ទម្លាប់សាមញ្ញតូចៗទាំង 12 នេះអាចបញ្ជាក់ប្រាប់អ្នកដទៃថា អ្នកគឺជាមនុស្សមានភាពវាងវៃ ដោយមិនចាំបាច់និយាយចេញឡើយ!



មានសកម្មភាពជាច្រើន នៅក្នុងទម្លាប់មនុស្សទូទៅ អាចឆ្លុះបញ្ចាំងប្រាប់សង្គមនៅជុំវិញខ្លួនពួកគេបានថា តើគេគឺជាមនុស្សប្រភេទណា មានសមត្ថភាពអាចធ្វើអ្វីបានខ្លះ? ពេលខ្លះ មិនចាំបាច់និយាយចេញឡើយ សកម្មភាពរបស់អ្នក នឹងអាចធ្វើឲ្យអ្នកដទៃនៅជុំវិញខ្លួន អាចស្គាល់ និងស្មានដឹងរួចបាត់ទៅហើយ ថាអ្នកគឺជាមនុស្សប្រភេទណា។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបង្ហាញពីទម្លាប់សាមញ្ញតូចៗទាំង 12 ដែលអាចបញ្ជាក់ប្រាប់អ្នកដទៃបានថា អ្នកគឺជាមនុស្សមានភាពវាងវៃ ដោយមិនចាំបាច់ឲ្យអ្នកនិយាយចេញឡើយ។



1. បង្ហាញវត្តមាន ឲ្យទាន់ពេលវេលា



ចំណុចនេះគឺជាផ្នែកដ៏សំខាន់ និងសាមញ្ញបំផុតនៅក្នុងទម្លាប់ទាំង 12។ បើសិនជាអ្នកមកយឺត បានន័យថា អ្នកមិនគោរពពេលវេលា និងមនុស្សនៅជុំវិញខ្លួនអ្នកនោះឡើយ។ វាគឺជារឿងមួយដែលមិនចាំបាច់ដឹងពីហេតុផលជាមុន ដែលធ្វើឲ្យអ្នក មកយឺតនោះទេ ប៉ុន្តែអ្នកដទៃអាចធ្វើការវាយតម្លៃមកលើអ្នកបាត់ទៅហើយ។ អាចដែរ ដែលថាសំណាងមួយក្នុង 100 បើសិនជាមនុស្សដែលអ្នកណាត់ជួបនោះ កំពុងតែជួបនូវបញ្ហាមកយឺតដូចជាអ្នកដែរ ឬអាចមកតំណាលគ្នា យឺតជាងម៉ោងដែលបានកំណត់សម្រាប់ការណាត់ជួប។ ប៉ុន្តែនៅតែជាការល្អបំផុត ដែលអ្នកត្រូវតែមកឲ្យបានមុនម៉ោង ឬឲ្យទាន់ពេលវេលា។



2. ស្លៀកពាក់ឲ្យបានសមរម្យ



ចៀសវាងស្លៀកពាក់បែបលេចធ្លោពេក ឬអន់ពេក។ ត្រូវតែស្លៀកពាក់ឲ្យស្រប នឹងស្ថានភាព ឬកន្លែងដែលអ្នកត្រូវទៅ។ អ្នកគួរតែចំណាយពេលក្នុងការគិត ជាមុនសិន ថាអ្នកនឹងទៅកន្លែងណា និងទៅដើម្បីអ្វី ឬចូលទៅក្នុងចំណោមហ្វូងមនុស្សប្រភេទណា? ការស្លៀកពាក់ឲ្យបានសមរម្យនឹងជួយអ្នក ឲ្យមានភាពលេចធ្លោ និងងាយស្រួលជ្រៀតចូលទៅក្នុងចំណោមប្រភេទមនុស្ស។



