មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កំពុងសិក្សាបង្កើតរមណីដ្ឋានទេសចរណ៍កែច្នៃបន្ថែមនៅតាមដងវិថីបុប្ផាលាក់ខ្លួន!

វិថីបុប្ផាលាក់ខ្លួន ជាឈ្មោះដែលត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ដាក់អោយលើផ្លូវជាតិលេខ ៥៥ ដែលជាផ្លូវភ្នំពិបាកសាងសង់បំផុតក្នុងប្រទេសកម្ពុជា ហើយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ផ្លូវនេះមិនត្រូវតែជាសរសៃឈាមក្នុងការភ្ជាប់សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងលើកម្ពស់សក្ដានុពលវិស័យទេសចរណ៍ក្នុងតំបន់ថែមមួយកម្រិតទៀត ជាពិសេសគឺទេសចរណ៍ធម្មជាតិ រមណីដ្ឋានកែច្នៃ ដែលត្រៀមនឹងបង្កើតឡើងជាច្រើនកន្លែងនៅពេលខាងមុខ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបង្ហាញថា វិថីបុប្ផាលាក់ខ្លួនជាតំបន់ដែលមានចន្លោះក្នុងការអភិវឌ្ឍន៍តំបន់ទេសចរណ៍កែច្នៃច្រើន ដែលគួបផ្សំនិងតំបន់ទេសចរណ៍ធម្មជាតិដែលមានស្រាប់ដូចជាតំបន់ទឹកធ្លាក់ តំបន់ទស្សនាភ្នំ ១៥០០ តំបន់ធនធានធម្មជាតិក្រពើ ២ ភ្នំទំព័រ និងតំបន់អភិរក្សធម្មជាតិនិងសត្វព្រៃខេត្តពោធិ៍សាត់ជាដើម។ 

ផ្លូវដ៏ក្រវេចក្រវៀនឡើងចុះ ជាមួយទេសភាពធម្មជាតិព្រៃភ្នំបៃតងដ៏ស្រល់ត្រកាលមួយនេះ កំពុងតែទាក់ទាញអារម្មណ៍អ្នកដែលស្រលាញ់ទេសភាពធម្មជាតិ ចង់មកស្គាល់ និងមកកម្សាន្ដ ថែមទាំងអាចមកតំបន់ទេសចរណ៍ធម្មជាតិដែលមានស្រាប់ទៀតផង ដូចនេះការអភិវឌ្ឍន៍តំបន់ទេសចរណ៍រមណីដ្ឋានកែច្នៃបន្ថែមទៀត នឹងធ្វើឲ្យតំបន់នេះកាន់តែមានភាពល្បីល្បាញបន្ថែមទៀត។ អញ្ចឹងហើយ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កំពុងតែសិក្សាទៅលើលទ្ធភាពនៃការអភិវឌ្ឍន៍រមណីដ្ឋានទេសចរណ៍ផ្សេងៗតាមបណ្ដោយផ្លូវជាតិលេខ ៥៥ ក្នុងនោះមានដូចជាតំបន់ភ្នំទំព័រ ដែលបានចេញសម្បទាវិនិយោគរមណីដ្ឋានមកហើយដែលមានទេសចរផ្សងព្រេង និងទេសចរកម្សាន្ដ ហើយឥឡូវនេះកំពុងសិក្សាបន្ថែមទៅលើតំបន់អូនសោម ដែលមានទេសភាពស្រស់ស្អាតបំផុតមួយ នៅពេលផ្លូវជាតិលេខ ១០ ស្ថាបនារួចរាល់ តំបន់នោះនឹងមានស្ពានលើភ្នំខ្ពស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា វិថីបុប្ផាលាក់ខ្លួន ឬផ្លូវជាតិលេខ ៥៥ មានប្រវែងសរុបជាង ១៨២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ដែលបានចំណាយការសាងសង់អស់ ១៣.២៨០ លានដុល្លារ និងទើបតែបានដាក់សម្ពោធជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២០ នេះប៉ុណ្ណោះ។ ផ្លូវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ចកម្ពុជា ពិសេសបណ្ដាខេត្តនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ ដែលជួយសម្រួលការតភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាងខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង លើកស្ទួយប្រសិទ្ធភាពនៃការដោះដូរទំនិញពាណិជ្ជកម្មអន្តរជាតិ ដំណាំកសិផល កសិឧស្សាហកម្ម ការវិនិយោគ និងវិស័យទេសចរណ៍ផងដែរ។