឡាឡាំពួ សិង្ហបុរី បាងកក និងសេអ៊ូល។ គួររំលឹកផងដែរថា កាលពីថ្ងៃសៅរ៍ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កោះបាលីអាចបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរ នៅខែតុលា បន្ទាប់ពីរដ្ឋាភិបាលទទួលបានភាពជោគជ័យ ក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃវីរុស COVID-19 នេះ។ ប្រសិនបើការឆ្លងរីករាលដាល នៅតែបន្តមាន តែស្ថិតនៅក្នុងកម្រិតទាប ក្រសួងទេសចរណ៍ និងខាងក្រសួងសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ក៏កំពុងសំលឹងរកគោលដៅធ្វើឱ្យប្រសើរឡើងវិញនូវទិសដៅទេសចរណ៍របស់ខ្លួន និងធ្វើការផ្សព្វផ្សាយ សម្រាប់ផ្នែកខ្លះនៃទីតាំងទេសចរណ៍ក្នុងប្រទេស រួមទាំងកោះបាលីផងដែរ នៅក្នុងចន្លោះ ខែមិថុនា ដល់ខែតុលា។