នៅថ្ងៃទី ២២ ខែឧសភានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តនូវគម្រោងវិនិយោគបរទេសចំនួន ៥ គម្រោងដែលក្នុងនោះរួមមានគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ គម្រោងរោងចក្រថាមពលអគ្គិសនី គម្រោងរោងចក្រផលិតក្ដារបន្ទះការ៉ូ និងរោងចក្រផលិតស៊ីឡាំងផងដែរ ដែលសរុបជាទឹកប្រាក់ ១៦៨.៩ លានដុល្លារ និងបង្កើតការងារបានសរុប ១,៧៧៦ កន្លែង។
១. ក្រុមហ៊ុន Yang Wang (Cambodia) Co., Ltd ស្នើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ៧០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ១០៧.៩ លានដុល្លារ អាចបង្កើតការងារបាន ៨៥៨ កន្លែង។
២. ក្រុមហ៊ុន Prospect Energy (Cambodia) Co., Ltd ស្នើរសុំគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៩ លានដុល្លារ និងអាចបង្កើតកាងារបាន ២៩៨ កន្លែង។
៣. ក្រុមហ៊ុន Rising Energy (Cambodia) Battambang Co., Ltd ស្នើរសុំវិនិយោគបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ៥០.៩ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០ កន្លែង។
ដោយឡែក សម្រាប់នៅតំបន់សេដ្ឋកិច្ចពិសេសវិញ (ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគ ២ បន្ថែមទៀតផងដែរ ក្នុងនោះគឺរោងចក្រការ៉ូ និងរោងចក្រផលិតស៊ីឡាំង៖
១. ក្រុមហ៊ុន Compico Global Flooring Co., Ltd សំណើរគម្រោងបង្កើតរោងចក្រផលិតក្ដារបន្ទះ ក្ដារប៉ាកេរ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិច និងបង្កើតការងារបាន ២៥០ កន្លែង។
២. ក្រុមហ៊ុន JL Cool Refrigeration Technology Co., Ltd សំណើរសុំវិនិយោគបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូរទឹកកក មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ១.២ លានដុល្លារ និងបង្កើតការងារបាន ៣២០ កន្លែង។