3. ចងចាំ សូម្បីរឿងតូចៗ


អាថ៌កំបាំងពិតនៃគន្លឹះសុភមង្គល គឺចាប់ផ្តើមពីការចាប់អារម្មណ៍ទៅលើភាពលម្អិត គ្រប់យ៉ាងនៃជីវិតរស់នៅប្រចាំថ្ងៃ។” ដកស្រង់ចេញពីសម្តីរបស់លោក William Morris។ 

ប្រសិនបើអ្នកអាចចាំបានសូម្បីតែរឿងតូចៗ នោះមនុស្សជាច្រើននៅជុំវិញខ្លួន នឹងតែងតែគិតដល់អ្នកគ្រប់ស្ថានការណ៍។ ពេលខ្លះ អ្វីដែលអ្នកអាចនិយាយថា “អ្នកចូលចិត្តកាហ្វេដែលមានរសជាតិ បែបរាងចាស់បន្តិច ហើយបើតាមខ្ញុំចាំ​អ្នកក៏មិនចូលចិត្តផ្អែមពេកដែរ ចឹងខ្ញុំរើសយកកាហ្វេចាស់ឲ្យអ្នក និងដាក់ស្ករត្រឹម 40%” ត្រឹមតែប៉ុននេះ អ្នកអាចធ្វើឲ្យនរណាម្នាក់ចាត់ទុកអ្នក ជាមិត្តជិតស្និទ្ធបានក្នុងរយៈពេលយ៉ាងខ្លី។ ដូចដែលគេតែងតែលើកឡើងថា ការស្តាប់ និងការចងចាំ បង្ហាញពីការយកចិត្តទុកដាក់។



4. តែងបើកទ្វារ សម្រាប់អ្នកដទៃមុននឹងចេញទៅណាមួយ


អាចរាប់បានថា វាជាសកម្មភាពសាមញ្ញដ៏តូចមួយ ដែលមុននឹងរៀបចំទៅណាមួយ អ្នកគឺជាមនុស្សតែម្នាក់ដែលតែងតែ ឈរចាំនៅមាត់ទ្វារមុនគេ និងបើកទ្វារឲ្យអ្នកដទៃ ឬមនុស្សដែលនឹងទៅជាមួយអ្នក ឲ្យពួកគេបានចេញទៅខាងក្រៅមុន។ វាគឺជាសកម្មភាពបង្ហាញពីការគោរពសិទ្ធិ ឲ្យតម្លៃ និងតែងតែគិតដល់អ្នកដទៃ មុនខ្លួនឯង។



5. ការតុបតែងកន្លែងរស់នៅរបស់អ្នក ឲ្យសាកសមនឹងចរិកឬកពាររបស់អ្នក


ពេលខ្លះការតុបតែង រចនាផ្ទះ បន្ទប់គេង បន្ទប់ធ្វើការផ្ទាល់ខ្លួន និងសូម្បីតែកន្លែងអង្គុយធ្វើការនៅក្រុមហ៊ុនរបស់អ្នក អាចបង្ហាញអ្នកដទៃឲ្យស្គាល់អ្នកកាន់តែច្បាស់។ ធ្លាប់ដែរអត់ ពេលដែលអ្នកទៅលេងផ្ទះ នរណាម្នាក់ដែលអ្នកស្គាល់ដូចជាមិត្តភក្ត្រ ឬសាច់ញាតិរបស់អ្នក គ្រាន់តែចូលទៅដល់ភ្លាម អ្នកអាចនឹងអង្គុយចាំពួកគេនៅបន្ទប់ទទួលភ្ញៀវ អ្នកអាចនឹងញ៉ាំទឹក រួចក្រឡេកមើលនៅជុំវិញខ្លួនអ្នក ឃើញការរៀបចំផ្ទះ ការតុបតែងបន្ទប់ និងសូម្បីការដាក់តាំងគ្រឿងសង្ហារឹម ឬររូបគំនូរផ្សេងៗ អាចនឹងឲ្យអ្នកទាយបានភ្លាមតែម្តង ថាគាត់ជាមនុស្សបែបណា និងគួរឲ្យចូលចិត្តដែរអត់?



