ក្រុមហ៊ុនស្ថាបត្យកម្ម UNStudio ទទួលបានការកោតសរសើរ សម្រាប់គម្រោង “Four Frankfurt” ជាសំណង់អគារធំៗចំនួនបួនជាប់គ្នានៅក្នុងទីតាំងស្នូលរបស់ទីក្រុងមួយ នៃប្រទេសអាឡឺម៉ង់



ក្រុមហ៊ុន UNStudio កំពុងស្ថិតនៅលេខរៀងកំពូល ទៅលើសំណង់ស្ថាបត្យកម្មធំៗ នៅក្នុងពេលថ្មីៗនេះ។ មិនត្រឹមតែទទួលបានច្បាប់អនុញ្ញាតទៅលើផែនការអគារខ្ពស់របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះទេ បច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានគេផ្តល់ឲ្យនូវបន្ទុកទទួលខុសត្រូវ ទៅលើសំណង់ឈានមុខគេបួន នៅក្នុងប្រទេសអាឡឺម៉ង់។ គម្រោងនៃអគារបួនបញ្ចូលគ្នាមួយនេះ មានឈ្មោះថា “Four Frankfurt” ដែលមានរួមបញ្ចូលនូវបរិវេណការិយាល័យ និងលំនៅដ្ឋាន ហើយនឹងត្រូវបើកនៅលើតំបន់ខាងក្នុងទីក្រុង ទៅកាន់ទីសាធារណៈ។



Four Frankfurt គឺជាផលិតផលនៃការប្រកួតប្រជែងខាងស្ថាបត្យកម្ម និងមានការចូលរួមពីខាងក្រុមហ៊ុន HPP Architects ផងដែរ ដែលក្រុមហ៊ុនទាំងពីរកំពុងសហការគ្នា និងរួមបញ្ចូលគ្នាជាឈ្មោះ UNS HPP ទៀតផង។

អគារខ្ពស់ជាងគេមួយ ក្នុងចំណោមទាំងបួននេះ នឹងឡើងដល់កម្ពស់ 228 ម៉ែត្រ (748 ហ្វីត) ហើយសម្រាប់អគារដែលនៅសល់បន្ទាប់មានកម្ពស់ 173 ម៉ែត្រ, 120 ម៉ែត្រ និង 100 ម៉ែត្រ។ អគារនីមួយៗមានលក្ខណៈពិសេសជាពណ៌ស (white detailing) នាំមកនូវលក្ខណៈសម្របចូលគ្នា ហើយអគារមូលដ្ឋានដែលមានជាន់ច្រើន និងខ្ពស់ជាងគេ (multi-story base building) នឹងជាចំណុចភ្ជាប់រួមរបស់អគារទាំងអស់ និងធ្វើជាអគារដែលផ្តល់ចំណតរថយន្តក្រោមដីទៀតផង។



ផ្នែកខាងក្នុងភាគច្រើន នឹងត្រូវបានប្រគល់ឱ្យបរិវេណការិយាល័យ វាក៏នឹងមានកន្លែងស្នាក់នៅ, កន្លែងលក់រាយ (retail spaces), ភោជនីយដ្ឋាន និងកន្លែងសណ្ឋាគារផងដែរ។ វាត្រូវបានគេប៉ាន់ស្មានថា អាចនឹងមានមនុស្សប្រហែលជា បីពាន់នាក់ នឹងមកធ្វើការនៅទីនេះ ដោយមាន ប្រមាណ មួយពាន់នាក់ រំពឹងថានឹងយកវាធ្វើជាកន្លែងស្នាក់នៅរបស់ពួកគេ។


ការអភិវឌ្ឍនេះនឹងមានទីតាំងនៅទីក្រុងខាងក្នុង (inner-city) ដែលពីមុនវាជាទីតាំងការិយាល័យរបស់ធនាគារ Deutsche Bank ហើយត្រូវបានបិទជាសាធារណៈ អស់រយៈពេលជាច្រើនទសវត្សមកហើយ។ ស្ពាន កន្លែងដែលអាចចូលទៅកាន់ដំបូលអគារបាន និងផ្លូវឆ្លងកាត់ នឹងបើកឡើងវិញ សម្រាប់ការធ្វើដំណើរ ចូលទៅកាន់តំបន់នោះ ហើយអគារថ្មីនឹងត្រូវបញ្ចូល ទៅក្នុងអគារប្រវត្តិសាស្ត្រដែលមានស្រាប់ នៅលើទីតាំងផងដែរ។




ខាងក្រុមហ៊ុន UNStudio មាននិយាយថា “ទីតាំងកណ្តាលដែលមានទំហំ 16,000 ម៉ែត្រការ៉េ ត្រូវបានទិញដោយ Groß & ដៃគូក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ ដែលនឹងត្រូវអនុវត្តការអភិវឌ្ឍគំរោង កាលពីឆ្នាំ 2015។ វាស្ថិតនៅចំចំណុចស្នូលរបស់ទីក្រុង ដោយទីតាំងនេះមិនត្រូវបានដំណើរការ បានទាំងស្រុង អស់រយៈពេល 45 ឆ្នាំមកហើយ។ ការអភិវឌ្ឍប៉មទាំងនេះ ឈានដល់កម្ពស់ 228 ម៉ែត្រ នឹងបើកផ្លូវថ្មី ដើម្បីបង្កើតការប្រើប្រាស់បានច្រើនប្រភេទ ទៅតាមតម្រូវការរបស់អ្នកនៅជុំវិញនេះ។ តំបន់ទីក្រុងខាងក្នុងដ៏រស់រវើក នឹងនាំមកនូវការរួមបញ្ចូលគ្នា នៃការងារ ការរស់នៅ ការសម្រាកលំហែ និងការកម្សាន្តដ៏សំបូរបែប។”

យើងមិនទាន់ដឹងច្បាស់ទេថា តើពេលណា Four Frankfurt នឹងចាប់ផ្តើមសាងសង់ ទោះបីជា UNStudio រំពឹងថាវានឹងបញ្ចប់នៅឆ្នាំ 2023 ក៏ដោយ។