ក្រុមហ៊ុនអាកាសចរណ៍របស់ថៃ “Thai Lion Air” ចាប់ផ្តើមលក់សំបុត្រជូនអ្នកដំណើរវិញហើយ ដោយរំពឹងថារដ្ឋាភិបាលនឹងបើកដំណើរការ ជើងហោះហើរអន្តរជាតិឡើងវិញ នៅក្នុងខែសីហាខាងមុខ!



ក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air បានចាប់ផ្តើមដាក់លក់សំបុត្រយន្តហោះជូនអ្នកដំណើរឡើងវិញហើយ សម្រាប់ជើងហោះហើររវាងទីក្រុងបាងកក-ហ្សាកាតា ដោយក្រុមហ៊ុនមួយនេះសង្ឃឹមថា រដ្ឋាភិបាលរបស់ថៃនឹងប្រកាសបើកជើងហោះអន្តរជាតិជាលើកដំបូងឡើងវិញ នៅក្នុងខែសីហាខាងមុខនេះ។



ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា នឹងមានដំណឹងល្អសម្រាប់ទីផ្សារជើងហោះហើរអន្តរជាតិ ប្រសិនបើអជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ថៃ មិនពន្យារពេល បទបញ្ញត្តិហាមឃាត់ការហោះហើរអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី 30 មិថុនាឆាប់ៗខាងមុខនេះ។




ក្រៅពីគោលដៅហោះហើររវាងទីក្រុងបាងកក-ហ្សាកាតានេះ ក្រុមហ៊ុន Thai Lion Air គ្រោងនឹងចាប់ផ្តើមដំណើរការឡើងវិញ នៃគោលដៅហោះហើរផ្សេងទៀតដូចជាបាងកក ទៅសិង្ហបុរី, តៃវ៉ាន់, ចិន និងជប៉ុនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កាលវិភាគសម្រាប់ជើងហោះហើរទាំងនេះ មិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយទេ គឺវាអាស្រ័យលើវិធានការណ៍របស់រដ្ឋាភិបាលជាមុនសិន។


ក្រុមហ៊ុន Thai Lion Air ក៏មានបំណងចាប់ផ្តើម ជើងហោះហើររបស់ខ្លួននៅក្នុងប្រទេសឡើងវិញ រវាងទីក្រុងបាងកកនិងភូកេត នៅពាក់កណ្តាលខែនេះផងដែរ។

ក្រុមហ៊ុនក៏មានផែនការ បង្កើនសង្វាក់ផលិតកម្ម នៃជើងហោះហើរពីទីក្រុងបាងកកទៅឈៀងម៉ៃ, Ubon Ratchathani, Nakhon Si Thammarat, Surat Thani និង Hat Yai ដល់ទៅពីរដងក្នុងមួយសប្តាហ៍ទៀតផង ដោយសារតែប្រព័ន្ធហោះហើរក្នុងប្រទេស បានដំណើរការឡើងវិញ ចាប់តាំងពីចុងខែឧសភាមកម៉្លេះ។


ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា សម្រាប់អ្នកដែលត្រូវការ ជើងហោះហើរនៅពេលនេះ ភាគច្រើនជាអ្នកជំនួញ និងប្រជាជនថៃដែលចង់វិលត្រឡប់ទៅកាន់ ស្រុកកំណើតរបស់ពួកគេវិញ។