6. ស្បែកជើងរបស់អ្នក




ស្រដៀងទៅនឹងការស្លៀកសំលៀកបំពាក់ឲ្យបានសមរម្យដែរ ពេលខ្លះគ្រាន់តែអ្នកជុំវិញខ្លួន ឃើញអ្នកពាក់ស្បែកជើងប្រភេទអី ពួកគេអាចវាយតម្លៃអ្នកបានភ្លាម។ ស្បែកជើងក្រវ៉ាត់កែង ជាមនុស្សរាងបុរាណ, ស្បែកជើងផ្ទាត់ ជាមនុស្សបែបធម្មតា និងមិនសូវធូរធា, ស្បែកជើងបែប Sneaker ជាមនុស្សទាន់សម័យ និងចូលចិត្តភាពហឺហា, ស្បែកជើងឃ្វា​ ជាមនុស្សចាស់ទុំ និងភាគច្រើនជាបុគ្គលិកការិយាល័យ ឬតាមស្ថាប័នរដ្ឋផ្សេងៗ និងស្បែកជើងចងខ្សែបែបចាស់ ភាគច្រើនជាប៉ូលីស ទាហ៊ានជាដើម។



7. នៅពេលដែលអ្នកកត់ចំណាអ្វីមួយ

នៅពេលដែលអ្នកតែងតែធ្វើកំណត់ចំណាំ រាល់ពេលដែលមានការណាត់ជួប ការប្រជុំ វានឹងបង្ហាញថាអ្នកគឺជាមនុស្សដែលមានការយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ អ្នកនឹងអាចបញ្ចប់ការងារ ឬភារកិច្ចណាមួយបានទាន់ពេលវេលា និងបានត្រឹមត្រូវទៀតផង។ 



8. ផ្ទាំង Desktop នៅលើកុំព្យូទ័ររបស់អ្នក


មានដែលកត់ចំណាំដែរអត់ សម្រាប់មិត្តរួមក្រុម ឬមិត្តរួមការងាររបស់អ្នក ដែលពេលដែលអ្នកទៅជួបពួកគេ នៅកន្លែងគេអង្គុយម្តងៗ? អ្នកខ្លះ គាត់មានផ្ទាំង Desktop ស្កេកស្កះពេញហ្នឹង មិនមានផ្ទាំង Wallpaper ត្រឹមត្រូវទៀត ពិបាកមើល ឬរកអ្វីមួយដែលចាំបាច់នៅលើនោះតែម្តង ដែលនឹងត្រូវចំណាយពេលយូរក្នុងការរក។ អ្នកអាចវាយតម្លៃថា គេនោះជាមនុស្សខ្ជីខ្ជា និងគ្មានសណ្តាប់ធ្នាប់។ ដោយឡែក បើមានការរៀបចំល្អវិញនោះ អ្នកប្រាកដជាយល់ថា គេជាមនុស្សដែលមានសណ្តាប់ធ្នាប់ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈខ្ពស់។



9. ការចាយលុយ



ទង្វើនេះគឺជាផ្នែកមួយសំខាន់ផងដែរ។ មនុស្សដែលអ្នកបានជួប ឬនៅជុំវិញខ្លួនអ្នក នឹងធ្វើការវាយតម្លៃមកលើអ្នកទៅលើការចាយវាយរបស់អ្នក។ អ្នកត្រូវគិតជាមុន ហើយត្រូវដឹងថា តើអ្នកណាដែលត្រូវចំណាយទៅលើ? នៅពេលណា និងនៅកន្លែងណា?



