គម្រោងវិនិយោគចំនួន ៦ កន្លែងស្មើនឹងទឹកប្រាក់ជាង ២៧៣ លានដុល្លារ ត្រូវបានអនុម័តក្នុងសប្ដាហ៍នេះ!

នៅក្នុងសប្ដាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តនូវសំណើរគម្រោងវិនិយោគចំនួន ៦ កន្លែងមកហើយក្នុងរាជធានី-ខេត្តចំនួន ៦ រួមមានខេត្តកំពត, ពោធិ៍សាត់, កណ្ដាល, កំពង់ស្ពឹ, កំពង់ចាម និងរាជធានីភ្នំពេញ ដែលស្មើនឹងទឹកប្រាក់ប្រមាណ ២៧៣.៥ លានដុល្លារ អាចបង្កើតការងារជូនពលរដ្ឋចំនួន ៤,១៥០ កន្លែង។

១. ក្រុមហ៊ុន Virtus Green Plantations (Cambodia) Pte., Ltd សំណើរសុំវិនិយោគកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) ដែលមានទីតាំងស្ថិតនៅតំបន់ប្រើប្រាស់ចីរភាពនៃឧទ្យានជាតិព្រះមុន្នីវង្ស (បូកគោ) ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១.៧ លានដុល្លារ អាចបង្កើតការងារបាន ២,០៧០ កន្លែង។

២. ក្រុមហ៊ុន Cam M J Agricultural Co., Ltd សំណើរវិនិយោគរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៥ លានដុល្លារ អាចបង្កើតការងារបាន ១,២១៦ កន្លែង។

៣. ក្រុមហ៊ុន Hounen Solar Inc Co., Ltd សំណើរវិនិយោគរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងស្ថិតនៅភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុងអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៩.៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥០ កន្លែង។

៤. ក្រុមហ៊ុន SPHP (Cambodia) Co., Ltd សំណើរវិនិយោគគម្រោងអភិវឌ្ឍន៍អគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព ៨០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានទុនវិនិយោគចំនួន ២៣១.១ លានដុល្លារ អាចបង្កើតការងារ ៨១ កន្លែង។ 

៥. ក្រុមហ៊ុន Poly Timpex (Cambodia) Enterprise Co., Ltd សំណើរវិនិយោគរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២.៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១០០ កន្លែង។

៦. ក្រុមហ៊ុន Sure Fancy Leather Goods Manufacturer Co., Ltd សំណើរវិនិយោគរោងចក្រផលិតស្បែកជើង ដែលមានទីតាំងនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩ លានដុល្លារ អាចបង្កើតការងារចំនួន ៤៣៣ កន្លែង។