គម្រោងជួសជុលឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ៣ មានប្រវែងសរុប ១៣៤ គីឡូម៉ែត្រដែលគិតចាប់ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ទៅដល់ក្រុងកំពត ត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ឡើងកាលពីខែឧសភា ឆ្នាំ ២០១៨ ដែលគិតមកដល់ខែឧសភា ឆ្នាំ២០២០ ការជួសជុលសម្រេចបានប្រហែល ៧៦% មកហើយ ដូចនេះការស្ថាបនាអាចនឹងបញ្ចប់ជាស្ថាបពរមុនពេលកំណត់ទៅទៀត បើយោងតាមការអះអាងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅថ្ងៃទី ២១ ខែឧសភា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យគុណភាពនៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ ៣ ដែលមានប្រវែងសរុប ១៣៤.៨២៦ គីឡូម៉ែត្រ ដែលការជួសជុលបែងចែកចេញជា ២ ដំណាក់កាល៖ ដំណាក់កាលទី ១ ពីចោមចៅ (ភ្នំពេញ) ទៅដល់បែកគុស ប្រវែង ៦៩.៩ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ២៤.៥ ម៉ែត្រ (បែងចែកជា ៤ គន្លង) ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ ចំណែកឯដំណាក់កាលពី ២ វិញ ចេញពីបែកគុស ទៅដល់ក្រុងកំពតមានប្រវែង ៦៤.៩២៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ AC កម្រាស់ ៧ សង់ទីម៉ែត្រនិងមានទទឹង ១២ ម៉ែត្រចែកជា ២ គន្លង។
គម្រោងជួសជុលខាងលើ នឹងត្រូវចំណាយថវិកាប្រមាណ ២១៩.៩១១ លានដុល្លារ ជាហិរញ្ញប្បទានសម្បទាន ពីសាធារដ្ឋប្រជាមានិតចិន រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគម្រោងត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (China Road and Bridge Corporation) ដែលគម្រោងត្រូវជួសជុលរយៈពេល ៤៨ ខែ ពោលគឺគម្រោងនឹងបញ្ជប់នៅខែឧសភា ឆ្នាំ២០២២។ ប៉ុន្តែដោយសារការស្ថាបនាយ៉ាងរលូន ដូចនេះគម្រោងអាចបញ្ជប់នៅចុងឆ្នាំ ២០២១ ខាងមុខនេះហើយ។