10. របៀបដែលអ្នក វិនិយោគទៅលើពេលវេលារបស់អ្នក


សកម្មភាពដែលអ្នកតែងតែធ្វើ នៅក្នុងពេលវេលាផ្ទាល់ខ្លួនរបស់អ្នក គឺជាអំណះអំណាងដែលមានឥទ្ធិពលបំផុតនៃអាទិភាពរបស់អ្នក និងទាក់ភ្នែកអ្នកដទៃក្នុងការវាយតម្លៃមកលើខ្លួនអ្នក។ តើអ្នកចំណាយពេលវេលា សម្រាប់ធ្វើការ ឬរៀនសូត្របន្ថែម ក្នុងការពង្រីកជំនាញ និងចំណេះដឹងបន្ថែមទេ? តើការងារដែលអ្នកធ្វើនៅក្នុងពេលវេលាទាំងនោះ បង្ហាញចេញជាលទ្ធផលយ៉ាងណាខ្លះ? តើក្នុងរយៈពេលត្រឹម 2 ឬ 3 ឆ្នាំ អ្នកមានការវិវត្តន៍ខ្លួនដូចម្តេចខ្លះ? ឬអ្នកចំណាយពេលវេលា ទៅលើសកម្មភាពអត់ប្រយោជន៍ និងបន្តភាពខ្ជិលច្រអូស?



11. ម្ហូបដែលអ្នកញ៉ាំ


ទម្លាប់នេះ គឺជាការបង្ហាញមួយដល់អ្នកនៅជុំវិញខ្លួន ថាតើអ្នកជាមនុស្សដែលជ្រើសរើសម្ហូបញ៉ាំរបៀបណា? ម្ហូបល្អសម្រាប់សុខភាព ឬម្ហូបជំនួយសុខភាពក្នុងរយៈពេលវែង? ឬគ្រាន់តែជាម្ហូបត្រឹមតែឆ្ងាញ់មួយមុខ តាមដែលចិត្តចង់ តែផ្តល់ផលប៉ះពាល់នៅថ្ងៃក្រោយ? ម្ហូបថ្លៃៗ ឬម្ហូបបែបនៅតាមហាងតូចៗ? វាឆ្លុះបញ្ចាំងពីការតាំងចិត្តច្បាស់លាស់របស់អ្នក ចរិតឬកពារ ការចំណាយ និងការគិតគូរ ក្នុងគំលាតរយៈពេលណាមួយ។



12.  រង្វង់នៃមិត្តភ័ក្រ្តរបស់អ្នក

អ្នកអាចរាប់ខ្លួនអ្នកបានថា ជាការឆ្លុះបញ្ចាំងរបស់រង្វង់មិត្តភ័ក្រ្តបួនប្រាំនាក់ ដែលអ្នកតែងតែចំណាយប្រចាំថ្ងៃយ៉ាងច្រើនជាមួយពួកគេ។”

មិត្តភ័ក្ត្រដែលធ្លាប់ និងចូលរួមចំណាយពេលវេលាប្រចាំថ្ងៃយ៉ាងច្រើននៃជីវិតរបស់ពួកគេ ជាមួយអ្នក ចូលរួមពិភាក្សាពីទស្សនៈជីវិតរបស់អ្នក មានជំនឿ និងគោលដៅស្រដៀងគ្នាច្រើន អាចរាប់បានថាជាមនុស្សដែលសំខាន់បំផុត។ អាចធ្វើរឿងទាំងនេះបាន លុះត្រាតែអ្នកនិងមិត្តរបស់អ្នក មានចរិតឬកពា និងផ្នត់គំនិតស្រដៀងគ្នា ឬស្ថិតនៅក្នុងប្រភេទមនុស្សតែមួយ។ គ្រាន់តែអ្នកជុំវិញខ្លួនដែលបានស្គាល់មិត្តភ័ក្រ្តរបស់អ្នក ហើយដឹងថាអ្នកគឺជាមិត្តនឹងគ្នា ពួកគេអាចវិនិច្ឆ័យបានបាត់ទៅហើយ ថាអ្នកគឺជាមនុស្សប្រភេទណា។

មួយវិញទៀត ប្រសិនបើអ្នកចង់អភិវឌ្ឍខ្លួន សូមចំណាយពេលជាមួយមនុស្សដែលឱ្យតម្លៃខ្លួនឯង និងចង់វិវត្តខ្លួនជានិច្ច។