កំពត៖ គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដែលកកើតឡើងវិញ ពោលគឺប្រើប្រាស់កម្លាំងខ្យល់ ស្ថិតនៅភ្នំបូកគោ កំពុងតែដំណើរការជាបន្តបន្ទាប់ ហើយក្នុងនោះ រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំគម្រោងបង្កើតជាឧទ្យាជាតិ សម្ដេចតេជោ ហ៊ុន សែន មួយបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅតំបន់សហគមន៍ នៃឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ។
យោងតាមកិច្ចប្រជុំ នៃរដ្ឋបាលខេត្តកំពត ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ក្រោមវត្តមានឯកឧត្តម កែវ រតនៈរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ត្រី ជាតំណាងក្រសួង មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ស្ថិតក្នុងកិច្ចប្រជុំនេះ បានបង្ហាញឱ្យឃើញអំពីគម្រោងសាងសង់នូវសារមន្ទីរថាមពលកើតឡើងវិញថ្មីមួយនៅលើភ្នំបូកគោ និងការបង្កើតជាឧទ្យានជាតិសម្ដេច ហ៊ុន សែន កំពត ជាគម្រោង ដែលកំណត់តាមអានុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា ដើម្បីបន្តការអនុវត្ត ដំណើរការគម្រោងសាងសង់ នៅក្នុងឆ្នាំ ២០២០ នេះ និងបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខ។
គម្រោងនេះ មានទីតាំងស្ថិតនៅ តំបន់សហគមន៍ នៃឧទ្យានជាតិព្រះមន្នីវង្ស បូកគោ គ្រោងសាងសង់នៅលើផ្ទៃដីកោះទំហំ ៨,៦០ ហិចតា នៅក្នុងភូមិសាស្ត្រភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។ យ៉ាងណាក៏ដោយគម្រោងនេះ នៅមិនទាន់ ឲ្យដឹងពីទំហំនៃការប្រើប្រាក់ថវិកានៅឡើយ ប៉ុន្តែទំហំការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានច្រើនគួរសម ដែលបម្រើឱ្យទាំងការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹងពីបច្ចេកវិទ្យាវិស័យវារីអគ្គិសនីនៅកម្ពុជា និងបំរើឲ្យវិស័យទេចរណ៍ក្នុងតំបន់នៃខេត្តកំពតនេះផងដែរ។ ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត បានសំដែងការគាំទ្រដល់ការអនុវត្តនូវគម្រោងជាតិដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងស្មារតីឆន្ទៈ សហការ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងសម្រេចបានជាសមិទ្ធផលរបស់ប្រទេសជាតិជាប្រវត្តិសាស្រ្ត សម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។
ជាមួយគ្នានេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹងបទពិសោធន៍នៅនឹងកន្លែងដូចស្រុកគេ ដើម្បីជាការស្រាវជ្រាវរៀនសូត្រស្វែងយល់ជាសាធារណជនទូទៅនៅពុំទាន់មាននៅឡើយទេ។ ដូច្នេះគោលដៅនៃគម្រោងនេះ ផ្តោតសំខាន់លើបញ្ហាពីរ គឺទី១ សំដៅការបង្កើតឲ្យមានជាបណ្ដុំវ៉ារីអគ្គិសនីនៅ តាមបណ្ដាខេត្តទាំងឡាយមួយចំនួនដែលមានក្នុងប្រទេសកម្ពុជាសម្រាប់ និងទី ២ ការដាក់ឧទ្យានជាតិនេះ គឺសំដៅដល់ការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកកំសាន្តនៅតំបន់នេះកាន់តែច្រើន និងក៏ជាសមិទ្ធផលថ្មីរបស់ជាតិក៏ដូចជាសមិទ្ធផលសម្រាប់ខេត្តកំពតផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពត